ធនាគារកណ្តាលអំពាវនាវឱ្យប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយនៅពិធីប្រារព្ធខួបលើកទី៣៦

ធនាគារ​​​ជាតិ​​​នៃ​​​កម្ពុជា​​​បាន​​​ប្រារព្ធ​​​ខួប​លើក​​​​​​ទី​​​៣៦នៃ​​​ការ​​​ដាក់​​​ឲ្យ​​​ចរាចរ​​​រូបិយ​ប័ណ្ណ​​​ជាតិ​​​ឡើង​​​វិញ​​​កាលពី​​​ម្សិលមិញ ដោយ​​​ប្រើ​​​ប្រាស់​​​វេទិកា​​​នេះ​​​ដើម្បី​​​បន្ត​​​អំពាវ​​​នាវ​​​ឲ្យ​​​លើក​​​កម្ពស់​​​​​​ការ​​​ប្រើ​​​ប្រាស់​​​ប្រាក់​​​រៀល​​​នៅ​​​ក្នុង​​​សេដ្ឋកិច្ច​​​ដែល​​​ប្រើ​​​ប្រាស់​​​ប្រាក់​​​ដុល្លារ​​​ដ៏​​​ច្រើន​េនះ​​​។

ថ្លែង​​​នៅក្រៅ​​​​ពិធី​​​នៅ​​​មជ្ឈមណ្ឌល​​​សហ​​​ប្រតិបត្តិការ​​​កម្ពុជា​​​-ជប៉ុន​​​ លោក​​​ស្រី ជា ​​​សិរី ​​​អគ្គនាយក​​​ធនាគារ​​​ជាតិ​​​នៃ​​​កម្ពុជា​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ធនាគារ​​​កំពុង​​​ជំរុញ​​​ឲ្យ​​​វិស័យ​​​ឯកជន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​លើក​​​កម្ពស់​​​ប្រាក់​​​រៀល​​​ក្នុ​​​ងស្រុក​​​​។

លោកស្រី ជា សិរី បានថ្លែង​​​ថា “ប្រាក់​​​រៀល​​​​​​ពេញ​​​និយម​​​ក្នុង​​​តំបន់​​​ជន​​​បទ​​​ ប៉ុន្តែ ប្រាក់​​​ដុល្លារ​​​ពេញ​​​និយម​​​ក្នុង​​​តំបន់​​​ក្រុង​​​ជាង​​​ ពីព្រោះ​​​ប្រជា​​​ពល​​​​​​រដ្ឋ​​​ស៊ាំ​​​នឹង​​​ការ​​​ប្រើ​​​ប្រាស់​ប្រាក់​​​ដុល្លារ​​​។ ​​​នេះ​​​ជា​​​មូល​​​ហេតុ​​​ដែលយើង​​​ចង់​​​ជំរុញ​​​ឲ្យ​​​ប្រើ​​​​​​​​​ប្រាស់​​​ប្រាក់​​​រៀល​​​ឲ្យ​​​បាន​​​កាន់​​​តែ​​​ច្រើន​​​”។

ធនាគារ​​​កណ្តាល​​​កំពុង​​​រៀប​​​ចំ​​​បង្កើត​​​ប្រព័ន្ធ​ មួយ​​​នៅ​​​ឆ្នាំ​​​នេះ​​​ដែល​​​នឹង​​​សម្រប​​​សម្រួល​​​​​​ដល់​​​ការ​​​ផ្ទេរ​​​ប្រាក់​​​ ពី​​​គណនី​​​មួយ​​​ទៅ​​​គណនី​​​មួយ​​​ ព្រម​​​ទាំង​​​ធនាគារ​​​ផ្សេង​​​ៗ​​​ដោយ​​​ប្រើ​​​ប្រាស់​​​តែ​​​ប្រាក់​​​រៀល​​ប៉ុណ្ណោះ​​​។ ធនាគារ​​​និង​​​​​​គ្រឹះ​​​ស្ថាន​​​ហិរញ្ញវត្ថុ​​​ដទៃ​​​ទៀត​​​នឹង​​​តម្រូវ​​​ឲ្យ​​​ចូល​​​រួម​​​ជាមួយ​​​ប្រព័ន្ធ​​​នេះ​​​នៅ​​​ដើម​​​ឆ្នាំ​​​២០១៧​​​។

លោក​​​ស្រី​​​ នាវ​​​ ចន្ថាណា ទេសាភិបាល​​​រង​​​ធនាគារ​​​ជាតិ​​​នៃ​​​កម្ពុជា​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​ចូល​​​រួម​​​ប្រហែល​​​៣០០នាក់​​​នៅ​​​ក្នុង​​​ពិធី​​​នេះ​​​ថា ប្រាក់​​​រៀល​​​ត្រូវ​​​បាន​​​ដាក់​​​ឲ្យ​​​ចរាចរ​​​ឡើង​​​វិញ​​​កាល​​​ពី​​​ថ្ងៃ​​​​​​ទី​​​២០ ខែ​​​មីនា ឆ្នាំ​​​១៩៨០​​​បន្ទាប់ ​​​ពី​​អ​វត្តមាន​​​ធនាគារ​​​កណ្តាល​​​រយៈ​​​​​​ពេល​​​៤​​​ឆ្នាំ​​​ហើយ​​​​​​គ្រប់​ទម្រង់​​​រូប​​​ិយ​ប័ណ្ណ​​​ទាំង​​​អស់​​​ស្ថិត​​​ក្រោម​​​​រប​​​ប​​​ខ្មែរ​​​ក្រហម​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ប្រាក់​​​ដុល្លារ​​​អាមេរិក​​​គឺជា​​​រូបិយប័ណ្ណ​​​ពេញ​​​និយម​​​ជាង​​​នៅប្រទេស​​​កម្ពុជា​​​ចាប់​​​តាំង​​​ពី​​​ដើម​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៩០​​​នៅ​​​ពេល​​​អាជ្ញាធរ​​​បណ្តោះ​​​អាសន្ន​​​អង្គការ​​​សហប្រជាជាតិ​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​ចាក់​​​បញ្ចូល​ទឹក​​​ប្រាក់​​​ប្រហែល​​​២ពាន់​​​លាន​​​ដុល្លារ​​​ទៅ​​​​ក្នុង​​​សេដ្ឋកិច្ច​​​របស់​​​ប្រទេស​​​នេះ។

លោក​​​ស្រី ចន្ថាណា បាន​​​ពន្យល់​​​ថា ការ​​​ប្រើ​​​ប្រាស់​​​រូប​​​ិយប័ណ្ណ​​​ជាតិ​​​ឲ្យ​​​​​​កាន់​​​តែ​​​ទូលំ​​​ទូលាយ នឹង​​​ផ្តល់​​​លទ្ធភាពកាន់តែ​ខ្លាំង​ក្លា​​​​ដល់​​​ធនាគារ​​​កណ្តាល​​​ក្នុងការ​ប្រើ​​​ប្រាស់​​​រូបិយវត្ថុ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​សេដ្ឋកិច្ច​​​មាន​​​លំនឹង​​​។

លោក សុខ ពិសិដ្ឋ​​​ ប្រធាន​​​សមាគម​​​សហ​​​គ្រិន​​​វ័យ​​​ក្មេង​​​បាន​​​​​​មាន​ប្រសាសន៍​​​ថា សមា​​​ជិក​​​​ប្រហែល​​​១០ក្នុងចំណោម​​​​​​​សមាជិក​​​​​​ជាង​​​១០០របស់​សមាគមបាន​​​បើក​​​ប្រាក់​​​ខែ​​​ជា​​​ប្រាក់​​​រៀល​​​ ហើយដាក់​​​​​​តម្លៃ​​​ទំនិញ​​​ និង​​​សេវាកម្ម​​​​​​ របស់ខ្លួន​ជា​​​​​​​ប្រាក់​​​រៀល​​ និង​ប្រាក់​ដុល្លារ។

លោក​​​ សុខ ពិសិដ្ឋ បាន​​​ថ្លែង​​​ថា “យើង​​​ចង់​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​របស់​​​យើង​​​យល់​​​អំពី​​​តម្លៃ​​​នៃ​​​រូបិយប័ណ្ណ​​​ក្នុង​​ស្រុក​​​​។

ការ​​​ពិភាក្សា​​​អំពី​​​ការ​​​មិនចាយ​​​ប្រាក់​​​ដុល្លារ​​​ក្នុង​​​ប្រទេស​​​ និង​​​ការ​​​ជំរុញ​​​ឲ្យ​​​មាន​​​ការ​​​ចរាចរ​​​ប្រាក់​​​រៀល​​​ឲ្យ​​​កាន់​​​តែ​​​ទូលំទូលាយ​​​​បាន​​​ចាប់​​​ផ្តើម​​​​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​។

ការ​​​ពិភាក្សា​​​កាន់​​​តែ​​​ខ្លាំង​​​ក្លា​ឡើង​​​នៅ​​​ពេល​​ផ្សារ​​​ភាគ​​​ហ៊ុន​​​ដំបូង​​​ក្នុង​​​ប្រទេស​​​គឺ​​​ផ្សារ​​​មូល​​​បត្រ​​​កម្ពុជា​​​​​​​​​​​​​​​​​​ បានបើក​​​ក្នុង​​​ឆ្នាំ​​​២០១១​​​។ ​​​បើ​​​ទោះ​​​ជា​​​វិនិយោគិន​​​បរទេស​​​បាន​​​បញ្ចុះ​​​បញ្ចូល​​​ឲ្យ​​​ផ្សារ​​​ភាគ​​​ហ៊ុន​​​ប្រើ​ប្រាស់​​​ប្រាក់​​​ដុល្លារ​​​​​​ក៏​​​ដោយ​​​ ក៏​​​ទីបំផុត​ គណៈកម្មការ​​​មូល​​​បត្រ​​​កម្ពុជា​​​បាន​​​សម្រេច​​​ប្រើ​​​ប្រាស់​​​ប្រាក់​​​រៀល​​​ដែរ​​​។

បើ​​​ទោះ​ជា​​​ការ​​​វិវឌ្ឍ​​​យឺតយ៉ាវ​​​ក៏​​​ដោយ​​​ ក៏​​​រដ្ឋាភិបាល​​​បាន​​​អនុវត្ត​​​វិធានការ​​​មួយ​​​ចំនួនក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំថ្មី​​​ៗ​​​នេះ​​​ដើម្បី​​​ើ​​​លើក​​​ទឹក​​​ចិត្ត​​​ដល់​​​ការ​​​ប្រើ​​​ប្រាស់​​​ប្រាក់​​​រៀល ដូច​​​ជា​​​ការ​​​បង្កើត​​​លក្ខខណ្ឌ​​​ទុន​​​បម្រុង​​​​​​សម្រាប់​​​​​​បញ្ញើ​​​​​ជា​​​ប្រាក់​ដុល្លារ​​​ (១២ភាគរយ ​​​ធៀប​​​​​នឹង​​​៨​​​ភាគ​​​រយសម្រាប់​​​បញ្ញើ​​​ជា​ប្រាក់​​​រៀល)​​​ និង​​​​ការ​​​ប្រើ​​​ប្រាស់​ប្រាក់​​​​​​រៀល​​​សម្រាប់​​​ប្រតិបត្តិការ​​​ទាំង​​​អស់​​​របស់​​​រដ្ឋាភិបាល ព្រម​ទាំង​​​ពន្ធ និង​​​ការ​​​បង់​​​ថ្លៃ​​​ទឹក​​​ភ្លើង៕សារុន

The post ធនាគារកណ្តាលអំពាវនាវឱ្យប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយនៅពិធីប្រារព្ធខួបលើកទី៣៦ appeared first on ខេមបូឌា ដេលី.