ប្រេសិត​សិទ្ធិមនុស្សនឹង​មក​​ទស្សនកិច្ច​បន្ទាប់ពី​មាន​ការរិះគន់ពី​ “បដិវត្តន៍ពណ៌”

ប្រេសិត​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​នឹង​​​មក​​​ដល់​​​នៅថ្ងៃ​​​នេះ​​​សម្រាប់​​​បេសកកម្ម​​​ស្វែង​​​រក​​​ការ​​​ពិត​​​លើក​​​ទី​​​២​​​របស់​​​លោក​​​ស្រី​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​រិះ​​​គន់​​​យ៉ាង​​​​​​ខ្លាំង​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​ទៅ​​​លើ​​​រដ្ឋាភិបាល​​​ជុំ​​​វិញ​​​ការ​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​​​​​ដែលរង​ការ​រិះគន់យ៉ាងខ្លាំង​ចំពោះ​និស្សិត​​​ផ្នែក​​​វិទ្យាសាស្ត្រ​​​នយោបាយ​​​ម្នាក់​​​ចំពោះ​​​ការ​​​​​​អំពាវ​​​​​​​​​នាវ​​​ឲ្យ​​​​​​មាន​​​ “បដិវត្តន៍​​​ពណ៌” តាម​​​ទំព័រ​​​ហ្វេសប៊ុក។

គង់ រ៉ាយ៉ា ត្រូវ​​​បាន​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​ពី​​​បទ​​​ញុះញង់​​​ឲ្យ​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ចំពោះ​​​ការ​​​បង្ហោះ​​​សារ​​​តាម​​​ហ្វេស​​​​​​​​​ប៊ុក​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ដោយ​​សួរ​​​ថា តើ​​​មាន​​​នរណា​​​ម្នាក់​​​ “ហ៊ាន​​​ធ្វើ​​​បដិវត្តន៍​​​ពណ៌​​​ជាមួយ​​​ខ្ញុំ​​​ទេ?”។ ​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​បាន​​​ផ្តន្ទា​ទោស​​​និស្សិត​​​រូប​​​នេះ​​​ដាក់​​​ពន្ធនាគារ​​​១ឆ្នាំ​​​កន្លះ នៅ​​​ក្នុង​​​ចំណាត់​​​ការ​​​មួយ​​​ដែល​​​អង្គ​ការ​​​សិទ្ធិ​​​មនុស្ស​​​រិះគន់​​​ថា ជា​​​ការ​​​ប៉ុនប៉ង​​​រារាំង​​​ការ​​​រិះ​​​គន់​​​តាម​​​ប្រព័ន្ធ​​​អីុនធឺណិត​​ចំពោះ​​​​រដ្ឋាភិបាល​​​ក្នុង​​​ដំណើរ​​​ ឆ្ពោះ​​​ទៅ​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​-សង្កាត់ ​​​និង​​​​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​។

នៅក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ការិយាល័យ​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហប្រជាជាតិ​​​បាន​​​លើក​​​ឡើង​​​ថា គង់​​​ រ៉ាយ៉ា ​​​ត្រូវ​​​បាន​​​កាត់ឲ្យជាប់​​​ទោស​​​មិន​​​ត្រឹម​​​ត្រូវ​​​ចំពោះ​​​​​​ការ​​​សម្តែង​​​​មតិ​​​។

លោក រ៉ូឡង់​​​ មេលឡាន​ (Laurent Meillan) តំណាង​​​ស្តីទី​​​ប្រចាំ​​​តំបន់​​​របស់​​​ការិយា​ល័យ​​​នេះ​​​​​​ត្រូវ​​​បាន​​​ដក​​​ស្រង់​​​សម្តី​​​ដែល​​​និយាយ​​​ថា ​​​”សេរីភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ​​​គឺ​​​ជា​​​សិទ្ធិ​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​គ្រប់រូប​ ហើយ​​​វា​​​ជា​​​លក្ខណៈ​សំខាន់​​​នៃ​​​លទ្ធិ​ប្រជា​ធិប​តេយ្យ​​​ពិត​​​ប្រាកដ​​​។ ​​​ចំពោះជន​ណាដែល​​​ប្រឈម​​​ការ​​​ចោទ​​​ប្រកាន់​​​​​​ ពី​​​បទ​​​ព្រហ្មទណ្ឌ​​​ទាក់​​​ទិន​​​​​​ការ​​​ប្រើ​​​ប្រាស់​​​សិទ្ធិ​​​នេះ​​​ជា​​​ពិសេស​​​ក្នុង​​​អ្វី​​​ដែល​​​ជា​​ការ​បញ្ចេញ​មតិ​បុគ្គល​​​គឺ​​​ជា​​​ការ​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ច្បាស់​​​ក្រឡែត​​​ពី​​​ការ​​​កាត់​​​បន្ថយ​​បរិយាកាស​ប្រជា​​​ធិបតេយ្យ​​​នៅ ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​មាន​​​​​​ច្បាប់​​​ជាតិ និង​​​អន្តរ​ជាតិ​​​ដែល​​​ការ​​​ពារ​​​សិទ្ធិ​​​សេរីភាព​​​ក្នុង​​​ការ​​​បញ្ចេញ​​​មតិ​​​។ សិទ្ធិ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ចែង​​​នៅ​​​ក្នុង​​​រដ្ឋ​​​ធម្មនុញ្ញ​​​នៃ​​​ប្រទេស​​​កម្ពុជា​​​ ហើយ​​​គួរ​ត្រូវ​​​បាន​​​លើក​​​កម្ពស់​​​ និង​​​គោរព​​​ដោយ​​​មន្ត្រី​​​អនុវត្ត​​​ច្បាប់​​​ និង​​​ស្ថាប័ន​​​តុលាការ​​​ដូច​​​គ្នា​​​”។

លោក ជិន ម៉ាលីន អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​យុត្តិធម៌​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​រឿង​​​ក្តី​​​របស់​​​ គង់ រ៉ាយ៉ា ឬ​​​ពន្យល់​​​ពី​​​មូល​​​ហេតុ​​​ដែល​​​អំពាវ​​​នាវ​​​ឲ្យ​​​ធ្វើ​​​ “បដិវត្តន៍​​​ពណ៌​​​” ជា​​​ធម្មតា​​​​​​ដោយ​​​យោង​​​​​​ទៅលើ​​​ការ​​​ផ្លាស់​​​ប្តូរ​​​របប​​​តាម​​​រយៈ​​​ការ​​​តវ៉ា​​​របស់​​​មហា​​​ជន​​​ទ្រង់​​​ទ្រាយ​​​ធំ​ គឺ​​​ស្មើ​​​នឹង​​ការ​​​​ញុះញង់​​​ឲ្យ​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ជា​​​ទូទៅ ​​​សេរីភាពនៃ​​​ការ​​​បញ្ចេញ​​​មតិ​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​ត្រូវ​​​បាន​​​​​​ការ​​​ពារ​​​។ ប៉ុន្តែ គួរ​​​តែ​​​មាន​​​ការ​​​កំណត់​​​ថា ​​​អ្នក​​​មិន​​​អាច​​​សម្តែង​​​​មតិ​​​ដែល​​​ហួស​​​ពី​​​ច្បាប់​​​ឡើយ”។​ គង់ រ៉ាយ៉ា បាន​​​និយាយ​​​ថា ខ្លួនមាន​​​គម្រោង​​​ប្តឹង​​​ទាស់​​​សាល​​​ក្រម​​​នេះ​​​។

ការរិះ​​​គន់​​​រឿង​​​ក្តី នេះ​​​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ធ្វើ​​​ឡើង​​​មួយ​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​បន្ទាប់​​​ពីលោក​​​ស្រី រ៉ូណា ​​​ ស្មីត (Rhona Smith) ប្រេសិត​​​សិទ្ធិ​​​ មនុស្ស​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​ បាន​​​ប្រកាស​​​ពី​​​បេសកកម្ម​​​ស្វែង​​​រក​​​ការ​​​ពិត​​​លើក​​​ ទី​​​២​​​របស់​​​លោក​​​ស្រី​​​​​​មក​​​កាន់​​​ប្រទេស ​​​កម្ពុជា​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​ដែល​​​បាន​​​ចេញ​​​កាល​​​ពីថ្ងៃ​​​ព្រហស្បតិ៍​​​ មាន​​​ខ្លឹមសារ​​​ថា លោក​​​ស្រី ​​​ស្មីត នឹង​​​ប្រើ​​​ប្រាស់​​​ដំណើរ​​​ទស្សនកិច្ច​​​ ​​​ដែល​​​គ្រោង​​​បញ្ចប់​​​នៅ​​​ថ្ងៃ​​​ទី​​​៣១​​​​​​ ផ្តោត​​​ទៅ​​​លើ​​​សិទ្ធិ​​​ស្ត្រី និង​​​សិទ្ធិ​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​។

វា​​​នឹង​​​ជា​​​បេសកកម្ម​​​លើក​​​ទី​​​២​​​របស់​​​សាស្ត្រាចារ្យ​​​​​​ដែលមាន​​​មូល​​​ដ្ឋាន​​​នៅ​​​ចក្រ​​​ភព​​​អង់​គ្លេស​​​​​​ចាប់​​​តាំង​​​ពី​​​លោកស្រី​​​​កាន់​​​តួនាទី​​​នៅ​​​អង្គការ​​​សហប្រជាជាតិ​​​កាល​​​ពី​​​ខែ​​​មីនា​​​ ឆ្នាំ​​​២០១៥។ ​​​នៅ​​​ពេល​​​បញ្ចប់​​​បេសក​កម្ម​​​លើកទី​១របស់​​​លោក​​​ស្រីកាល​​​ពី​​​ខែ​​​កញ្ញា លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​កសាង​​​ប្រទេស​​​កម្ពុជា​​​ឲ្យក្លាយ​​​ជា​​​ប្រទេស​​​ប្រជា​ធិបតេយ្យ​​​​​​នឹង​ធឹង​មួួយ​ ផ្អែក​​​ទៅលើ​​​ការ​​​បង្កើត​​​ស្ថាប័ន​​​ឯករាជ្យ​​​ ជា​​​ពិសេស​​​ស្ថាប័ន​​​តុលាការ​​​។

តុលាការ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ជាទូទៅថា ស្ថិត​ក្នុង​​​ចំណោម​​​ស្ថាប័ន​​​ពុក​​​រលួយ​​​បំផុត​​​ក្នុង​​​ប្រទេសដោយ​​​សារ​​​ការ​​​កាន់​​​អំណាច​ដ៏យូរ​អង្វែង​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ។

ប្រទេស​​​កម្ពុជា​​​មាន​​​ប្រេសិត​​​សិទ្ធិ​​​មនុស្ស​​​៥​​​រូប​​មកហើយ​​ ដែល​​​ត្រូ​​​វបាន​​​ចាត់​​​តាំង​​​ដោយ​​​​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៣​​​ មក​​​។ ភាគ​​​ច្រើន​​​នៃ​​​ប្រេសិត​​​ទាំង​​​នោះ​​​​​​បាន​​​​​​បាត់​​​បង់​​​គាំទ្រ​​​ចំពោះ​​​រដ្ឋាភិបាល​​​រហូត​ដល់​​​​​​​ការ​​​បញ្ចប់​​​អាណត្តិ​​​របស់​​​ខ្លួន​​​ទេ​​​ដោយ​​​សារ​តែ​​​ការ​​​រិះ​​​គន់​​​កាន់​​​តែ​​​ខ្លាំង​​​ឡើងរបស់​​​ពួកគេ​​​​លើ​​​របប​​​នេះ៕សារុន​​​​​​​

The post ប្រេសិត​សិទ្ធិមនុស្សនឹង​មក​​ទស្សនកិច្ច​បន្ទាប់ពី​មាន​ការរិះគន់ពី​ “បដិវត្តន៍ពណ៌” appeared first on ខេមបូឌា ដេលី.