​លោក កឹម សុខា​ថា ការធ្វើ​កំណែ​ទម្រង់របស់​រដ្ឋាភិបាល​ធ្វើឡើង​សើៗ​

មេដឹកនាំ​បក្សប្រឆាំង បង្ហាញ​សា​រនយោបាយ នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ខ្លួន​ហាក់​មិន​បារម្ភពី​ការបាត់បង់​សំឡេងគាំទ្រតាមរយៈ​នៃ​ការធ្វើកំណែទម្រង់របស់​បក្ស​កាន់​អំណាច​ទេ ដោយ​អះអាង​ថា ការធ្វើ​កំណែទម្រង់​នោះ មាន​រូបភាព​សើៗ មិន​អាច​ឆ្លើយតប​នឹង​តម្រូវការរបស់​ពលរដ្ឋ​បាន​។​

​លោក កឹម សុខា​ថា ការធ្វើ​កំណែ​ទម្រង់របស់​រដ្ឋាភិបាល​ធ្វើឡើង​សើៗ​

លោក​កឹម សុខា​ ក្នុង​ពិធី​ចុះ​ជួប​សកម្មជន នៅ​ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២០​ខែ​មីនា​នេះ​(រូបថតពី​ហ្វេស​ប៊ុក​លោក​ កឹម សុខា)

​ក្នុង​ពិធី​ចុះ​ជួប​សកម្មជន នៅ​ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២០ ​ខែ​មីនា​នេះ ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​លើកឡើង​ថា លោក​ទទួលស្គាល់ថា រដ្ឋាភិបាល មាន​ការ​កែទម្រង់​ច្រើន​។​

​ប៉ុន្តែ​លោក​ថា ការកែទម្រង់​ទាំងនោះ ធ្វើឡើង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ក្នុង​ការបំពេញ​តម្រូវកា​ររបស់​ប្រជាពលរដ្ឋ​ទេ ។​

​លោក​លើកឡើង​ថា​៖ “​យើង​ដឹង​ហើយ​ថា​រហូត​មកដល់​សព្វថ្ងៃ​នេះ​ជា​ពិសេស​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​ក៏​បាន​បង្ហា​ញនូវ​ការកែ​ទម្រ​ង​ខ្លះ​ដែរ​…​ប៉ុន្តែ​ការ​វាយ​តំលៃ​របស់​ខ្ញុំ ខ្ញុំ​គិតថា​ការបង្ហាញ់​គ្រាន់តែ​ជាការ​សើ​សើ​នៅ​ខាងលើ គ្មាន​ប្រព័ន្ធ​ក្នុង​ការកែទម្រង់​ច្បាស់លាស់ ខ្ញុំ​ជឿថា​មិន​អាច​សម្រេច​តាម​គោលបំណង​របស់​ប្រជាពលរដ្ឋ​ឡើយ​”​។​

​កា​រិះគន់របស់​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ បាន​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី បាន​រុះរើ​គណៈរដ្ឋមន្ត្រី​។​

​ការរុះរើ​នោះលោកនាយក​រដ្ឋមន្ត្រី បាន​ផ្លាស់ប្តូរ​តួនាទី​មន្ត្រី​របស់​ខ្លួន​២៤​នាក់ ក្នុង​ក្រសួង​យ៉ាងតិច​ចំនួន​៨ និង​បញ្ចប់​មុខងាររដ្ឋមន្ត្រី​ចាស់ៗ​មួយចំនួនដែល ដូចជា​បញ្ចប់​តួនាទី លោក ហោ ណាំហុង ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស បញ្ចប់​មុខងា​រលោក អ៊ឹម ឈុនលឹម ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម បញ្ចប់​មុខងា​រលោក គាត ឈ​ន់ ជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ។​

​មន្ត្រី​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទី​ស្ត្រី​ការ​គណៈរដ្ឋមន្ត្រី លោក ទិ​ត្យ សុធា បាន​ច្រានចោល​ការរិះគន់របស់​បក្ស​ប្រឆាំង ហើយ​បាន​ការពារ​វិធានការ​របស់​រដ្ឋាភិបាល ដោយ​លោក​អះអាងថា រដ្ឋាភិបាល​បាន​ធ្វើការ​កែទម្រង់​ច្រើន​ដើម្បី​បំពេញ​តម្រូវការ​របស់​រាស្ត្រ​។​

​មន្ត្រី​រដ្ឋាភិបាល​រូបនោះ​បន្ថែមថា ការអភិវឌ្ឍ​ប្រទេស​ទាមទារ​ពេលវេលា​យូរអង្វែង។​​ លោក​ថា ពេល​នេះ​រដ្ឋាភិបាល​បាន​កំពុង​ខិតខំ​ធ្វើ​ការកែទម្រង់​ជា​បន្តបន្ទាប់​។​

​គួ​រំឭកថា មុន​រុះរើ​គណៈរដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈទទួលស្គាល់ថា ការបន្ត​យោគយល់​ដល់​មន្ត្រី​ស្ពឹក​ស្រ​ពន់ លោក​ថា ជា​គ្រោះថ្នាក់​ដល់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់​លោក សម្រាប់​ការបោះឆ្នោត​ខាងមុខ​។​

​យ៉ាងណា​ក៏​ដោយ​មេដឹកនាំ​បក្សប្រឆាំង​អះអាងថា យន្តការ​នៃ​ការធ្វើ​កែទម្រង់​ស្ថាប័នរដ្ឋ របស់​រដ្ឋាភិបាល នាពេល​បច្ចុប្បន្ន​នេះ លោក​ថា ជា​ការជំរុញ​មួយផ្នែកធំ​ពី​បក្ស​ប្រឆាំង ក្នុង​យន្តការ​ប្រកួតប្រជែង​បែប​ប្រជាធិបតេយ្យ។​

ប្រភពៈ VOD