អាមេរិក​ព្រមព្រៀងបើក​មូលដ្ឋាន​ទ័ព​ថ្មីនៅ​ហ្វីលីពីន​ ក្បែរ​​​សមុទ្ទចិន​ខាង​ត្បូង

នៅ​ថ្ងៃអាទិត្យ​នេះ ហ្វីលីពីន​បាន​សម្តែង​ការ​អបអរ​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​បាន​បិទ​បញ្ចប់​កិច្ចព្រមព្រៀង​ថ្មី​មួយ​ទៀត ​ជាមួយ​សហរដ្ឋ​អាមេរិក បង្កើត​​មូលដ្ឋាន​​យោធា​ចំនួន​៥​ នៅ​លើ​​ប្រជុំ​កោះ​ហ្វីលីពីន៊។ នៅ​ក្នុង​ចំណោម​នោះ មាន​មូលដ្ឋាន​ទ័ព​មួយ​ស្ថិត​នៅ​លើ​កោះ ​ប៉ាឡាវ៉ាន់​ ដែល​​មាន​ទីតាំង​ ​នៅ​ជិត​បង្កើយ​នឹង​ប្រជុំ​កោះ​ ស្ត្រាតលី ជាប់​ជម្លោះ​ជាមួយ​ចិន ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង។

អាមេរិក​ព្រមព្រៀងបើក​មូលដ្ឋាន​ទ័ព​ថ្មីនៅ​ហ្វីលីពីន​ ក្បែរ​​​សមុទ្ទចិន​ខាង​ត្បូង

នាវា​ចម្បាំង​អាមេរិក​ USS Curtis Wilbuនៅ​សមុទ្ទ​ហ្វីលីពីន មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​ជាប់​ជម្លោះ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង

មូលដ្ឋាន​ទ័ព​ចំនួន​៥ នឹង​ទទួល​ស្វាគមន៍​កង​កម្លាំង​សម្ព័ន្ធមិត្ត​ហ្វីលីពីន-អាមេរិក​ ដ៏​ខ្លាំងក្លា​ដើម្បីធានា​គ្រប់គ្រង​សន្តិសុខ​និង​ការពារជាតិ​ឱ្យ​គ្នា​ទៅ​វិញ​ទៅមក។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ប្រកាស​ដោយ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ហ្វីលីពីន។ ហើយ​កិច្ចព្រមព្រៀង​បើក​ផ្លូវ​ឱ្យយោធា​អាមេរិក​ប្រើ​មូលដ្ឋាន​កងទ័ព​ហ្វីលីពីន​នេះ គឺ​ចំណែក​មួយ​ដែល​មាន​ចែង​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា​​រវាង​ប្រទេស​ទាំង​ពីរ ដែល​បាន​ចូល​ជា​ធរមាន​រួច​ទៅ​ហើយ តាំង​ពី​ដើម​ខែ​មករា ២០១៦។

នៅ​ក្នុង​ចំណោម​មូលដ្ឋាន​យោធា​ទាំង​៥ ដែល​ទាហាន​អាមេរិក​អាច​ប្រើប្រាស់​បាន​តាម​ត្រូវ មួយ​ស្ថិត​នៅ​លើ​កោះ ប៉ាឡាវ៉ាន ភាគ​ខាង​លិច​ ដែល​នៅប្រឈម​ចំ​ពី​មុខ​សមុទ្ទ​ចិន​ខាង​ត្បូង​​តែ​ម្តង។ ចំណែក​មូលដ្ឋាន​ទ័ព​មួយ​ទៀត ឈមោះ​ថា បាសា នៅ​ភាគ​ខាង​ជើង​ក្រុង​ម៉ានីល​វិញ ក៏​ស្ថិត​នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​ដែន​ទឹក ដែល​បណ្តា​ប្រទេស​ក្នុង​តំបន់ រាប់​ទាំង​ហ្វីលីពីន មាន​ជម្លោះ​ជាមួយ​ចិន។

វត្តមាន​ទ័ព​អាមេរិក​លើ​ទឹកដី​ហ្វីលីពីន​មិន​មែន​ជា​រឿង​ថ្មី​ថ្មោង​ទេ ! អាមេរិក​ធ្លាប់​​ធ្វើ​អាណានិគមន៍​លើ​ទឹក​ដី​ហ្វីលីពីន តាំង​ពី​ឆ្នាំ​១៨៩៨​ដល់​ឆ្នាំ​១៩៤៦ និង​មាន​បញ្ឈរ​មូលដ្ឋាន​ទ័ព​ដ៏​ធំ​បង្អស់​ជាង​មួយ​ ក្នុង​​​​ចំណោម​មូលដ្ឋានទ័ព​អាមេរិក​ដ៏ធំ​ៗពីរ​នៅ​ក្រៅ​ប្រទេស​ចំនួន​ពីរ ​រហូត​ដល់​ឆ្នាំ​១៩៩២។ ម៉ានីល​និង​វ៉ាស៊ីនតោន ក៏​បាន​ចុះ​សន្ធិសញ្ញា​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ តាំង​ពី​ឆ្នាំ​១៩៥១​មក និង​បាន​ចុះ​កិច្ចព្រមព្រៀង​យោធា​មួយ​ទៀត​នៅ​ឆ្នាំ​១៩៩៨។

ហ្វីលីពីន​ ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍ មាន​ប្រជាជន​សរុប​រស់​នៅ​ប្រមាណ​ជាង​១០០​លាន​នាក់ នៅ​បន្ត​ប្រឈម​មុខ​នឹង​ពួក​ឧទ្ទាម​ព្រៃ​កុម្មុយនិស្ត និងអ៊ីស្លាម រំពឹង​យ៉ាង​ខ្លាំង​លើ​ជំនួយ​យោធា​អាមេរិក ទាំង​ផ្នែក​សម្ភារៈ​និង​ការ​បំពាក់បំប៉ន​កម្លាំង។ ដោយ​ហេតុ​តែ​ភាព​តាន​តឹង​ជាមួយ​ចិន បាន​ជំរុញ​ឱ្យ​ហ្វីពីន​ត្រូវ​ការ​ពឹង​ពំនាក់​អាស្រ័យ​លើ​អាមេរិក​មាន​កាន់​ខ្លាំងឡើង​ថែម​ទៀត នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។​ ចិន​បាន​ទាម​ទារ​គ្រប់​គ្រង​តំបន់​សមុទ្ទ​ចិន​ខាង​ត្បូង​តែ​ម្នាក់​ឯង​ ប៉ុន្តែ​ហ្វីលីពីន និង​បណ្តា​ប្រទេស​ជិត​ខាង​ដូច​ជា​វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និងព្រុយណេ​មិន​ព្រម៕

ប្រភពៈ RFI