ជនភៀសខ្លួន៖​កិច្ច​ព្រមព្រៀង​ចូលជា​ធរមាន ​តែ​ក្រិក​គ្មាន​លទ្ធភាព​អនុវត្ត

កិច្ចព្រមព្រៀង ​ដ៏​ចម្រូងចម្រាស​ស្តីពី​ការ​ចាប់បញ្ជូន​ជនភៀសខ្លួន​ចេញ​ពី​ក្រិក ​ឲ្យ​ត្រឡប់​ទៅ​តួកគី ​ ដែល​សហភាព​អឺរ៉ុប​ និង​តួកគី​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​សុក្រ​ទី​ ១៨ ​មីនា ​ត្រូវ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អាទិត្យ​ទី ​២០​មីនា​នេះ​ហើយ។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ​ នៅ​មាន​បញ្ហា​ជាក់ស្តែង​មួយ​ចំនួន​ ដែល​កំពុង​ចោទ​ឡើង​​ ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ ​ដោយសារ​ក្រិក​នៅ​ពុំទាន់​មាន​លទ្ធភាព​ គ្រប់គ្រាន់​ក្នុង​ការ​ចាត់ចែង​កិច្ច​នេះ ​ភ្លាមៗ​បាន​ទេ។

ជនភៀសខ្លួន៖​កិច្ច​ព្រមព្រៀង​ចូលជា​ធរមាន ​តែ​ក្រិក​គ្មាន​លទ្ធភាព​អនុវត្ត

ជនភៀសខ្លួន ព្យាយាម​ឆ្លងទឹក​ស្ទឹង​នៅ​ក្បែរ​ព្រំដែន​​រវាង​ក្រិក​ និង​ម៉ាសេដ្វាន់ ថ្ងៃទី​១៤​ មីនា ២០១៦

ក្រិក​មាន​តួនាទី​ត្រួត​ពិនិត្យ​ជនភៀសខ្លួន​ ទាំង​អស់ ​ហើយ​សម្រេច​បញ្ជូន​ជន​ភៀសខ្លួន​ទាំង​នោះ ​ ដាក់​កប៉ាល់ ​ឲ្យ​ត្រលប់​ទៅ​តួកគី​វិញ។ ប៉ុន្តែ​ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ ​និង​ចាត់ចែង​កិច្ចការ​នេះ ​ឲ្យ​រហ័ស ​និង​មាន​ប្រសិទ្ធភាព ​ក្រិក​ត្រូវ​ការ​មនុស្ស ​ត្រូវការ​អ្នក​ជំនាញ ​ត្រូវការ​កង​ការពារ។ កង្វះ​ខាត​ទាំង​នេះ​ហើយ​​ ដែល​មិនអាច​ធ្វើ​ឲ្យ​ក្រិក ​អាច​អនុវត្តកិច្ច​ព្រម​ព្រៀង​ផង​ នេះ​បាន​នៅ​ឡើយទេ​ បើ​ទោះបី​ជា​វា​ត្រូវ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​នេះ​ក៏​ដោយ។
បើយោង​តាម​គណកម្មការ​អឺរ៉ុប ​ បាន​ឲ្យ​ដឹង​ថា​ក្រិក​ត្រូវការ​កម្លាំង​ចំនួន​ប្រមាណ​ជា​ ៤០០០​នាក់ ​ដើម្បី​ធ្វើ​កិច្ចការ​នេះ។ ក្នុងនោះ​១០០០​នាក់​ ជា​កង​សន្តិសុខ​ការពារ ​និង​ទាហាន ​និង​នគរបាល​ក្រិក​រួម​ជា​មួយ​នគរបាល​អឺរ៉ុប​ចំនួន​១៥០០​នាក់។ ក្នុង​ប្រតិបត្តិការ​នេះ ​សហភាព​អឺរ៉ុប​នឹង​ផ្តល់​កញ្ចប់​ថវិការ​ចំនួន​ ២៨០​លាន​អឺរ៉ូ ​ ដើម្បី​ចាយ​ក្នុង​រយៈ​ពេល​៦ខែ។

លោក​នាយករដ្ឋមន្ត្រី​ក្រិក ​បាន​បញ្ជាក់​ថា ​សមាជិក​សហភាព​អឺរ៉ុប​ផ្សេងទៀត ​ បាន​សន្យា​ថា​នឹង​រក​មនុស្ស​មក​ជួយ​ ចំនួន​២៣០០​នាក់​ ក្នុង​ពេល​បន្ទាន់​ឥឡូវ​នេះ ​ ហើយ​ក្នុង​នោះ​គឺ​គេ​ត្រូវការ​ អ្នក​ជំនាញ​ផ្នែក​ជនភៀសខ្លួន​ចំនួន​៤០០​នាក់​ និង​អ្នក​បកប្រែ​ភាសា​ចំនួន​៤០០​នាក់​ផងដែរ។ ដោយឡែក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​ និង​អាល្លឺម៉ង់ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ប្រទេសគេ​ទាំង​ពីរ​ត្រៀម​កម្លាំង​នគរបាល ​ព្រមទាំង​អ្នក​ជំនាញ​ផ្នែក​ជនភៀសខ្លួន ​ សរុប​ទាំងអស់​ ចំនួន​៦០០​នាក់ ​ដើម្បី​ទៅ​ជួយ​ក្រិក។

យ៉ាង​ណាមិញ ​បើយោង​តាម​ប្រសាសន៍​លោក​ស្រី​អង់ហ្គេឡា មែគែល ​កិច្ច​ព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អាទិត្យ​នេះ​មែន ​ តែ​ការ​បញ្ជូន​ជនភៀសខ្លួន​ឲ្យ​ត្រលប់​ទៅ​តួកគី​គឺ​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​ ទី​៤​មេសា ​ឯនោះ​ទេ។ នាវា​ចំនួន​៨​របស់ ​ក្រុម​ល្បាត​ព្រំដែន​សហភាព​អឺរ៉ុប​ ត្រូវ​បាន​ត្រៀម​រួចហើយ​ ដើម្បី​ដឹក​ជន​ភៀសខ្លួន​ត្រឡប់​ទៅ​តួកគី។

ទោះ​បីយ៉ាងណា ​ស្ថានភាព​ជាក់​ស្តែង​នៅ​ក្រិក​គឺ​នៅ​តែ​មាន​ភាព​ស្រពិចស្រពិល។ ក្រុម​អ្នក​ស្ម័គ្រចិត្ត​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ក៏​ដូច​ជា​មន្ត្រីក្រិក ​នៅ​តែ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ជាក់លាក់ ​ស្តីពី​ដំណើរការ​អនុវត្ត​កិច្ច​ព្រមព្រៀង ​ថា​ត្រូវ​ចាត់ចែង​យ៉ាង​ណា​នោះទេ។ ទន្ទឹម​គ្នា​នេះ​ ជន​ភៀសខ្លួន​នៅ​តែ​បន្ត​មក​ទាំង​ទូកៗ ​ ឥត​ដាច់។ បន្ថែម​ពី​នេះ​ អ្នក​រាយការណ៍​ព័ត៌មាន​បារាំង ​មិន​បាន​សង្កេត​ឃើញ​ថា ​ខាង​តួកគី​បាន​បញ្ជូន​កម្លាំង​មក​ល្បាត​នៅ​តាម​មាត់​សមុទ្រ​ ដើម្បី​ទប់ស្កាត់​ទូក​ជនភៀសខ្លួន ​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រិក​ទេ។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ​ទទួល​បន្ទុក​ជនភៀសខ្លួន ​បាន​ថ្លែង​ថា ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​ ត្រូវតែ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​និង​ប្រុង​ប្រយ័ត្ន។ ជន​ភៀសខ្លួន ​ត្រូវតែ​ទទួល​បាន​ការពារ ​ មិនមែន​ត្រូវ​គេ​ដឹក​យក​ទៅ​ទម្លាក់​ចោល ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ បាន​តាម​ចិត្តទេ។ ដោយឡែក ​នៅថ្ងៃ​អាទិត្យ​នេះ​ដែរ ​ មាន​បាតុកម្ម​នៅ​តាម​ទីក្រុង​ជាច្រើន​នៅ​អឺរ៉ុប​ ដែល​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​នេះ ​ព្រោះ​ពួក​គេ​ចាត់​ទុក​ថា ​ជា​ការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ទទួល​បាន​ការ​គាំព៌ា ​របស់​ជន​ភៀសខ្លួន៕

ប្រភពៈ RFI