អង្គការ​ក្រៅ​រដ្ឋាភិបាល​ព្រួយ​បារម្ភ​អំពី​ការ​បាត់​ខ្លួន​អ្នក​កាសែត​នៅ​ចិន

ក្រោយ​ពី​សំណុំ​រឿង​បាត់​ខ្លួន​បណ្ណាគារិក​ហុងកុង​៥​នាក់​​យ៉ាង​ចម្លែក​ រួច​លេច​ខ្លួន​​ត្រលប់​មក​វិញ​នៅ​​បីបួន​ខែ​បន្ទាប់​មក រឿង​ចម្លែក​មួយ​ទៀត​បាន​និង​កំពុង​កើត​ឡើង​នៅ​ប៉េកាំង​ម្តង។ អ្នក​កាសែត​ចិន​​ វ័យ​ជាង​៣០​ឆ្នាំ ទាក់ទង​មិន​បាន​តាំង​ពីថ្ងៃ​អង្គារ​មក​។ ភរិយា និង​មេធាវី សង្ស័យ​ថា​ជា​ចាប់​ខ្លួន​។ អង្គការ​ការពារ​សិទ្ធិមនុស្ស​ជា​ច្រើន​ទៀត ទម្លាក់​ទំនួល​ខុស​ត្រូវ​ការ​បាត់​ខ្លួន​អ្នក​កាសែត​រូប​នេះ​ទៅ​លើ​អាជ្ញាធរ​ប៉េកាំង ដោយ​ភ្ជាប់​​ហេតុការណ៍​ទៅ​នឹង​សំបុត្រ​ចំហ​មួយ​អំពាវនាវ​ឱ្យប្រធានាធិបតី​ចិន​ ស៊ី ជិនពីង លា​លែង​ពី​តំណែង។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ព្រួយ​បារម្ភ​អំពី​ការ​បាត់​ខ្លួន​អ្នក​កាសែត​នៅ​ចិនអ្នក​កាសែត​ចិន Jia Jia ដែល​បាត់​ខ្លួន​យ៉ាង​ចម្លែក​តាំង​ពី​ថ្ងៃទី ១៥​មីនា

ជៀជៀ (Jia Jia) ផ្តល់​ដំណឹង​ដល់​ប្រពន្ធ​ជា​លើក​ចុងក្រោយ កាលពី​ថ្ងៃ​អង្គារ​ទី ១៥​មីនា មុន​នឹង​ឡើង​យន្តហោះ​ទៅ​កាន់​ក្រុង​ហុងកុង ដើម្បី​ចូល​រួម​តាមដាន​ព័ត៌មាន​ក្នុង​សិក្ខាសាលា​មួយ​ បើក​ធ្វើ​ចាប់​ពី​​ថ្ងៃព្រហស្បតិ៍ទៅ។ តែ​នៅ​ពេល​ឆ្លង​របាំង​គយ នៅ​ព្រលាន​​ហើយ ស្រាប់​តែ​បាត់​ស្រមោល​ជៀជៀ​ឈឹង​ និង​គ្មាន​ឃើញ​វត្តមាន​សោះ​នៅ​ហុងកុង ! នេះ​បើ​តាម​អង្គការ​Amnesty International។

អ្នក​សម្របសម្រួល​កម្មវិធី​ដើម្បី​អាស៊ី​នៃ​គណៈកម្មាធិការ​ការពារ​អ្នក​កាសែត បាន​សម្តែង​ការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​នៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​​បាន​អំពាវនាវ​ឱ្យ​​អាជ្ញាធរ​​ចេញ​មុខ​ពន្យល់​ពី​មូលហេតុនៃ​ការ​ចាប់​ខ្លួន ប្រសិន​បើ​ជៀជៀ ស្ថិត​ក្រោម​ការ​ឃុំ​ឃាំង​របស់​ប៉ូលិស។ ចំណែក​តំណាង​អង្គការ​Human Rights Watch បាន​ស្រែក​ថា​ ពេល​នេះ ចិន​មិន​មែន​ត្រឹម​តែ​លុប​សារ​រិញគន់​ទេ គឺ​លុប​ដល់​អ្នក​និពន្ធ​ទៀត។
សម្រាប់​ក្រុមអង្គការ​ការពារ​សិទ្ធិមនុស្ស​ ការ​បាត់​ខ្លួន​នេះ​ ទំនង​ជា​មាន​ទាក់ទង​នឹង​លិខិត​ចំហ​មួយ​ ដែល​សរសេរ​ទាមទារ​ឱ្យ​ប្រធានាធិបតី​ចុះ​ចេញ​ពី​តំណែង​។ ចុះ​ហត្ថលេខា​ដោយ​សមាជិក​ពេញ​សិទ្ធិ​របស់​បក្ស​កុម្មុយនិស្ត សំបុត្រ​នោះ​បាន​ចោទ​ប្រកាន់ សមមិត្ត ស៊ី ជីនពីង ថា​បាន​បោះបង់​គោលការណ៍​ដឹកនាំ​សមូហភាព ដោយ​ផ្តុំ​អំណាច​តែ​ក្នុង​ដៃ​ឯង ចង់​​​​ឱ្យ​​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ បម្រើ​បក្ស​ មិន​មែន​បម្រើ​ប្រជាជន។ ប៉ុន្តែ​លិខិត​ចំហ​នេះ​ត្រូវ​បាន​លុប​ចេញ​វិបសៃត៍ Wujia News ​ភ្លាម​មួយ​រំពេញ តាំង​ពី​ដើម​ខែ​ម្ល៉េះ។

ចុះ​តើ​លិខិត​ចំហ​នេះ​មានពាក់ព័ន្ធ​អ្វី​នឹង​អ្នក​កាសែត ជៀជៀ ?! គ្មាន​ទេ ! នេះ​បើ​តាម​មេធាវី ប៉ុន្តែ​បើ​តាមអង្គការ​​Amnesty ចិន  អ្នកកាសែត​យើងទំនង​ជា​បាន​ដឹង​រឿង​រាវ​ខ្លះ​ទាក់ទង​នឹង​សំបុត្រ​នេះ។ ​ជា​ទូទៅ បើ​តាម​ភាសា​កុម្មុយនិស្ត​ អ្នក​កាសែត ឬ​សកម្មជន​​ដែល​​ពាក់ព័ន្ធ អាច​នឹង​ត្រូវ​អញ្ជើញ​ដោយ​ចាប់​បង្ខំ​ឱ្យ​ពិសា​ទឹក​តែ​ជា​មួយ​អាជ្ញាធរ​ ក្រែង​ធ្លោយ​ផ្តល់​ព័ត៌មាន​បាន​ខ្លះៗ។

ជា​អ្នក​កាសែត​វ័យ​ក្មេង មាន​និន្នាការ​ល្បី​ខាង​ចូល​ចិត្ត​ធ្វើ​អត្ថាធិប្បាយ​អំពី​សង្គមនយោបាយ​ ជៀជៀ បាន​ព្រលយ​ប្រាប់​អតីត​មិត្ត​រួមការងារ និង​នាយក​កាសែត Wujia News ស្តីអំពី​ការ​ផ្សព្វផ្សាយ​លិខិត​ចំហ​យ៉ាង​កម្រវាយប្រហារ​​​លើ​អ្នក​កាន់​អំណាច។ មុន​នឹង​បាត់​ខ្លួន Jia Jia ​ បាន​បង្ហើប​ ជា​ឯកជន​ ខ្លាច​មាន​ការ​ចាប់​ខ្លួន​នេះ​ដែរ។ នេះ​បើ​តាម​សំដី​មិត្តភក្តិជៀជៀ៕

ប្រភពៈ RFI