Tim Howard នឹង​ចេញ​ពី Everton ទៅ​លេង​នៅ​ស្រុក​កំណើត​វិញ

Tim Howard អ្នកចាំទី​ចាស់​វស្សា​របស់ Everton នឹងផ្លាស់​​ទៅ​លេង​ឲ្យ​ក្លឹប Colorado Rapids នៅ​លីគ​កំពូល​អាមេរិក ជា​ទឹក​ដី​កំណើត នៅ​រដូវកាល​ក្រោយ។

 

Tim Howard នឹង​ចេញ​ពី Everton ទៅ​លេង​នៅ​ស្រុក​កំណើត​វិញ

 

 

កីឡាករ​វ័យ៣៧​ឆ្នាំ​ បាន​ព្រមព្រៀង​លើ​កុងត្រា​រយៈ​ពេល​៣ឆ្នាំកន្លះ​ជាមួយ​ក្រុម​ដែល​មាន​មូលដ្ឋាន​ក្នុង​ក្របខ័ណ្ឌ Major League Soccer របស់​សហរដ្ឋអាមេរិក ក្រោយ​ចំណាយ​ពេល​រួមរស់​ជាមួយ Everton ចំនួន​១០ រដូវ​កាល។ ប្រធាន​ក្រុមជម្រើសជាតិ​អាមេរិក​និយាយ​ក្រោយ​ពេល​សម្រេច​ចិត្ត​ចេញ​ពី​ទឹកដី Goodison Park ថា៖ “ខ្ញុំ​នឹង​ចងចាំ​អ្នកគាំទ្រ Everton អស់​មួយ​ជីវិត។ Everton នៅ​តែ​ជា​ក្រុម និង​ជា​ក្លឹប​របស់​ខ្ញុំ​ជា​និច្ច”។

 

នៅ​ក្នុង​ឆ្នាំ២០០៣ Howard បាន​លេង​ឲ្យ Manchester United ដោយ​ឈ្នះ FA Cup នៅ​រដូវកាល​ដំបូងរបស់​ខ្លួន​នៅ Old Trafford ប៉ុន្តែបន្ទាប់មក​​រូប​គេ​បាន​បាត់​តំណែង​ដៃ​ទី​មួយ​ដោយសារ អ្នក​ចាំទី Roy Carroll និង Edwin van der Sar។

 

ក្រោយ​ផ្ទេរទៅ​លេង​នៅ Everton ក្នុង​ឆ្នាំ២០០៦ អតីត​អ្នកចាំទី MetroStars អាមេរិក តែង​ជាប់​ជាជម្រើស​ដំបូង​របស់​ក្លឹប​ដោយ​បង្ហាញ​ខ្លួន​សរុប​ទាំងអស់​បាន​ចំនួន ៤១២​ប្រកួត។ ប៉ុន្តែ​ដោយសាររងរបួស​ជង្គង់ ហើយ​ធ្លាក់​ទម្រង់​លេង Howard ត្រូវ​បាត់បង់​តំណែង​ជម្រើស​ដំបូង ​​ទៅ​អ្នកចាំទី សញ្ជាតិ​អេស្ប៉ាញ Joel Robles រហូត​ដល់​បច្ចុប្បន្ន៕

 

ចុច​អាន៖ ក្តៅៗ! Mourinho ​ចុះ​កុងត្រា​​​​ដឹក​នាំ​ក្រុម​ Man Utd ហើយ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC