ប្រាក់ សុវណ្ណារ៉ា ​បក​ស្រាយ​រឿង​លីគ​ឡាវ​ទាប​ជាង​លីគ​កម្ពុជា

លោក ប្រាក់ សុវណ្ណារ៉ា ​បាន​និយាយ​ថា​លីគ​កំពូល​របស់​ប្រទេស​ឡាវ ​មិន​ខ្លាំង​ជាង​លីគ​កំពូល​របស់​កម្ពុជា​នោះ​ទេ ព្រោះ​បើ​តាម​លោក​សង្កេត​មើល​ទម្រង់​លេង និង​ធ្លាប់​ដឹក​នាំ​ក្រុម​ប៉ះ​ម្ចាស់​ជើង​ឯក​លីគ​កំពូល​របស់​ប្រទេស​នេះ​កាល​ពី​ឆ្នាំ​មុន មិន​ខ្លាំង​ជាង​ក្រុម​នៅ​កម្ពុជា​ឡើយ។

 

ប្រាក់ សុវណ្ណារ៉ា ​បក​ស្រាយ​រឿង​លីគ​ឡាវ​ទាប​ជាង​លីគ​កម្ពុជា

 

ប្រាក់ សុវណ្ណារ៉ា ​បាន​និយាយ​តាំង​ពី​មុន​ប៉ះ​ជាមួយ​ក្រុម Lao All Stars ​ថា​ លីគ​ក្នុង​ប្រទេស​មួយ​នេះ មិន​ខ្លាំង​ប៉ុន្មាន​ទេ ពោល​គឺ​លោក​មាន​សង្ឃឹម​ច្រើន​ថា​អាច​ដឹក​នាំ​ក្រុម Cambodia All Stars ​យក​ឈ្នះ​បាន។ ក្រោយ​ពី​ធ្វើ​បាន​សម្រេច​ដូច​អ្វី​ដែល​បាន​និយាយ​រួច​មក គ្រូ​បង្វឹក​ក្លឹប​អាជីព​បឹង​កេត​អង្គរ ​បាន​បកស្រាយ​ថា​៖ “ខ្ញុំ​ហ៊ាន​ថា​គេ​ទាប​ជាង​យើង ដោយសារ​តែ​ខ្ញុំ​មើល​ការ​លេង​របស់​គេ ហើយ​ខ្ញុំ​ធ្លាប់​ដឹក​នាំ​ក្រុម​ប៉ះ​ជាមួយ​ក្រុម​ម្ចាស់​ជើង​ឯក​លីគ​ឡាវ”។

 

ទន្ទឹម​នឹង​នេះ​ដែរ គ្រូ​បង្វឹក​ដែល​ដឹក​នាំ​ក្រុម​បឹង​កេត​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​អន្តរជាតិ​ Toyota Mekong Cup 2015 ​ខាង​លើ ​បាន​បញ្ជាក់​ដែរ​ថា​នេះ​គ្រាន់​តែ​ជា​ការ​គិត​របស់​លោក​ប៉ុណ្ណោះ មិន​អាច​វិនិច្ឆ័យ​ជា​ផ្លូវការ​បាន​នោះ​ទេ ព្រោះ​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ប្រទេស​នីមួយ​ៗ​មាន​ការ​ប្រែប្រួល​រហូត។

 

ប្រាក់ សុវណ្ណារ៉ា ​បក​ស្រាយ​រឿង​លីគ​ឡាវ​ទាប​ជាង​លីគ​កម្ពុជា

 

លោក ប្រាក់ សុវណ្ណារ៉ា ​ដឹក​នាំ​ក្រុម Cambodia All Stars ​៣​ប្រកួត​មក​ហើយ ដោយ​ឈ្នះ​ទាំង​៣​ប្រកួត គឺ​ឈ្នះ ​​Muangthong​ United , Buriram United ​និង​ក្រុម Lao All Stars  ហើយ​លោក​បាន​បញ្ជាក់​ទៀត​ថា​ប្រសិន​បើ​មាន​ប្រកួត​ទៀត លោក​នឹង​នៅ​តែ​ព្រម​ដឹកនាំ​ក្រុម​តំណាងឱ្យ​កម្ពុជា​នេះ​ត​ទៅ​ទៀត​៕

 

អត្ថបទ៖ មុន្នី រម្យ