ពាន​ KRE​ បើក​ឆាក​សប្ដាហ៍​ទី១​ ក្រុម​របស់​​ម្ចាស់​ពាន​រក​គ្រាប់​បាន​ច្រើន​ជាង​គេ​

ព្រឹត្តិការណ៍​បាល់ទាត់​ពាន​រង្វាន់​ Khmer Real Estate (KRE) ​​រដូវ​កាល​២០១៦​​បាន​ចាប់​ផ្តើម​​សប្តាហ៍​ទី​១​របស់​ខ្លួន​ហើយ​កាល​ពី​ចុង​សប្តាហ៍​កន្លង​​ទៅ​​ដោយ​​ក្រុម​ម្ចាស់​ពាន​គឺ​ Khmer United រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​រហូត​ដល់​៩​គ្រាប់។

 

ពាន​ KRE​ បើក​ឆាក​សប្ដាហ៍​ទី១​ ក្រុម​របស់​​ម្ចាស់​ពាន​រក​គ្រាប់​បាន​ច្រើន​ជាង​គេ​លោក គីម ហ៊ាង​​ ទាត់​បាល់​បើក​ការ​ប្រកួត

 

សម្រាប់​សប្តាហ៍​ទី​១​ មាន​ការ​ប្រកួត​៦​គូ​​ក្នុង​ពូល​ A​ នៅ​ទី​លាន​មេគង្គ។ ក្នុង​ចំណោម​៦​គូ​នៅ​ពូល​ A ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ក្រុម Khmer United ដែល​ជា​ក្រុម​របស់​ម្ចាស់​បង្កើត​ពាន​​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​គឺ​លត់​ក្រុម​​ Blue Dragon FC ដោយ​លទ្ធផល​ ៩-១។ ទោះ​​ជា​រដូវ​កាល​នេះ​បង្ហាញ​នូវ​ភាព​ខ្លាំង​របស់​ខ្លួន​ ប៉ុន្តែ​​តាម​ប្រវត្តិ​៤​រដូវ​កាល​កន្លង​មក​​ក្រុម​របស់​ម្ចាស់​ពាន​នេះ​មិន​ធ្លាប់​ឆ្លង​​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ឡើយ។

 

ក្នុង​ពិធី​បើក​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ លោក គីម ហ៊ាង​ អគ្គនាយក​ក្រុម​ហ៊ុន​ Khmer Real Estate និង​ជា​ប្រធាន​សមាគម​អ្នក​វាយ​តំលៃ​ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា​ដែល​ជា​​​អ្នក​បង្កើត​ពាន​នេះ​​បាន​លើក​ឡើង​ថា​ ការ​ប្រកួត​ពាន​រង្វាន់​នេះ​កាន់​តែ​ចាស់​ទុំ​ និង​មាន​បទ​ពិសោធន៍​ខ្ពស់​ដែល​​បាន​ធ្វើ​ឲ្យ​​ការ​ប្រកួត​កាន់​តែ​មាន​លក្ខណៈ​ស្តង់ដារ​ និង​ក្លាយ​ជា​ពាន​ពាក់​កណ្តាល​អាជីព​ទៅ​ហើយ។

 ពាន​ KRE​ បើក​ឆាក​សប្ដាហ៍​ទី១​ ក្រុម​របស់​​ម្ចាស់​ពាន​រក​គ្រាប់​បាន​ច្រើន​ជាង​គេ​លោក គីម ហ៊ាង និង​លោក Alexander

 

លោក​ពន្យល់​ថា​ ៖«​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​​និយាយ​បាន​ថា​ វា​បាន​ក្លាយ​ជា​ពាន​ពាក់​កណ្តាល​អាជីព​? ពី​ព្រោះ​លក្ខណ​តែ​មួយ​ក្នុង​ការ​ប្រកួត​ឆ្នាំ​នេះ​គឺ​​ក្រុម​នីមួយ​ៗ​អាច​យក​កីឡាករ​​ពីរ​នាក់​មក​ពី​​ក្លឹប​នានា​ដែល​កំពុង​លេង​នៅ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​​រដូវ​កាល​២០១៦​នេះ​បាន។ ក្រៅ​ពី​នោះ​ ​កីឡាករ​ជម្រើស​ជាតិ​ យុវជន ​កីឡាករ​មក​ពី​ពាន​សម្តេច​​ ឬ​កីឡាករ​ដែល​លេង​លីគ​រដូវ​កាល​មុន​ៗ​អាច​ចូល​លេង​បាន​ទាំង​អស់»។

 

សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​មួយ​ហាក់​មាន​​ភាព​អសកម្ម​ខ្លះ​ៗ​ ហើយ​លោក គីម ហ៊ាន​បាន​សន្យា​ថា នឹង​​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ និង​គ្មាន​បញ្ហា​ទៀត​ឡើយ។ លោក​ថា កន្លង​មក​ក្រុម​ខ្លះ​បាន​ចុះ​ឈ្មោះ​ ហើយ​គណៈ​កម្មការ​ក៏​សម្រេច​ទទួល​យក​ឲ្យ​ចូល​រួម​ប្រកួត​រួច​រាល់​ហើយ។ ប៉ុន្តែ​ជិត​ដល់​ថ្ងៃ​ប្រកួត​មាន​ក្រុម​២​ប្រាប់​ថា​ មិន​បាន​ចូល​រួម​ គណៈកម្មការ​សម្រេច​យក​ក្រុម​ផ្សេង​ពីរ​ទៀត​មក​ជំនួស​ភ្លាម​ដែល​កៀក​ថ្ងៃ​ប្រកួត​ហើយ​ ដូច្នេះ​ហើយ​ទើប​បាន​ជា​បញ្ហា​ខ្លះ​ៗ។ ទោះ​យ៉ាង​ណា​លោក​សន្យា​​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​​សម្រាប់​សប្តាហ៍​បន្តបន្ទាប់។

 

ការ​ប្រកួត​កាន់​តែ​មាន​សភាព​ផុលផុស និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​យុវជន​ដែល​មាន​​ក្រុម​រហូត​ដល់​ជាង​៣០​ក្រុម​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ដើម​ឡើយ​លោក​កំណត់​យក​តែ​២០​ក្រុម​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​មាន​ក្រុម​ច្រើន​លោក​ក៏​សម្រេច​យក​២៤​ក្រុម​​សម្រាប់​រដូវ​កាល​នេះ​ ពី​ព្រោះ​ការ​ប្រកួត​ប្រជែង​កាន់​តែ​ច្រើន គុណភាព​បាល់​ក៏​កាន់​តែ​ល្អ។ ក្នុង​ពិធី​បើក​កាល​ពី​ម្សិល​មិញ ក៏​មាន​ការ​ចូល​រួម​ពី​លោក Alexander ដែល​ជា​ទី​ប្រឹក្សា​របស់​លោក គីម ហ៊ាង ផង​ដែរ៕

ពាន​ KRE​ បើក​ឆាក​សប្ដាហ៍​ទី១​ ក្រុម​របស់​​ម្ចាស់​ពាន​រក​គ្រាប់​បាន​ច្រើន​ជាង​គេ​ក្រុម HAK (លឿង) និង ក្រុម YFC (ក្រហម)

 

លទ្ធផល​ពូល​A ​សប្ដាហ៍​ទី​១
ថ្ងៃ​សៅរ៍​ ទី​១៩​ ខែ​មីនា ឆ្នាំ២០១៦ ១
ក្រុម Poukmak United ១-០​ ក្រុម​ V.Train FC
ក្រុម Media FC ០-១ ក្រុម Good Hill FC
ថ្ងៃ​អាទិត្យ​ ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៦​
ក្រុម YFC ៨​-១​ ក្រុម HAK
ក្រុម​ DN Youth FC ៣-៣ ក្រុម​និស្ស័យ​
ក្រុម RFL FC ៨-១ ក្រុម​ White Bird FC
ក្រុម​ Blue Dragon FC ១-៩ ក្រុម Khmer United​

 

អត្ថបទ៖ ជាន ចាន់រ៉ា