ទីក្រុង Forest City នៅ​ម៉ាឡេស៊ី និង​ក្លាយ​ជា​ មជ្ឈមណ្ឌល​សេដ្ឋកិច្ច​បៃតង ធំ​ដាច់​គេ​នៅ​អាស៊ីអាគ្នេយ៍

ការ​វិនិយោគ​រួម​គ្នា​មួយ​រវាង​ក្រុមហ៊ុន​ អភិវឌ្ឍ​អចលន​ទ្រព្យ​ហុងកុង Country Garden Holdings Co Ltd និង ក្រុមហ៊ុន​ Esplanade Danga 88 SdnBhd បាន​ប្រកាស​នូវ​គម្រោង​ ទីក្រុង​សេដ្ឋកិច្ច​បៃតង Forest City ដែល​ជា​ក្រុង​ខៀវ​ស្រងាត់​ នឹង​ត្រូវ​ធ្វើ​ឡើង​ នៅ​លើ​កោះ​ចំនួន ៤ ក្នុង​តំបន់​ច្រក​សមុទ្រ Iskandar ប្រទេស ម៉ាឡេស៊ី។ Forest City នឹង​ក្លាយ​ជា​ ទីក្រុង​សេដ្ឋកិច្ច​បៃតង​ធំ​ជាង​គេ​បំផុត​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ សាងសង់​លើ​ផ្ទៃ​ដី​ចំនួន ១ ៣៨៦,០៥ ហិតា លើ​កោះ​ចំនួន​បួន ដែល​ចំណាយ​កញ្ចប់​ទឹក​ប្រាក់​អស់ ៥៨,៣ ពាន់​លាន​ដុល្លារ​សិង្ហបុរី ឬ ស្មើ​នឹង ៤២,៨៤ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​គ្រោង​ប្រើ​ពេល​ដល់​ទៅ ២០ ឆ្នាំ​ក្នុង​ការ​អភិវឌ្ឍ​។ Forest City នឹង​ត្រូវ​គេ​រំពឹង​ថា​ នឹង​ក្លាយ​ជា​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​ក្នុង​តំបន់​ច្រក​សមុទ្រ Iskandar រួម​ជា​មួយ​ប្រទេស​ជិត​ខាង​សិង្ហបុរី​ផង ហើយ​ទៅ​ថ្ងៃ​អនាគត​វា​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម​មួយ​ដ៏​សំខាន់​របស់​ពិភពលោក​។

 

លោក Mo Bin នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Country Garden Holdings Co Ltd ថ្លែង​ថា Forest City គឺ​ជា​គម្រោង​អភិវឌ្ឍ​ដ៏​ធំ​បំផុត​នៃ​ក្រុមហ៊ុន​របស់​លោក​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ គឺ​ជា​ទីក្រុង​មិន​គិត​ថ្លៃ​ដឹក​ជញ្ជូន​ធ្វើ​ដំណើរ​របស់​ពល​រដ្ឋ​ក្នុង​តំបន់ ជា​ទីក្រុង​ដែល​ប្រើប្រាស់​ថាមពល​ស្អាត​កកើត​ឡើង​វិញ ការ​រស់​នៅ​ក្នុង​ភាព​ស៊ីវិល័យ​ជា​មួយ​ធម្មជាតិ​បៃ​តង​ បូក​រួម​ទាំង​បច្ចេកវិទ្យា​ឆ្លាត​វៃ​ និង​សេវា​កម្ម​មួយ​ចំនួន​ទៀត។ Forest City អភិវឌ្ឍ​ឡើង​ដោយ​ព័ទ្ធ​ជុំវិញ​នូវ​ និង គ្រប​ដណ្តប់​ដោយ​ធម្មជាតិ​បៃ​តង​ ដែល​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​អប់រំ សេវា​សុខភាព ប្រព័ន្ធ​ដឹកជញ្ជូន មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ និង ជា​កន្លែង​កម្សាន្ត​ធម្មជាតិ​មួយ​ទៀត​ផង​។

 

ដំណាក់​កាល​ដំបូង​នៃ​ការ​អភិវឌ្ឍ​ ទីក្រុង​សេដ្ឋកិច្ច​បៃតង Forest City រួម​មាន​អគារ ខុនដូរ​កម្ពស់​ខ្ពស់​ជាប់​មាត់​សមុទ្រ​សម្រាប់​មនុស្ស​រស់​នៅ ដោយ​បើក​ការ​លក់​ជា​សាកល​ក្នុង​ការ​កំណត់​មួយ​ ដោយ​ផ្តល់​អាទិភាព​ទៅ​លើ​ បី​ប្រទេស​សំខាន់​ គឺ សិង្ហបុរី ចិន និង ម៉ាឡេស៊ី ដែល​ក្នុង​នោះ​មាន​ជា​ស្រេច​នូវ ក្លឹប​ហាត់ប្រាណ អាង​ហែល​ទឹក រួម​ទាំង​សណ្ឋាគារ​លំដាប់​ពិភពលោក​ទៀត​ផង។ ឧស្សាហកម្ម​ចំនួន ៨ ដូចជា ការ​អប់រំ សេវា​សុខភាព និង ទេសចរណ៍​ជា​ដើម​ នឹង​ក្លាយ​ជា​សសរស្ដម្ភ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់ Forest City។ បន្ថែម​ពី​លើ​នេះ​ វា​នឹង​ក្លាយ​ជា​ច្រក​ដឹកជញ្ជូន​តាម​នាវា​ដ៏​សំខាន់​មួយ​រវាង​ ម៉ាឡេស៊ី និង សិង្ហបុរី។

 

ដូច្នេះ​ក្នុង​ពេល ២០ ឆ្នាំ​ខាង​មុខ​ទៀត Forest City នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​នឹង​ទាក់​ទាញ​នូវ​ក្រុមហ៊ុន​វិនិយោគ​មក​ពី​ជុំវិញ​ពិភពលោក​។ ចំណែក​ការ​រស់​នៅ​វិញ​ពល​រដ្ឋ​នឹង​ទទួល​បាន​ការ​រស់​នៅ​បែប​ស៊ីវិល័យ ព្រោះ​មាន​ទៅ​ដោយ​សណ្ឋាគារ​លំដាប់​ពិភពលោក មជ្ឈមណ្ឌល​ផ្សារ​ទំនើប សួន​កម្សាន្ត និង សំណង់​អគារ​ខ្ពស់​ដែល​គ្រប​ដណ្ដប់​ដោយ​ធម្មជាតិ​បៃ​តង ហើយ​វា​នឹង​ក្លាយ​ជា​ច្រក​ដឹក​ជញ្ជូន​មួយ​យ៉ាង​សំខាន់​រវាង​ ម៉ាឡេស៊ី និង សិង្ហបុរី។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: www.forestcitycgpv.com, www.eco-business.com, www.gizmag.com/