សំណុំរឿង​ជម្លោះដីធ្លី ក្រសួងយុត្តិធម៌​តម្រូវ​ឱ្យ​សាលាដំបូង​រាជធានី​-​ខេត្ត​មាន​អ្នកនាំពាក្យ

សំណុំរឿង​ជម្លោះដីធ្លី ក្រសួងយុត្តិធម៌​តម្រូវ​ឱ្យ​សាលាដំបូង​រាជធានី​-​ខេត្ត​មាន​អ្នកនាំពាក្យ



រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សំណុំរឿង​ដីធ្លី​ដែល​ឈាន​ដល់​ការ​ឃុំខ្លួន​តំណាង​ពលរដ្ឋ និង​បាន​ធ្វើ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​លើកគ្នា​មក​តវ៉ា​ដល់​សភា និង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ​បន្តបន្ទាប់​គ្នា​នៅ​រាជធានី​ភ្នំពេញ រហូត​ដល់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​កូនប្រុស​២​នាក់ ជួយ​ធានា​តំណាង​ពលរដ្ឋ​ខេត្តកំពង់ស្ពឺ​ឲ្យ​នៅ​ក្រៅ​ឃុំ ព្រមទាំង​បញ្ជា​ឲ្យ​ក្រសួងយុត្តិធម៌​ពិនិត្យ​លើ​សំណុំរឿង​ឃុំខ្លួន​មនុស្ស ព្រោះតែ​បញ្ហា​ដីធ្លី​នេះ ។ ដោយសារ​ប្រតិកម្ម​នេះ ក្រសួងយុត្តិធម៌​បាន​សម្រេច​ឲ្យ​តុលាការ​រាជធានី​-​ខេត្ត​បង្កើត​អ្នកនាំពាក្យ សម្រាប់​ធ្វើការ​ផ្សាយ​ដល់​សាធារណៈជន ឬ​អ្នក​សារ​ព័​ត៍​មាន រាល់​សំណុំរឿង​ដីធ្លី​មុន​នឹង​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន បន្ទាប់​ពី​មានការ​ប្រជុំ​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​រាជធានី​-​ខេត្ត កាលពី​ថ្ងៃ​ទី​១៨ មីនា ។

លោក ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​លើក​ឡើង​ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ ស្តី​ពី​គោលការណ៍​នៃ​ការ​ឃុំខ្លួន​បណ្តោះអាសន្ន ក្នុង​សំណុំរឿង​ដីធ្លី​ក្រោម​អធិបតីភាព​លោក អង្គ វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៅ​ទី​ស្តី​ក្រសួង​ថា រាល់​សំណុំរឿង​វិវាទ​ដីធ្លី​ដែល​កើតឡើង​សុទ្ធតែ​មាន​សេនា​រី​យ៉ូ​រៀបចំ​នៅ​ពីក្រោយ ។ លោក​ថា  ក្នុង​នោះ​ទាំង​ឈ្នួ​ញ​ក៏​មាន​ប្រយោជន៍​ពី​ដីធ្លី និង​ការ​កេង​ចំណេញ​ខាង​នយោបាយ ។

លោក​បញ្ជាក់​ថា «​រឿង​ដីធ្លី​ជា​រឿង​រសើប ទោះបីជា​ភាគី​ខាង​ណា​ចាញ់​តែងតែមាន​តវ៉ា ជា​ចរិត​នយោបាយ ឲ្យ​សាធារណៈ​ឃើញ​មាន​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម មានកា​ឈឺចាប់ ប៉ះពាល់​ដល់​ប្រជាជន ។ អ​ញ្ជឹ​ង​ទេ កាលណា​មាន​បញ្ហា​កើតឡើង​ហើយ ទោះបីជា​យើង​សម្រេច​រួច​ហើយ​ក្តី បើ​មាន​សេនា​រី​យ៉ូ​នៅ​ពីក្រោយ​នោះ​នឹង​មិន​ចេះ​ចប់​នោះ​ទេ​» ។

លោក​លើក​ឡើង​ថា វិស័យ​ព័ត៌មាន ក៏​មានការ​បំពុល ដោយ​ព័ត៌មាន​ផ្សាយ​ខុស នូវ​នីតិវិធី ដោយ​មិន​យល់​ពី​នីតិវិធី​របស់​តុលាការ​ឬ​យល់​ដែរ​តែ​នៅ​ផ្សាយ ដើម្បី​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ ឬ​ក៏​ផលប្រយោជន៍​នយោបាយ ធ្វើ​ឲ្យ​សាធារណៈជន​ស្អប់​តុលាការ និង​យល់​ខុស​ពី​តុលាការ ។

លោក​បញ្ជាក់​ថា «​ដោយ​យើង​ឃើញ​ពី​បរិបទ​នៃ​ការ​ចែកចាយ​ព័ត៌មាន​ឆាប់រហ័ស​មិន​ត្រឹមត្រូវ​ពី​ការ​សម្រេច​របស់​តុលាការ ទើប​យើង​កោះ​ប្រជុំ​ប្រធាន​តុលាការ ព្រះរាជអាជ្ញា រាជធានី​-​ខេត្ត​ថ្ងៃនេះ ។ យើង​យល់​ឃើញ​ថា ពេល​នេះ​បរិបទ​សង្គម និង​បរិបទ​ផ្លូវច្បាប់​ដើរ​ទទ្ទឹម​គ្នា ដូច្នេះ​តុលាការ​សម្រេច​ផ្អែក​លើ​ផ្លូវច្បាប់​ឃុំខ្លួន​ឬ​ដោះ​លែង ។ ប៉ុន្តែ បើ​យើង​មើល​លើ​យុត្តិធម៌​សង្គម ខុស​គ្នា​នៅ​ពេលធ្វើការ​បណ្តេញចេញ ការ​កាន់កាប់​ដី​ខុសច្បាប់ ពេល​នោះ​មាន​បញ្ហា​កើតឡើង​» ។

លោក ជិន ម៉ា​លី​ន ឲ្យ​ដឹង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​ក្រសួង​បាន​ដាក់​ចេញ នូវ​គោលការណ៍​មួយ​ចំនួន ដូច​ជាៈ

ទី​១-​បង្កើត​ក្រុម​អ្នកឆ្លើយ​តប​របស់​តុលាការ ទៅ​នឹង​ការ​បំពុល​ព័ត៌មាន ទាំង​ព័ត៌មាន​ចរិត​នយោបាយ និង​ព័ត៌មាន​ដែល​មិន​យល់​ពិ​នីតិវិធី​របស់​តុលាការ ។ ក្នុង​ករណី​ពាក់ព័ន្ធ​នឹង​តុលាការ ចៅក្រម​ត្រូវធ្វើ​តាម​រដ្ឋបាល​តុលាការ អ្នកនាំពាក្យ​តុលាការ ដោយ​ការ​ធ្វើការ​បកស្រាយ​ប្រាប់​សាធារណៈជន ។

ទី​២-​ចំពោះ​យុត្តិធម៌​ផ្លូវច្បាប់ និង​យុត្តិធម៌​សង្គម​ត្រូវ​ធ្វើការ​ថ្លឹងថ្លែង​ឲ្យ​ស្មើគ្នា ។ ក្នុង​ករណី​វិវាទ​ដីធ្លី​សមូហភាព តុលាការ​ត្រូវ​ធ្វើការ​ឲ្យ​បាន​ហ្មត់ចត់ ទន់ភ្លន់ មុន​នឹង​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន ។ ផ្ទុយ​ទៅ​វិញ​សម្រាប់​ករណី​វិវាទ​ឯកជន​ត្រូវ​អនុវត្ត​ឲ្យ​ម៉ឺងម៉ាត់​បំផុត ។

ទី​៣-​តុលាការ​ត្រូវ​បញ្ចូល​របាយការណ៍​ទាក់ទិន​នឹង​សំណុំរឿង​ដីធ្លី មុន​នឹង​ធ្វើ​ចំណាត់ការ​ពេល​ក្រោយ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក ជិន ម៉ា​លី​ន ឲ្យ​ដឹង​ទៀត​ថា នៅ​តាម​តុលាការ រាជធានី​-​ខេត្ត នឹង​មាន​អ្នកនាំពាក្យ សម្រាប់​ប្រាប់​ដល់​សាធារណៈជន ។ ក្នុង​នោះ​ពាក់ព័ន្ធ​នឹង​ដំណើ​ការ​សំណុំរឿង​ព្រហ្មទណ្ឌ គឺ​ព្រះរាជអាជ្ញា​ធ្វើ​ជា​អ្នកនាំពាក្យ ឬ​ព្រះរាជអាជ្ញា​រង​ដើម្បី​ធ្វើ​សេចក្តីថ្លែងការណ៍ ជា​សាធារណៈ​ឲ្យ​សាធារណជន​បាន​យល់ ។

ក្នុង​សន្និសីទ​នោះ​ដែរ​លោក​ថា ទោះបីជា​មានការ​ផ្តល់​យោបល់​ពី​ក្រុម​អ្នក​ច្បាប់​យ៉ាងនេះ​ក្តី ប៉ុន្តែ​សេចក្តីសម្រេច​បែប​ណា​នោះ នៅ​តែ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ដែល​កាន់​សំណុំរឿង​ដដែល ។ លោក​បន្ត​ថា ការ​ផ្តល់​យោបល់​នេះ អាច​នាំ​ឲ្យ​ចៅក្រម​សម្រេចចិត្ត​ត្រឹមត្រូវ​ទាំង​យុត្តិធម៌​តាម​ផ្លូវច្បាប់ និង​យុត្តិធម៌​សង្គម​។ លោក​បន្ថែម​ថា «​ក៏​ប៉ុន្តែ​គាត់​អាច​ពិភាក្សា​គ្នា​បាន ពិភាក្សា​យ៉ាងម៉េច​យើង​មាន​យន្តការ​ក្រុម​ដើម្បី​ពិភាក្សា​នេះ គឺ​ពិភាក្សា​តាម (​បណ្ដាញ​ទំនាក់ទំនង​សង្គម​) Telegram ឬ group chat ផ្សេង​ៗ​ទៀត ពេល​គាត់​មាន​បញ្ហា​មួយ យើង​ដាក់​គោលការណ៍​ពិចារណា​គ្នា ឲ្យ​បាន​ច្បាស់លាស់​ក្នុង​ក្រុម​នេះ ។ ក្នុង​ក្រុម​នេះ មាន​អ្នក​ផ្សេង​ទៀត​មានបទពិសោធន៍​រឿង​ហ្នឹង​ដែរ ឬ​ក៏​អ្នកជំនាញ​នៅ​ក្រសួង ប៉ុន្តែ​ការ​សម្រេច គឺ​នៅ​លើ​តុលាការ​ដែល​ជា​អំណាច​ឯករាជ្យ​ដែល​ជា​ឆន្ទានុសិទ្ធិ​» ។

គួរ​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​សុក្រ​នេះ ដែល​មានការ​ចូលរួម​ពី​ប្រធាន​សាលាដំបូង  និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត​ទាំងអស់ ធ្វើ​ឡើង​ក្រោយ​ពី​មានការ​ណែនាំ​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ពេល​ថ្មី​ៗ​នេះ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ដោយ​សម្តែង​ការ​ខកចិត្ត​ចំពោះ​តុលាការខេត្ត​កំពង់ស្ពឺ ដែល​បាន​ឃុំខ្លួន​តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជា​ស្ត្រី​ពីរ​នាក់ ។

សម្តេច​បាន​បញ្ជូន​កូនប្រុស​របស់​លោក​ពីរ​នាក់ គឺ​លោក ហ៊ុន ម៉ា​និ​ត និង​លោក ហ៊ុន ម៉ា​នី ដែល​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​ផង​នោះ ទៅ​ធានា​អ្នក​ទាំង​ពីរ​នោះ ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន និង​បាន​បញ្ជា​ឲ្យ​ក្រសួងយុត្តិធម៌​ត្រួតពិនិត្យ​លើ​ករណី​នេះ ។

ក្រុម​អ្នក​សារ​ព័​ត៍​មានបាន​ស្វាគមន៍ ការ​បង្កើត​ឲ្យ​មាន អ្នកនាំពាក្យ​តាម​តុលាការ​រាជធានី​-​ខេត្ត ចៀសវាង​ការ​ផ្សាយ​មិន​មាន​តុល្យភាព ។ ជា​ការ​ពិត អ្នក​សារ​ព័​ត៍​មាន​តែង​បាន​ព្យាយាម​រក​ការ​បំភ្លឺ​ជា​និច្ច ពី​ក្រុម​មន្ត្រី​តុលាការ តែ​មិន​ដែល​ធ្វើការ​បំភ្លឺ​ម្តងណា​ទេ ៕