អាវុធហត្ថ​ម្នាក់​នឹក​ចង់​រំសាយកំហឹង ដក​កាំភ្លើង​បាញ់​មេឃ​១​គ្រាប់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ដឹង​ថា ជា​មន្ត្រី​អាវុធហត្ថ​ ខណ្ឌមានជ័យម្នាក់ ​ផឹកស៊ី​ស្រវឹង​ដក​ កាំភ្លើង​បាញ់​មេឃ​១​គ្រាប់ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ ហើយ​ត្រូវ​កម្លាំង​អាវុធហត្ថ​ចំនួន​ ២​ខណ្ឌចុះ​ធ្វើការ​ដេញ​តាម​ ស្ទាក់​ឃាត់ខ្លួន​​បាន​ភ្លាមៗ កាលពី​វេលា​ម៉ោង​​១២ និង​២០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២១ មីនា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២០០៤ ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​​ពោធិ៍​សែន​ជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ខាងលើ​ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ ហើយ​មុន​ពេល​ កើតហេតុ បាន​​ជិះ​ម៉ូតូ​ មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ក្រហម ពាក់​​ស្លាក​លេខ​ភ្នំពេញ 1FE-6269 ​​ចេញពី​ហាង​ផឹកស៊ី​មួយ​កន្លែង​នៅ​ តាម​បណ្តោយ​ផ្លូវ​២០០៤ ​រួចធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ខណៈ​​មក​ដល់​មុខ​ហាង​យីហោ «​សែន​រីករាយ​» បុរស​នោះ​មិនដឹង​យ៉ាងម៉េច ក៏​ដក​កាំភ្លើង​ពី​ចង្កេះ​ បាញ់​ឡើង​លើ​១​​គ្រាប់ បង្ក​ឱ្យ​​មាន​ការ​​​ភ្ញាក់​ផ្អើល​​តែ​​ម្តង ។

កម្លាំង​​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​​សែន​​ជ័យ ដែល​យាម​​តាម​ហាង​ នៅ​ផ្លូវ​២០០៤​​ចេញ​ដេញ​តាម និង​រាយការណ៍​តាម​វិទ្យុទាក់ទង​ គ្រប់​គោល​ដៅ​ចេញ​ជួយ​​ស្ទាក់​ដេញចាប់​​បាន ដោយ​បុរស​នោះ​​បាន​ជិះ​ម៉ូតូ​រត់​តាម​ផ្លូវ​ណ​ត​ ប្រ៊ី​ត​មក​ផ្លូវ​វេ​ង​ស្រេង រួច​បត់​មក​រោងចក្រ​អគ្គិសនី​ទួល​ពង្រ ហើយ​ជិះ​បត់​ទៅ​ខាងកើត​ប្រហែលជា​១០០​ម៉ែត្រ​ក្រោយ​បុរី​លឹ​ម ឈាង​ហាក់ ក៏​ត្រូវ​អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់​បាន​តែ​ម្តង ។

ក្រោយ​ពី​ឃាត់ខ្លួន​ភ្លាម ដោយ​មានការ​បញ្ជា​ពី​ថ្នាក់លើ កម្លាំង​អាវុធហត្ថ​ ប្រញាប់ប្រញាល់​បញ្ជូន​ ជន​បាញ់បោះ​នោះ​ទៅ​ទីបញ្ជាការ ដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រហែល​ចង់​គេច​ពី​អ្នក​សារព័ត៌មាន​ហើយ ព្រោះ​ជន​បាញ់បោះ ក៏​ជា​មន្ត្រី​កង​រាជ​ អា​វុ​ហត្ថ​មួយ​រូប​ដែរ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត