រ៉ូ​តា​វី​រូស គឺជា​មូលហេតុ​ដ៏​ចំបង​មួយ នៃ​ជំងឺរាក និង​ក្អួត​ធ្ងន់ធ្ងរ ក្នុងចំណោម កុមារ​ក្មេងៗ​

ភ្នំពេញ:
រ៉ូ​តា​វី​រូស (Rotavirus) គឺជា​មូលហេតុ​ដ៏​ចំបង​មួយ នៃ​ជំងឺរាក និង​ក្អួត​ធ្ងន់ធ្ងរ ក្នុងចំណោម កុមារ​ក្មេងៗ ហើយ ស្ទើរតែ​គ្រប់​ក្មេង នៅលើ​ពិភពលោក បាន​ឆ្លង​មេរោគ​រ៉ូ​តា​វី​រូស​យ៉ាងតិច ១​ដង នៅមុន​អាយុ​៥​ឆ្នាំ​។ នេះ​បើតាម​ការ​ថ្លែង​អោយដឹងពី លោក​វេជ្ជបណ្ឌិត ជឿន ជា ដែលជា​គ្រូពេទ្យ​ព្យាបាល​ជំងឺរាក​នៅក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​សន្និសីទ​ស្តីពី ការបង្ការ​កុំ​ឲ្យ​កើតមាន​ជំងឺរាក កើតឡើង​ដោយសារ​រ៉ូ​តា​វី​រូស នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦ នា​សណ្ឋាគារ​ភ្នំពេញ​។  

​លោក​វេជ្ជបណ្ឌិត បាន​បន្តថា “​រ៉ូ​តា​វី​រូស ត្រូវបាន​ចំលង​តាមរយៈ​ផ្លូវ​លាមក​-​មាត់ តាមរយៈ​ដៃ ដែលមាន​ប្រឡាក់​មេរោគ និង​ឧបករណ៍​ដែលមាន​ប្រឡាក់​មេរោគ ហើយ​វីរុស​ដែល​បង្ក​ឲ្យ​មាន​ជំងឺរាក​នេះ មាន​ការឆ្លង​ខ្លាំងណាស់ ។ ក្នុង​លាមក​អ្នកជំងឺ ១​ក្រាម​អាចមាន​មេរោគ​រហូតដល់​ទៅ​ចំនួន ១​សែន​កោដិ (1trillion)​។ ចំនួន​វីរុស​ដែល​អាច​ចំលង​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​បាន គឺ​ត្រូវការ​ចំនួន​តិចជាង ១០០​ប៉ុណ្ណោះ​”​។​

​លោក​បាន​បញ្ជាក់ថា ពេល​ក្មេងៗ​ឆ្លង​មេរោគ​រ៉ូ​តា​វី​រូស គឺ​វា​មាន​សភាព​ស្រាល​រហូតដល់​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ស្តែងចេញ​ជា​អាការ​ក្អួត ចង្អោ រាក​ទឹកៗ និង​គ្រុនក្តៅ​តិចៗ ហើយ​កុមារ​ចាប់ផ្តើម​ចេញ​រោគសញ្ញា​ក្រោយ​ពេលដែល​មេរោគ​បាន​ចូលក្នុង​ខ្លួន​រយៈពេល​ប្រហែល ២​ថ្ងៃ​។​

​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ដែលជា​គ្រូពេទ្យ​បម្រើ​ការងារ​នៅក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ​ដែរនោះ បាន​លើកឡើងថា វិធី​ការពារ​ជំងឺរាក​មាន​ចំនួន ៦​ចំណុច ទី​១. ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​។ ទី​២. ការប្រើ​ទឹក​មាន​សុវត្ថិភាព​។ ទី​៣. ការ​លាងដៃ​។ ទី​៤. សុវត្ថិភាព​ម្ហូបអាហារ​។ ទី​៥. ការប្រើប្រាស់​បង្គន់​អនាម័យ និង​ការបោះ​ចោល​លាម​កមាន​សុវត្ថិភាព និង​ទី​៦. ការផ្ដល់​ថ្នាំ​បង្ការ​។​

​លោក​បាន​បន្តថា “​វិធី​ការពារ​ជំងឺរាក គឺ​ការចាក់​វាក់​សាំង​ហ្នឹង​សំខាន់​ជាងគេ​, ការ​បំ​បោះ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​សុទ្ធ យ៉ាងតិច​ក៏ ៦​ខែ​ដែរ​, ការ​លាងដៃ​ឲ្យ​បាន​ត្រឹមត្រូវ​ស្អាតបាត​មុន​ធ្វើ​ម្ហូបអាហារ​ឲ្យ​កូន ឬ​ពេល​ចេញពី​បង្គន់​ជាដើម​”​។​

​លោក លន ជី អ្នក​គ្រប់​គ្រប​ទីផ្សារ​របស់​ក្រុមហ៊ុន GSK បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន GSK មាន​ចែកចាយ​នូវ​ផលិតផល​ឱសថ និង​វាក់​សាំង​បង្ការ​មេរោគ​រ៉ូ​តា​វី​រូស​នេះ ហើយ​គោលដៅ​របស់​ក្រុមហ៊ុន នៅ​ឆ្នាំ​២០២០ ធ្វើយ៉ាងណា​ឲ្យ​បាន​ទៅ​ដល់ដៃ​យ៉ាងហោច​ឲ្យ​បាន ៨០​ភាគរយ នៃ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល ដើម្បី​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​យើង​។​

​សូមបញ្ជាក់ថា ជា​រៀងរាល់​ឆ្នាំមាន​ករណី​អ្នកជំងឺ​រាក​មាន​ប្រហែលជា ១.៧​ពាន់​លាន​ករណី ជំងឺរាក​មាន​កើតឡើង​នៅ​ទូទាំង​ពិភពលោក ហើយ​ជំងឺ​នេះ គឺជា​មូលហេតុ​ចំបង់​ទី​២ ដែល​ធ្វើ​ឲ្យ​កុមារ​ក្រោម​អាយុ ៥​ឆ្នាំ​ស្លាប់​នៅ​ទូទាំង​ពិភពលោក ហើយ​វា​ជា​អ្នក​សម្លាប់​កុមារ​ចំនួន ៧៦០.០០០​នាក់​ជា​រៀងរាល់ឆ្នាំ​។ កុមារ​ដែល​ស្លាប់​ដោយសារ​ជំងឺរាក​សរុប​មាន​ចំនួន​ច្រើនជាង​ការស្លាប់​ដោយសារ​ជំងឺអេដស៍ ជំងឺរបេង និង​ជំងឺគ្រុនចាញ់​បូ​កប​ញ្ជូ​ល​គ្នា​៕​