ប្រតិភូ​ខណ្ឌ​ជ្រោយចង្វារ ខណ្ឌឫស្សីកែវ និង​ខណ្ឌដូនពេញ នាំយក​អំណោយ​ជូន​កងទ័ព និង​គ្រួសារ​ទ័ព ឈរជើង​តំបន់​ព្រះវិហារ​

ភ្នំពេញ:
ប្រតិភូ​ខណ្ឌ​ចំនួន ៣ រួមមាន ខណ្ឌ​ជ្រោយចង្វារ ដឹកនាំ​ដោយ លោក ឃ្លាំង ហួត អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​, ខណ្ឌដូនពេញ ដឹកនាំ​ដោយ លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ និង​ខណ្ឌឫស្សីកែវ ដឹកនាំ​ដោយ លោក ជា ពិសី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ រួម​នឹង​សប្បុរសជន​ក្នុង​មូលដ្ឋាន បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​នូវ​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​អំណោយ​របស់​សប្បុរសជន​ក្នុង​មូលដ្ឋាន​ឧបត្ថម្ភ​ដល់​បងប្អូន​កងទ័ព និង​គ្រួសារ​ទ័ព​នៅ​សមរភូមិ​មុខ ចំនួន ១៥២​គ្រួសារ នៃ​វរៈ​សេនា​តូច​៣៩១ ដែលជា​វរៈ​សម្ព័ន្ធមេត្រី​ភាពជា​មួយ​ខណ្ឌ​ទាំង​៣ ស្ថិតនៅ​ភូមិ​សែន​រុងរឿង​៣ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​ការឧបត្ថម្ភ​អំណោយ​នេះ គឺជា​ការលើកទឹកចិត្ត និង​គាំទ្រ​ជានិច្ច​នូវ​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហានរ​បស់បងៗ​កងទ័ព​នៅ​សមរភូមិ​មុខ និង​គ្រួសារ​ទ័ព ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នាពេលខាងមុខ​ផងដែរ និង​ជាពិសេស​ដើម្បី​រួមចំណែក​ក្នុង​ស្មារតី​សេ្ន​ហា​ជាតិ តាម​ពាក្យស្លោក “​ការពារជាតិ ដើម្បី​ទាំងអស់គ្នា ទាំងអស់គ្នា ដើម្បី​ការពារជាតិ​”​។​

​តំណាងឱ្យ​គណៈប្រតិភូ​របស់​ខណ្ឌ​ទាំង​៣ លោក គួច ចំរើន នាឱកាស​នោះ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ពី​ចម្ងាយ ជូន​ចំពោះ​បងប្អូន​កងទ័ព និង​គ្រួសារ ដែល​លោក​តែងតែ​យកចិត្តទុកដាក់​គិតគូ​ដល់​បងប្អូន​ជានិច្ច មិនតែប៉ុណ្ណោះ លោក​តែងតែ​ដាស់តឿន​ដល់​មន្ត្រី​នៅ​សមរភូមិ​ក្រោយ ឱ្យ​ចងសម្ព័ន្ធ​មេត្រីភាព​ជួយឧបត្ថម្ភ​កងទ័ព និង​គ្រួសារ​ទ័ព​ជានិច្ច​។​

​លោក គួច ចំរើន បាន​បន្តថា ចំពោះ​លោក​ផ្ទាល់ និង​គណៈប្រតិភូ​ទាំងអស់​នៅ​សមរភូមិ​ក្រោយ សូម​កោតសរសើរ​យ៉ាងខ្លាំង​ដល់​គំរូ​វីរៈភាព​ដ៏​អង់អាច​ក្លាហានរ​បស់បងៗ​កងទ័ព​យើង ដែល​ឈរជើង​ការពារ​ខ្សែក្រវាត់​ព្រំដែន​ប្រចាំ​ទិស​ព្រះវិហារ ព្រមទាំង​ពាំ​នាំយក​អំណោយ និង​ថវិកា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​មក​ចែកជូន​កងទ័ព និង​គ្រួសារ​កងទ័ព ដើម្បី​រួមចំណែក​កសាង ការពារ​បូរណភាព​ទឹកដី ឱ្យបាន​គង់វង្ស និង​អភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់​រីកចំរើន​ជឿនលឿន​ទៅ​អនាគត​។​

​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ រួមមាន​ដូចខាងក្រោម​៖
+​សម្រាប់​គ្រួសារ​ទ័ព ក្នុង​មួយ​គ្រួសារៗ​៖
១-​អង្ករ ០១​ការុង (២៥​គ​.​ក្រ​), ២-​មី​ខ្លាឃ្មុំ ០១​កេស​, ៣-​ទឹកត្រី ០១​យួរ​, ៤-​ទឹកស៊ីអ៊ីវ ០១​យួរ​, ៥-​ត្រីខកំប៉ុង ០១​យួរ​, ៦-​ប្រេងឆា ០២​ដប​, ៧-​ប៊ីចេង ០១​គ​.​ក្រ​, ៨-​សារុង ០១, ៩-​ក្រមា ០១ និង​១០-​ថវិកា ១០០,០០០​រៀល​។​

+​សម្រាប់​អង្គភាព​៖
១-​ថវិកា ៣,០០០,០០០​រៀល​, ២-​ស័ង្កសី ៥០០​សន្លឹក​, ៣-​ប្រេងម៉ាស៊ូត ១,០០០​លីត្រ​, ៤-​កូន​ដូង ៥០​ដើម​, ៥-​កូន​ស្វាយ ១០០​ដើម និង ៦-​គ្រាប់ពូជ​បន្លែ​គ្រប់​ប្រភេទ ១១​មុខ​។​

+​សម្រាប់​ប្រធាន​វរៈ អនុប្រធាន​វរៈ ប្រធាន “​គ​” និង​ប្រធាន “​ខ​”
១-​ប្រធាន​វរៈ ០១​នាក់ ៣០០,០០០​រៀល​, ២-​អនុប្រធាន​វរៈ ០៦​នាក់ ក្នង​ម្នាក់ ២០០,០០០​រៀល​, ៣-​ប្រធាន “​គ​” ០៤​នាក់ ក្នង​ម្នាក់ ១៥០,០០០​រៀល និង ៤-​ប្រធាន “​ខ​” ចំណុះ​វរៈ ០៣​នាក់ ក្នង​ម្នាក់ ១២០,០០០​រៀល​។​

+​ឧបត្ថម្ភ​ផ្សេងៗ​
១-​ជួយ​ស្តារ​ស្រះ​ទឹក​ចំនួន ០២ ចំណាយ​ថវិកា ១,០៥០​ដុល្លារ​, ២-​ចូល​បុណ្យសព​អនុប្រធាន​វរៈ ចំនួន ០១​នាក់ ថវិកា ៣០០​ដុល្លារ​, ៣-​ជួយ​ថ្លៃ​ព្យាបាល​ជម្ងឺ​ដល់​ស្ត្រី​ម្នាក់​ដែល​កើត​ជម្ងឺ​ពីស​ដៃស្តាំ នឹងត្រូវ​បញ្ជូនមក​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​នៅ​ថ្ងៃ​ចន្ទ​ខាងមុខនេះ និង ៤-​ផ្សេងៗ ១,៥៥០,០០០​រៀល​។​

​ទន្ទឹមនឹង​អំណោយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ខាងលើ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ឧបត្ថម្ភ​នូវ​គោយន្ត​ចំនួន ០៣​គ្រឿង ចំណាយ​ថវិកា ៩,០០០​ដុល្លារ បន្ថែមទៀត​ផងដែរ​។ សរុប​ថវិកា​ទាំងអស់​ចំនួន ៥៦,០៦២,៩០០​រៀល និង ១០,៣៥០​ដុល្លារ​៕