កម្មករ​៥៥០​នាក់​បាតុកម្ម​មិន​សុខចិត្ត សុខ​ៗ​ថៅកែ​ប្រកាស​បិទ​រោងចក្រ

រាជ​ធានី​ភ្នំពេញ ៖ កម្មករ-​កម្មការិនី​រោងចក្រ​កាត់ដេរយីហោ «វី​នស៊ី​ង​តិច» ប្រមាណ​៥៥០​នាក់ ​នាំ​គ្នា​បះបោរ​ធ្វើ​បាតុកម្ម​​តវ៉ា ​​ខណៈ​ត្រូវ​​ថៅកែ​ប្រកាស​រំលាយ​កិច្ចសន្យាការងារ ឈាន​ដល់​ការ​បិទទ្វារ​​រោងចក្រ ​​ដោយ​​ពុំ​ទាន់បាន​ទូទាត់​ប្រាក់​ឈ្នួល​ប្រាក់​អតីតភាព​ការ​ងារ ប្រាក់​បំណាច់ផ្សេង​​ៗ​​ទៀត​​ឡើយ ​ដែលបង្ក​​ឱ្យ​​មាន​ផល​ប៉ះពាល់​​ដល់ជីវភាព​រស់នៅ​ និង​ការ​​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​​យ៉ាង​ខ្លាំង ​។

ហេតុ​ការ​ណ៍​នេះ​​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២១ ​មីនា ​២០១៦ ស្ថិត​នៅ​ចំណុច​មុខ​រោងចក្រ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​។

តាម​​ប្រភព​ពី​តំណាង​កម្មករ​​ឱ្យ​​ដឹង​ថា រោងចក្រ​កាត់ដេរ​មួយ​នោះបាន​ដំណើរការ​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០០៧​មកម្ល៉េះ ដែល​មាន​កម្មករ កម្មការិនី​បម្រើ​ការងារ​សរុប​ចំនួន​៥៥០​នាក់ និង​មាន​ថៅកែ​ឈ្មោះ​ Liang Xiu Juna ភេទ​ស្រី​ ជា​ជនជាតិ​ចិន ​។

​មូលហេតុ​ដែល​នាំ​ឱ្យ​​កម្មករ​ឈាន​ដល់​ការ​ដង្ហែ​ក្បួន​ទៅ​កាន់​ក្រសួង​ការងារ​នោះ គឺ​ដោយសារ​តែ​ថៅកែ​ប្រកាស​រំលាយកិច្ចសន្យា​ការ​ងារ​​​បិទ​ទ្វារ​រោងចក្រ​មួយ​​នេះ ហើយ​ទៅ​បើក​បង្កើត​រោងចក្រ​ផ្សេង​ថ្មី​មួយទៀត ដោយ​ពុំ​បាន​ទូទាត់​ប្រាក់​ឈ្នួល ប្រាក់​អតីតភាព​ការងារ ប្រាក់​​បំណាច់​ផ្សេង​ៗ​ទៀត​ជូន​កម្មករ ដូច​ជា ប្រាក់​ការ​ជូនដំណឹង​មុន ,​ប្រាក់​បំណាច់ កិច្ចសន្យា​ដែល​នៅ​សល់​,​ប្រាក់​បំណាច់​នៃ​កិច្ច​សន្យាការងារ​ស្មើរ​និង​៥​ភាគរយ​, ​ប្រាក់​បំណាច់​ឆ្នាំ​,​ ប្រាក់ខែ​ចុងក្រោយ ​និង​អត្ថ​ប្រ​យោ​ជ​ន៏​ផ្សេង​ៗ, ប្រាក់​ជួស​ការ​ជូនដំណឹង​មុន​, ប្រាក់​បំណាច់​បណ្ដេញចេញ​, ​ប្រាក់​សោរ​ហ៊ុយជំងឺ​ចិត្ត​, ​ប្រាក់​ជួសជុល​ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ដែល​នៅ​សល់​ឡើយ​ ។