រោងចក្រផលិតស៊ីម៉ង់ត៍ធំ​បំផុតនិងទំនើប​ ត្រូវបញ្ចុះបឋម​សិលាសាងសង់​នៅព្រឹកនេះ

ខេត្តកំពត ៖ ​រោងចក្រផលិតស៊ីម៉ង់ត៍ដ៍ធំបំផុតនិង​ទំនើបជាងគេនៅកម្ពុជា​ ស្ថិតនៅក្នុងភូមិព្រៃតាព្រិស ​ឃុំស្តេចគង់ខាងលិច​ ស្រុកបន្ទាយមាស​ ​បានត្រូវធ្វើពិធីបញ្ចុះបឋម​សិលា​សាងសង់​នៅព្រឹក​ថ្ងៃទី២១ មីនា ២០១៦ ​ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់​សម្តេចវិបុលសេនាភក្តី ​សាយ ឈុំ ​ប្រធានព្រឹទ្ឋសភា ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងទៀតថា​ អញ្ជើញចូលរួមក្នុងពិធីខាងលើ​ក៍មានវត្តមានថ្នាក់ដឹកនំា​ និងសមាជិកសមាជិកាព្រឹទ្ឋសភា​ ​រដ្ឋសភា ​រាជរដ្ឋាភិបាល​ ​តំណាង​ក្រសួងរ៉ែនិងឋាមពល​ ក្រសួងជំនាញពាក់ព័ន្ឋ ​និងលោកឧកញ៉ា ​លោកជំទាវឧកញ៉ា​ ​ព្រមទំាងតំណាង​អាជ្ញាធរដែនដី​​ជាច្រើនរូបទៀត ។

សេចក្តីរាយការណ៍បានបន្តថា ​រោងចក្រផលិតស៊ីម៉ង់ត៍នេះ​ ​ជាសមិទ្ឋផលរបស់ក្រុមហ៊ុនជីបម៉ុង អិន ស៊ី​ ស៊ីមែន​ ខបភើរ៉េសិន ​និងកើតចេញពីការវិនិយោគរួមគ្នា​ជាមួយក្រុមហ៊ុនស៊ីយ៉ាម ​ស៊ីធីមែន ជាក្រុមហ៊ុនដែលមានបទពិសោធន៍​ជាង៤០ឆ្នាំនិងធំជាងគេក្នុងតំបន់អាស៊ាន ​និងមានទឹកបា្រក់​វិនិយោគ​សរុប២៦២លានដុល្លារ ។

រោងចក្រនេះបំពាក់សម្ភារបច្ចេកវិទ្យា​ទំនើបចុងក្រោយពីប្រទេសចិន និងអាឡឺម៉ង់ ​និងមានលទ្ឋភាពផលិត​ស៊ីម៉ងត៍ក្នុងមួយថ្ងៃចំនួន​៥ពាន់តោន ៕