ប្រសិន​ជា «iPhone 7Pro» មាន​ប្រដាប់​ចាប់​រូបថត​ដល់​ទៅ​ពីរ

នៅក្នុងខែកញ្ញាខាងមុខ ក្រុមហ៊ុនបច្ចេកវិទ្យា អ័បផល (Apple) នឹងប្រកាសពីការចេញលក់ នូវ​ទូរស័ព្ទ​អាយហ្វូន ជំនាន់​ទី៧ (iPhone 7) របស់ខ្លួន។ ប៉ុន្តែតាំងពីច្រើនថ្ងៃមកហើយ ការលេចឮ​ដ៏វិលវល់ បាន​ឲ្យ​ដឹង​ថា ប្រភេទ​ទូរស័ព្ទ​ថ្មីដែល​ចេញដល់កម្រិត «Pro» ឬហៅថា «iPhone 7 Pro» នឹងមានបំពាក់​ដោយ​ប្រដាប់​ចាប់​រូប ដល់​ទៅ​ពីរ។
ប្រសិន​ជា «iPhone 7Pro» មាន​ប្រដាប់​ចាប់​រូបថត​ដល់​ទៅ​ពីរ

រូបភាពនៃការលេចឭ បង្ហាញពីទូរស័ព្ទអាយហ្វូនប្រភេទថ្មី នឹងមានប្រដាប់ចាប់រូបដល់ទៅពីរ។ (រូបថតទ្វីសធើរ)

កាលពីពីរសប្ដាហ៍មុន រូបថតមួយសន្លឹក ដែលថតឃើញព្រាលៗ (ដូចជាចង់ធ្វើឲ្យជឿ ថាជារូបថត​ដែល​លួច​ថត ពីមន្ទីរពិសោធន៍ អ័បផល) នូវទូរទស័ព្ទ អាយហ្វូន ជំនាន់ទី៧ថ្មី (iPhone 7 Pro ឬ iPhone 7 Plus) ត្រូវ​បាន​បង្ហោះ នៅ​ពាសពេញបណ្ដាញសង្គម។ ឃើញជាដំបូងគេ នៅលើគេហទំព័រចិនមួយ ឈ្មោះ «MacRumor» រូបថត​នោះ​បានបង្ហាញឲ្យដឹង ពីខាងក្រោយទូរស័ព្ទ នូវប្រដាប់ចាប់រូប ចំនួនដល់ទៅពីរ។

បន្ថែមពីលើរូបថតដ៏ចម្លែកនេះ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន គេហទំព័រ «Nowhereelse.fr» បានផ្សាយ​រូបថត​មួយទៀត ដែលមានលក្ខណៈដូចទៅនឹងអ្វី ដែលរូបថតមុនបានបង្ហាញឲ្យដឹង៖ នោះគឺទូរស័ព្ទ «iPhone 7 Pro» ដែលត្រៀបចេញលក់ នាពេលខាងមុខ នឹងមានប្រដាប់ចាប់រូប ដល់ទៅពីរ។

» រូបថតចចាមអារាម ដែលបានចេញផ្សាយដំបូង៖

ប្រសិន​ជា «iPhone 7Pro» មាន​ប្រដាប់​ចាប់​រូបថត​ដល់​ទៅ​ពីរ

ទោះរូបភាពទាំងនេះ ជា​ការបែក​ធ្លាយ​មុន​ការ​ប្រកាសជាផ្លូវការ ឬជាការកាត់តរូបភាពក៏ដោយ តែបើ​ពិនិត្យ​តាម​លក្ខណៈបច្ចេកទេស វាពិតជាអាចទៅរួច។ ហើយករណី ប្រដាប់ចាប់រូបច្រើន នៅលើទូរស័ព្ទតែមួយនេះ មិន​មែន​មានត្រឹមតែ អាយហ្វូន នោះទេ ព្រោះទូរស័ព្ទ «LG G5» របស់ក្រុមហ៊ុន «LG» ក៏បានបង្ហាញថា វាមាន​ប្រដាប់​ចាប់រូប ចំនួនពីរដូចនេះដែរ។

ប្រដាប់ចាប់រូបច្រើន នៅលើម៉ាស៊ីនតែមួយនេះ អាចមានតួនាទីច្រើន ជាពិសេសក្នុងការបង្កើតរូបភាព «3D» ឬ​ពង្រីកលទ្ធភាពចាប់រួប ឲ្យបានកាន់តែទូលាយ។ ប៉ុន្តែម្យ៉ាងទៀត ប្រដាប់ចាប់រូបមួយ ពីក្នុងចំណោម​ប្រដាប់​ចាប់​រូប​​ទាំងពីរ អាចមានតួនាទីផ្សេង ដូចជាបន្ថែមពន្លឺ ដាក់ពណ៌ឲ្យស៊ីជម្រៅ... ដូចករណីរបស់ទូរស័ព្ទ «One M8» របស់ក្រុមហ៊ុន «HTC» ជាដើម។

» ប្រដាប់ចាប់រូបពីរ ដែលអាចដាក់ឲ្យដំណើរការ នៅក្នុងម៉ាស៊ីនតែមួយ៖

ប្រសិន​ជា «iPhone 7Pro» មាន​ប្រដាប់​ចាប់​រូបថត​ដល់​ទៅ​ពីរ

យ៉ាងណាក៏ដោយ ក្រុមហ៊ុនយក្ស អ័បផល របស់អាមេរិក នឹងពិតជាប្រកាសឲ្យដឹង ពីលក្ខណៈពិសេសថ្មី នៃ​ផលិតផល​អាយហ្វូនរបស់ខ្លួន នៅពេលការប្រកាសដាក់លក់ ត្រូវបានធ្វើជាផ្លូវការ។ បើអញ្ចឹង... សូមរង់ចាំ​បន្តិច​ទៅ! ឬយូរបំផុត រង់ចាំដល់ខែកញ្ញាខាងមុខ៕