លោក​សួន សេរី​រដ្ឋា ឲ្យ​លោក​កឹម សុខា លាឈប់​ពី​អ្នកនយោបាយ និង​សុំទោស​

ភ្នំពេញ​: មេដឹកនាំ​គណបក្ស​អំណាច​ខ្មែរ បាន​វាយប្រហារ និង​រិះគន់​ទៅលើ​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​រឿងអាស្រូវ​ផ្លូវភេទ ជាមួយ​នារី​វ័យក្មេង​ជាច្រើនរូប និង​បាន​យកលុយ អ្នកគាំទ្រ​របស់ខ្លួន​ទៅ​ទិញ​ផ្ទះ ទិញ​ដី ឲ្យ​ស្រី​កំណាន់​របស់ខ្លួន នៅក្រៅ​ផ្ទះ និង​មិន​ហ៊ាន​ចេញមុខ បកស្រាយ​ការពិត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​យុវជន និស្សិត បានដឹង​ការពិត ដោយនៅ​ស្ងំ​ស្ងៀម​។​

លោក​សួន សេរី​រដ្ឋា ឲ្យ​លោក​កឹម សុខា លាឈប់​ពី​អ្នកនយោបាយ និង​សុំទោស​
​ ​
​ជាមួយនឹង​ការរិះគន់​នេះ មេដឹកនាំ​គណបក្ស​អំណាច​ខ្មែរ ក៏បាន​ឲ្យ​លោក កឹម សុខា លាលែង​ចេញពី​នយោបាយ និង​សុំទោស​អ្នកគាំទ្រ​ជា​សាធារណៈ​។​

​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​រិះគន់​វាយប្រហារ ទៅលើ​លោក កឹម សុខា ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ ថា លោក​កឹម សុខា មិនគួរ​បន្ត​អាជីព​ធ្វើជា​អ្នកនយោបាយ តទៅទៀត​ទេ ហើយ​ត្រូវ​លាលែង​ចេញពី​នយោបាយ និង​សុំទោស​អ្នកគាំទ្រ ជា​សាធារណៈ​ទៅ ពីព្រោះ​អ្នកនយោបាយ គឺជា​គំរូ​របស់​សង្គម​។ ដោយ​លោក​បាន​លើកឡើងថា លោក​កឹម សុខា ធ្វើ​នយោបាយ ដើម្បី​ត្រៀម​ឲ្យ​ប្រជាពលរដ្ឋ បោះឆ្នោត​គាំទ្រ​ខ្លួន ដើម្បី​ក្លាយជា​អ្នកដឹកនាំ ប៉ុន្តែ​គាត់​ជា​អ្នកដឹកនាំ​យ៉ាងម៉េច បើសិនជា​គាត់ មាន​ស្រី​ញី​រាប់មិនអស់ ហើយ​យកលុយ​អ្នកគាំទ្រ មក​ដើរ​ទិញ​ដី​ធី្ល ឡាន ឲ្យ​ស្រី​កំណាន់​របស់ខ្លួន ដូច្នេះ​ទោះបីជា​គាត់ ប្រើ​យុទ្ធសាស្ត្រ​មិន​ឆ្លើយ មិន​ឆ្លង មិន​ឈ្លោះ ប៉ុន្តែ​បង្ហាញថា លោក​កឹម សុខា មិន​ហ៊ាន​ប្រឈមមុខ​នឹង​ការពិត​។​
​ ​
​លោក សួន សេរី​រដ្ឋា បាន​បន្តថា ប្រជាពលរដ្ឋ គួរតែ​រើស​អ្នកដឹកនាំ ដែល​មានគុណ​តម្លៃ ដែលមាន​សីលធម៌ ដែលមាន​គំរូ​ច្បាស់លាស់ សម្រាប់​ទៅ​ដឹកនាំ​ប្រទេស ហើយ​បើសិន​អ្នកគាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​គាំទ្រ​បុគ្គល ដូចជា​លោក​កឹម សុខា ហើយ​នៅតែ​ចង់​ឲ្យ​លោក កឹម សុខា ឡើងទៅ​ដឹកនាំ គឺថា ស្អប់​អា​ខូច រើស​អា​ខូច ទៅ​ជំនួស​អា​ខូច​ទេ​។ ហើយ​អ្វីដែល​លោក​កឹម សុខា បាន​ប្រព្រឹត្ត គឺជា​គំរូ​អាក្រក់ ពីព្រោះ​សង្គម​ខ្មែរ ប្រពៃណី​ខ្មែរ តើ​ស្ត្រី​ណា​ដែល​ចង់​មាន​ប្តី ចែករំលែក​គ្នា​ជាមួយ​ស្ត្រី​ដទៃទៀត​។​
​ ​
​សូមជម្រាបថា ទាក់ទង​ករណី​រឿងអាស្រូវ​ផ្លូវភេទ របស់លោក​កឹម សុខា នេះ ក្រុមយុវជន និង​និស្សិត នៅតាម​បណ្តា​មហាវិទ្យាល័យ និង​សាក​វិទ្យាល័យ​នានា ក្នុង​រាជធានី​ភ្នំពេញ បានទាមទារ​ឲ្យ​លោក​កឹម សុខា បកស្រាយ​ការពិត នៅ​ខ្សែអាត់​សម្លេង​សន្ទនា ជាមួយ​នារី​វ័យក្មេង ដែល​បាន​បែកធ្លាយ ជា​បន្តបន្ទាប់ និង​ត្រូវបាន​បង្ហោះ​ផ្សព្វផ្សាយ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ប៉ុន្តែ​លោក កឹម សុខា មិន​ព្រម​ចេញមុខ​មក​បកស្រាយ ដើម្បី​បញ្ជាក់​ការពិត​នោះទេ ដោយនៅ​សម្ងំស្ងៀម​៕

ប្រភពៈ CEN