លោក ហ៊ុន សែន រិះគន់​បក្ស​ប្រឆាំង​ដែល​រិះគន់​រឿង​ផ្លាស់​ប្ដូរ​គណៈរដ្ឋមន្ត្រី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់​បក្ស​ប្រឆាំង​ដែល​រិះគន់​លោក​រឿង​ប្ដូរ​គណៈរដ្ឋមន្ត្រី ថា​ជា​មនុស្ស​ចាស់ៗ និង​មុខ​ដដែល។

ប្រតិកម្ម​តប​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​ដាក់​អោយ​អនុវត្ត​ដំណាក់កាល​ទី៣ និង​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​វាយតម្លៃ​វឌ្ឍនភាព​ប្រចាំ​ឆ្នាំ២០១៥ នៃ​កម្មវិធី​កែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណ: នៅ​ថ្ងៃ​ទី​២១ មីនា។ លោក ហ៊ុន សែន ថា ទោះបីជា​មន្ត្រី​របស់​ខ្លួន​ចាស់ៗ ក៏​ពិត​មែន​តែ​ពួកគេ​មាន​គំនិត​ថ្មី សម្រាប់​អភិវឌ្ឍ​ប្រទេស។

លើស​ពី​នេះ​ទៀត​លោក ហ៊ុន សែន ក៏​ថ្លែង​ឌឺដង​ទៅ​បក្ស​ប្រឆាំង​វិញ​ថា មន្ត្រី​បក្ស​ប្រឆាំង​សុទ្ធ​តែ​ជា​មនុស្ស​ចាស់ និង​មុខ​ដដែល​ដូចគ្នា ទាំង​ដែរ​មនុស្ស​ចាស់ៗ​ដដែល​នេះ មិន​ធ្លាប់​ទាំង​ឈ្នះ​ឆ្នោត​ម្ដង​ផង។

កាល​ពី​ថ្ងៃ​ទី​១៦ មីនា លោក ហ៊ុន សែន ស្នើ​ទៅ​រដ្ឋសភា​ដើម្បី​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​មួយ​ចំនួន នៅ​ដើម​ខែ​មេសា។ ក្នុង​នោះ​រដ្ឋមន្ត្រី​កាន់​ការងារ​បច្ចុប្បន្ន នឹង​ត្រូវ​ប្ដូរ​ទៅ​កាន់​ការងារ​ផ្សេង​វិញ ប៉ុន្តែ​ភាគ​ច្រើន​ជា​មនុស្ស​ចាស់​ៗ​ដដែល។ តួយ៉ាង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល នឹង​ប្ដូរ​ទៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជំនួស​លោក ត្រាំ អ៊ីវតឹក ដែល​នឹង​ប្ដូរ​ទៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​វិញ ហើយ​រដ្ឋមន្ត្រី​ក្រសួង​នេះ ប្ដូរ​ទៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជំនួស​លោក ហោ ណាំង ហុង ដែល​នឹង​ត្រូវ​បញ្ចប់​ការងារ​ជាដើម។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។