តុលា​ការទទួល​ពាក្យបណ្តឹង​លោក សួន សេរី​រដ្ឋា ប្តឹង​លោក ហោ ណាំហុង​

​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ទទួល​ពាក្យបណ្តឹង​ពី​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែល​ប្ដឹង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស ទៅ​សាលាឧទ្ធរណ៍ ពីបទ​បរិហារកេរ្តិ៍ និង​ញុះញង់ នៅ​ព្រឹក​ថ្ងៃទី​២១ មីនា ឆ្នាំ​២០១៦​នេះ​។​

​លោក សួន សេរី​រដ្ឋា បានដាក់​ពាក្យ​បណ្តឹងឧទ្ធរណ៍ តាមរយៈ​សាលាដំបូង​រាជធានី​ភ្នំពេញ រួចហើយ នៅ​ព្រឹក​មិញ​នេះ បើទោះជា​លោក​ពុំមាន​ជំនឿ​ទុកចិត្ត​លើ​ប្រព័ន្ធតុលាការ​ក៏ដោយ ក៏​លោក សួន សេរី​រដ្ឋា ព្យាយាម​ដាក់ពាក្យ​ប្ដឹង​លោក ហោ ណាំហុង ជាដាច់ខាត​។ លោក​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយពី​តុលាការ​ទទួល​ពាក្យបណ្តឹង​ថា លោក​នឹង​បន្តធ្វើ​បណ្តឹង ទាស់​ទៅ​តុលាការ​កំពូល ប្រសិនបើ​តុលាការ​ឧទ្ធរណ៍​នៅតែ​មិនអាច​រក​យុត្តិធម៌​ជូន​លោក​បាន​នោះទេ​។ ហើយ​ថា វារឹតតែ​បង្ហាញ​ដល់​បណ្ដា​អង្គទូត សហគម​ជាតិ និង​អន្តរជាតិ​ឲ្យ​ដឹង​កាន់តែច្បាស់​ថា តុលាការ​ពិតជា​គ្មាន​ភាព​ឯករាជ្យ និង​គ្មាន​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ទន់ខ្សោយ និង​អ្នកនយោបាយ​ប្រឆាំង​រដ្ឋាភិបាល​ឡើយ ។​
 
​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ដែល​អះអាងថា ខ្លួន​ជា​ជនរងគ្រោះ​អយុត្តិធម៌​ពី​តុលាការ​រូបនេះ​
​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ ដូច្នេះ​ថា​៖«​បើ​តុលា​ការមិន​ដោះស្រាយ​រឿង​ខ្ញុំ​ទេ នោះ​ជាការ​បន្ថែម​រឿង​អយុត្តិធម៌​មួយទៀត ក្នុងចំណោម​រឿង​អយុត្តិធម៌​រាប់ពាន់ ដែល​វា​ក៏​បង្ហាញ​ឲ្យ​អន្តរជាតិ​មើលឃើញ​ពី​ប្រព័ន្ធតុលាការ​ស្រុក​ខ្មែរ​ដែរ »​។​
 
​លោក សួន សេរី​រដ្ឋា បានបញ្ជាក់​ពី​មូលហេតុ​ដែល​ប្ដឹង​លោក ហោ ណាំហុង នេះ គឺ​ដោយសារតែ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​រូបនេះ បាន​ចោទ​គណបក្ស​លោក​ថា មាន​សមាជិក​ជា​ភេ​វរ​ករ កាលពី​ថ្ងៃទី​៧ ខែធ្នូ កន្លងមក​។ លោក សួន សេរី​រដ្ឋា បដិសេធថា លោក​ពុំ​អាច​ទទួលយក​ការ​ចោទ​របស់លោក ហោ ណាំហុង នេះឡើយ​។​
 
​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ អះអាងថា ពាក្យសម្ដី​របស់លោក ហោ ណាំហុង ដែល​បាន​ចោទថា គណបក្ស​លោក​មាន​ក្រុម​ភេរវកម្ម​នេះ គឺ​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​គណបក្ស និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច មិន​ហ៊ាន​គាំទ្រ​គណបក្ស​ខ្លួន​។​

​គួររម្លឹកថា ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ទ​ពិសិដ្ឋ បាន​បដិសេធ​ពាក្យបណ្ដឹង​របស់លោក សួន សេរី​រដ្ឋា ដែល​ប្ដឹង​លោក ហោ ណាំហុង នេះ ដោយ​តម្កល់​រឿង​ទុក​ឥត​ចាត់ការ កាលពី​ថ្ងៃទី​២ កុម្ភៈ កន្លងមក​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​