លោក អូ​បា​ម៉ា ទៅដល់​ទឹកដី​គុយបា ​សត្រូវ​សម័យសង្គ្រាមត្រជាក់​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ទៅដល់​ទឹកដី​គុយបា​ហើយ​នៅ​ថ្ងៃទី​២០ ខែមីនា ដើម្បី​ផ្ដើម​ទស្សនកិច្ច​បី​ថ្ងៃ​នៅ​ទីនោះ​។ នេះ​ជា​ដំណើរ​លើកទីមួយ​របស់​ប្រធានាធិបតី​អាមេរិក​ទៅកាន់​គុយបា ក្នុង​រយៈពេល​ជាង​៨០​ឆ្នាំ​កន្លងមកនេះ ដែល​ធ្វើឡើង​ក្រោយ​ពេលដែល​អតីត​សត្រូវ​ទាំងពីរ​ស្ដារ​ទំនាក់ទំនង​ឡើងវិញ​នៅ​ឆ្នាំ​២០១៤ ។

​ជាង​មួយ​ឆ្នាំក្រោយ​ការភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ទៅដល់​គុយបា ក្នុង​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​បី​ថ្ងៃ​នៅ​ទីនោះ​។ លោក អូ​បា​ម៉ា ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ​ដែល​ធ្វើដំណើរ​ទៅ​គុយបា ចាប់តាំងពី​ប្រទេស​ទាំងពីរ​ផ្ដាច់ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​១៩៥៩ ក្រោយ​ពេលដែល​លោក ហ្វី​ដែល កា​ស្ត្រូ ដឹកនាំ​បដិវត្តន៍​ផ្ដួលរំលំ​រដ្ឋាភិបាល​រណប​អាមេរិក​។

​នៅ​ព្រលានយន្តហោះ​ទីក្រុង​ឡា​ហាវ៉ាន លោក អូ​បា​ម៉ា ដែល​អមដំណើរ​ដោយ​ជំទាវ​ទីមួយ​និង​កូនស្រី​ទាំងពីរ ត្រូវ​បានទទួល​ដោយ​រដ្ឋមន្ត្រីការបរទេស​គុយបា​លោក Bruno Rodriguez​។ នេះ​ជាការ​បើក​សក​រាជនៃ​ទំនាក់ទំនង​អាមេរិក​និង​គុយបា បន្ទាប់ពី​លោក អូ​បា​ម៉ា និង​ប្រធានាធិបតី​គុយបា​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ប្រកាស​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​នៅ​ខែធ្នូ ឆ្នាំ​២០១៤​។ ក្រៅពីនោះ អាមេរិក​និង​គុយបា​ក៏បាន​ភ្ជាប់​សកម្មភាព​ពាណិជ្ជកម្ម តាមរយៈ​ការចុះហត្ថលេខា​លើ​វិស័យ​គមនាគមន៍ ក៏ដូចជា​ការភ្ជាប់​ជើងហោះហើរ​ផងដែរ​។

​នៅ​ថ្ងៃទី​២១ ខែមីនា លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ជួប​ជាមួយ​ប្រធានាធិបតី​គុយបា រ៉ា​អ៊ូ​ល កា​ស្ត្រូ នៅ​វិមាន​ប្រធានាធិបតី ប៉ុន្តែ​លោក​គ្មាន​គម្រោង​ការជួប​ជាមួយ​មេដឹកនាំ​បដិវត្តន៍​លោក ហ្វី​ដែល កា​ស្ត្រូ​នោះទេ​។ ម្យ៉ាងទៀត លោក អូ​បា​ម៉ា ក៏​នឹង​ជួប​ជាមួយ​អ្នកវិនិយោគ​អាមេរិក និង​ក្រុមប្រឆាំង​រដ្ឋាភិបាល​គុយបា ព្រមទាំង​ទៅ​កន្លែង​សំខាន់ៗ​នៅ​ទីក្រុង​ឡា​ហាវ៉ាន​ផងដែរ​។​

​ថ្វីបើ​មាន​ទំនាក់ទំនង​ល្អ​ក៏ដោយ មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​ពេញលេញ​។ ការហ៊ុមព័ទ្ធ​ផ្នែក​សេដ្ឋកិច្ច​ដែល​បានដាក់​លើ​គុយបា​អស់​រយៈពេល​៥៤​ឆ្នាំ ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​។ កន្លងមក​លោក អូ​បា​ម៉ា ក៏​ធ្លាប់​ស្នើ​ទៅ​សភា​ឲ្យ​អនុម័ត​ការលើកលែង​ការហ៊ុមព័ទ្ធ ប៉ុន្តែ​ត្រូវបាន​ក្រុម​សាធារណរដ្ឋ​ដែល​កំពុង​ត្រួតត្រា​សភា បដិសេដចោល​។​

​លើសពីនេះ លោក អូ​បា​ម៉ា ក៏​រង​ការរិះគន់​ច្រើន​ផងដែរ​ទាក់ទង​នយោបាយ​ការបរទេស​របស់លោក​ជាមួយ​គុយបា​។ ក្រុម​អ្នក​រិះគន់​ទាំងនោះ​និយាយថា លោក អូ​បា​ម៉ា បាន​សម្បទាន​យ៉ាងច្រើន​ដល់​គុយបា តែ​គុយបា​មិនបាន​ផ្ដល់​អ្វី​ជា​ដុំកំភួន​ត្រលប់​មកវិញ​ទេ​។ ពួកគេ​ចាត់ទុក​ដំណើរ​របស់លោក អូ​បា​ម៉ា ថា​ជា​ជ័យជម្នះ​ទុក​មុន​ពេក ដើម្បី​គ្រាន់តែ​លម្អ​នយោបាយ​ការបរទេស​របស់លោក​ប៉ុណ្ណោះ​។​

​បញ្ហា​មួយទៀត​ដែល​នៅ​កណ្ដាល​ផ្លូវ​នៃ​ទំនាក់ទំនង​អាមេរិក​និង​គុយបា គឺ​ការកាន់កាប់​គុក​នៅ Guantanamo ប៉ុន្តែ​លោក អូ​បា​ម៉ា បញ្ជាក់​ហើយ​ថា នឹងមិន​មានការ​ពិភាក្សា​លើ​បញ្ហា​នេះ​ទេ​។ ការគាំទ្រ​របស់​អាមេរិក​ចំពោះ​ក្រុមប្រឆាំង និង​ការគាំទ្រ​លើ​វិទ្យុ​និង​ទូរទស្សន៍​ប្រឆាំង ក៏​ជា​នៅតែ​បញ្ហា​ផងដែរ​៕
     
សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​