សន្និសីទ​សារព័ត៌មាន ស្តីពី​បញ្ហា​ដីធ្លី​នៅ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​

សន្និសីទ​សារព័ត៌មាន ស្តីពី​បញ្ហា​ដីធ្លី​នៅ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​



ភ្នំពេញ ៖ វេលា​ម៉ោង​៩ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី រាជធានី​ភ្នំពេញ​ព្រឹក​ថ្ងៃទី ២១ ខែមីនា​នេះ អង្គការ​សង្គម​ស៊ីវិល​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន ស្តីពី​”​បញ្ហា​ទំនាស់​ដីធ្លី​នៅ​តំបន់​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​”។

លោក សួន ប៊ុន​ស័ក្តិ អគ្គលេខាធិការ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម ​នៃ​អង្គការ​-​សមាគម​ការពារ​សិទ្ធិមនុស្ស​(CHRAC) បាន​មានប្រសាសន៍ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញថា បញ្ហា​ផ្តល់​សម្បទាន​ដីធ្លី​សេដ្ឋកិច្ច និង​ជួល​ទីតាំង​តាម​តំបន់​ឆ្នេរ​សមុទ្រ​ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង បាន​នឹង​កំពុង​ស្ថិតនៅ​ជា​កង្វល់​ខាង​ផ្លូវច្បាប់ និង​គោលនយោបាយ​។ ប្រការនេះ ដែល​គប្បី​ស្ថាប័ន​កសាង​គោលនយោបាយ​និង​ច្បាប់ ដូចជា​រដ្ឋសភា និង​ក្រុមប្រឹក្សា​គោលនយោបាយ​ជាតិ​នានា​ដូចជា ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​គួរតែ​យកចិត្តទុកដាក់​លើ​ក្រប​ខណ្ឌ​នៃ​ការ​អភិវឌ្ឍ​ច្បាប់​និង​គោលនយោបាយ​ពាក់​ព័ន្ធ និង​ការ​ធ្វើ​អនុ​ប​យោគ ស្តី​អនុ​ប​យោគ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដើម្បី​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​កាន់តែ​មាន​មូលដ្ឋាន​រឹងមាំ​។ អង្គការ​សង្គម​ស៊ីវិល សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល និង​ក្រសួង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​មេត្តា​ជួយ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ ជាពិសេស​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ខេត្ត​ជាប់​នឺង​សមុទ្រ​ទាំង​បួន​ខេត្ត​ឲ្យ​បាន​ឆាប់រហ័ស និង​ទប់ស្កាត់​បញ្ហា​ការ​ចាក់​ខ្សាច់​យក​ធ្វើជា​កម្មសិទ្ធិ និង​ការ​បូម​ខ្សាច់​ខុសច្បាប់ ដែល​ធ្វើ​ឲ្យ​បាត់បង់​ធនធានធម្មជាតិ ជាពិសេស​សូម​បញ្ឈប់​ការ​ផ្តល់​ឆ្នេរ​សមុទ្រ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជា​អ្នកគ្រប់គ្រង​៕