សាំ​យ៉ុង​បុក​ម៉ូតូ​ឆ្លង​ផ្លូវ​ស្លាប់​ម្នាក់ ​របួសធ្ងន់​២​នាក់​

សាំ​យ៉ុង​បុក​ម៉ូតូ​ឆ្លង​ផ្លូវ​ស្លាប់​ម្នាក់ ​របួសធ្ងន់​២​នាក់​



ស្ទឹងត្រែង ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន ​ត្រូវ​បាន​រថយន្ត​សាំ​យ៉ុង​បុក​ពេញទំហឹង ​បណ្តាល​ឲ្យ ស្ត្រី​ម្នាក់​បាន​ស្លាប់​ និង​មនុស្ស​២​នាក់​រង​របួស​ធ្ងន់ នៅ​នឹង​កន្លែង​កើតហេតុ និង​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។ ចំណែក​រថយន្ត​ត្រូវ​បាន​រត់គេច​បាត់ស្រមោល។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០​ខែ​មិនា​ឆ្នាំ​២០១៦​នៅ​ចំណុច​ស្ពាន​អូរ​ពងមាន់ ស្ថិត​ក្នុង​ភូមិ​រាជានុកូល សង្កាត់​- ក្រុង​- ខេត្ត​ស្ទឹងត្រែង។

សមត្ថកិច្ច​ចរាចរ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​១​ឈ្មោះ​ចៃ ឡាក់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (​រត់​ម៉ូតូឌុប​) មាន​ទីលំនៅ​ក្នុង​ភូមិ​រា​ជានុ​កូ​ល សង្កាត់ ក្រុង ខេត្ត​ស្ទឹងត្រែង​។​២​ឈ្មោះ​ស្រី លាក់ អាយុ​៦​ឆ្នាំ រួម​ដំណើរ​ជាមួយ​ម្តាយ​ឈ្មោះ​យឹម ចា​ត ភេទ​ស្រី អាយុ​៣១​ឆ្នាំ​(​ស្លាប់​)​មាន​ស្រុកកំណើត​ព្រៃ​គុយ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ស្រះ​ព្រៃ​ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ចំណែក​ម្ចាស់​រថយន្ត​សាំ​យ៉ុង មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ក្រោយ​កើតហេតុ​បាន​បើក​រត់គេច​បាត់ស្រមោល​។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​នៅមុន​កើតហេតុ​គេ​បាន​ឃើញ បុរស​ម្នាក់​ជា​អ្នក​រត់ម៉ូតូឌុប បើក​ម៉ូតូ​ម៉ាកវ៉េវ​ពណ៌ខៀវ​គ្មាន​ស្លាក​លេខ ដឹក​ស្ត្រី​ម្តាយ​កូន​២​នាក់ ក្នុង​ទិសដៅ​ពី​ជើង​មក​ត្បូង​បត់​ឆ្វេង មិនបាន​មើល​ក្រោយ ខណៈ​នោះ ក៏​មាន​រថយន្ត​ម៉ា​សាំ ដឹក​អ្នកដំណើរ​កម​ពីក្រោយ ក្នុង​ទិសដៅ​ស្របគ្នា​បាន​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ស្ត្រី​ម្នាក់​ស្លាប់​កូន​របួសធ្ងន់ និង​អ្នកបើកបរ​ម៉ូតូ​របួសធ្ងន់​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត។

ក្រោយ​កើតហេតុ​គេ​បាន​ឃើញ នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ចុះ​មក​ធ្វើការ​វាស់វែង នាំ​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​ខេត្ត​។​ចំណែក​រថយន្ត​ដែល​រត់គេច​សមត្ថកិច្ច​ពុង​ស្វែងរក​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕
សាំ​យ៉ុង​បុក​ម៉ូតូ​ឆ្លង​ផ្លូវ​ស្លាប់​ម្នាក់ ​របួសធ្ងន់​២​នាក់​