រថយន្ត​ឡង់​គ្រី​ស័រ​បើក​លឿន បុក​ម៉ូតូ​មួយ​គ្រឿង​ បណ្ដាល​ឲ្យ​នារី​២​នាក់​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​

រថយន្ត​ឡង់​គ្រី​ស័រ​បើក​លឿន បុក​ម៉ូតូ​មួយ​គ្រឿង​ បណ្ដាល​ឲ្យ​នារី​២​នាក់​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​



ភ្នំពេញ ៖ រថយន្ត​ឡង់​គ្រី​ស័រ​បើក​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ជ្រុល​មក​បុក​ម៉ូតូ មួយ​គ្រឿង​ពេញទំហឹង បណ្ដាល​ឲ្យ​នារី​២​នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ ចំណែក រថយន្ត​បន្ថែម​ល្បឿន​បើក​គេចខ្លួន​បាត់ស្រមោល។

ហេតុការណ៍​គ្រោះ នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ ដែល​ធ្វើដំណើរ​តាម​ដង​ផ្លូវ និង​សមត្ថកិច្ច​ចុះ​ដល់​កន្លែង​កើតហេតុ​ កាលពី​វេលា​ម៉ោង​៤​និង​០៥​នាទី​ទៀបភ្លឺ ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ នៅ​ខាង​ជើងវត្ត​ទួល​ទំពូង តាម​បណ្ដោយ​ម៉ៅ​សេទុង ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​ចំការមន។

សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​ពីរ​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហង់​ដា​ឃ្លិ​ច ពណ៌​ស ពាក់​ស្លាក​លេខ ព្រៃវែង 1G.2630 ជិះ​ឌុប​គ្នា​ក្នុង​ល្បឿន​ល្មម និង​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​កន្លែង​កើតហេតុ​ស្រាប់​តែ​មាន​រថយន្ត​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ មួយ​គ្រឿង​បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ក៏​ជ្រុល​មក​បុក​ពីក្រោយ​ចំ​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង​បណ្ដាល​ឲ្យ​នារី​២​នាក់​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ចំណែក​ឯ​រថយន្ត​ឡង់​ឌឺ​ស័​រ​ក្រោយពី​បង្កហេតុ​រួច ក៏​បន្ថែម​ល្បឿន​បើក​គេចខ្លួន​បាត់​ស្រមោល​តែម្ដង។

ក្រោយពេល​កើតហេតុ នារី​រងគ្រោះ​ទាំងពីរ​នាក់​ ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ដោយឡែក​ម៉ូតូ​រង​ការ​ខូច​ខាង​យ៉ាង​ដំណំ​ផងដែរ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​វាស់វែង​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន រង់ចាំ​ប្រគល់​ឲ្យ​ម្ចាស់​នៅ​ពេល​ក្រោយ​៕