ព្រឹក​នេះ​ សមត្ថកិច្ច​បន្ត​នីតិវិធី​បញ្ជូន​ជនសង្ស័យ​៤​នាក់ ​ទៅ​តុលាការ ​ករណី​បទល្មើស​គ្រឿងញៀន​

ព្រឹក​នេះ​ សមត្ថកិច្ច​បន្ត​នីតិវិធី​បញ្ជូន​ជនសង្ស័យ​៤​នាក់ ​ទៅ​តុលាការ ​ករណី​បទល្មើស​គ្រឿងញៀន​



ភ្នំពេញ​ ៖​ យោង​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ប្រាប់​នា​រសៀល​ថ្ងៃទី​២០ ខែ​មី​នា​ថា ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស​មត្ថកិច្ច​នឹង​បន្ត​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២១ ខែមីនា ឆ្នាំ​២០១៦ ខណៈ​ដែល​បញ្ជូន​ទៅ​តុលាការ​រួច​ម្តង​ទៅ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមីនា ប៉ុន្តែ​ការសាកសួរ​មិន​ទា​ន់​ត្រូវ​បាន​បញ្ចប់។​

ជនសង្ស័យ​ទាំង​៤​នាក់ ដែល​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ធ្វើការ​ឃាត់ខ្លួន​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ទី​១ ​ឈ្មោះ ភិន ដាលីន ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​តូប​អ៊ុតសក់ ផ្សារ​ទួល​ពង្រ សង្កាត់​ចោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ( ជួញដូរ ) ទី​២​ឈ្មោះ ឆេង សង្ហា ហៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិនពិត​ប្រាកដ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ (​ប្រើប្រាស់​) ទី​៣​ ឈ្មោះ គឹម ដែន ហៅ​កណ្ដុរ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ (​ប្រើប្រាស់​) និង​ទី​៤​ឈ្មោះ ដា​រ៉ូ ម៉ី​ម៉ី ហៅ ម៉ី ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ (​ប្រើប្រាស់​)​។​

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ដោយមាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦ សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ទីតាំង​ជួញ​ដូ​រ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ជាក់ស្តែង នៅ​ចំណុច​បន្ទប់​ជួល​លេខ​២ ស្ថិតនៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ឃាត់​បាន​ជនសង្ស័យ​ចំនួន ៣​នាក់ ទី​១​ឈ្មោះ ឆេង សង្ហា ហៅ ញ៉ា​ញ់ ទី​២​ឈ្មោះ គឹម ដែន ហៅ កណ្តុរ និង​ទី​៣​ឈ្មោះ ដា​រ៉ូ ម៉ី​ម៉ី ហៅ ម៉ី ដកហូត​សម្ភារៈ​ប្រើ​ប្រាស់​គ្រឿ​ង​ញៀន​មួយចំនួន និង​ម៉ូតូ ១​គ្រឿង ម៉ាក​និច ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DH-4591 នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ធ្វើការ​សួរនាំ ហើយ​ក្រោយពី​ធ្វើការ​សាកសួរ​បាន​ចម្លើយ​សារភាព​ពី​ក្រុម​ជនសង្ស័យ សមត្ថកិច្ច​បាន​បន្ត​ប្រតិបត្តិការ​​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ជា​អ្នក​ជួញដូរ​គ្រឿងញៀន​ ឈ្មោះ ភិន ដាលីន នៅ​ត្រង់​ចំណុច​ផ្លូវ​បេ​តុ​ង​ចូល​បុរី ឡាយ គង់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ នា​វេលា​រសៀល​ថ្ងៃខែ​ដដែល ដកហូត​វត្ថុ​តាង​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ( ICE ) ចំនួន ២​កញ្ចប់ ទម្ងន់ ៧,០៥​ក្រាម ស្មើ​តម្លៃ ៣០០​ដុល្លារ និង​ម៉ូតូ ១​គ្រឿង ម៉ាក​ស្កុប​ពី ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FE-8403 នាំមក​កាន់​អធិការដ្ឋាន​នគរ​បាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕

ព្រឹក​នេះ​ សមត្ថកិច្ច​បន្ត​នីតិវិធី​បញ្ជូន​ជនសង្ស័យ​៤​នាក់ ​ទៅ​តុលាការ ​ករណី​បទល្មើស​គ្រឿងញៀន​