គ្រឿងញៀន និង​មុខសញ្ញា​ជួញដូរ​ម្នាក់ ត្រូវ​កម្លាំង​ប៉េអឹម​បង្ក្រាប​

គ្រឿងញៀន និង​មុខសញ្ញា​ជួញដូរ​ម្នាក់ ត្រូវ​កម្លាំង​ប៉េអឹម​បង្ក្រាប​



បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ធ្វើការ​ឃាត់ខ្លួន​ព្រមទាំង​បាន​ដកហូត​នូវ​សារធាតុ​ញៀន​មួយ​ចំនួន​ផង ខណៈ​ដែល​ជនសង្ស័យ​រូប​នេះ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង។

កិច្ចប្រតិបត្តិការ​នេះ​ដែរ គឺ​កម្លាំង​សមត្ថកិច្ច​បាន​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​២០ ខែមីនា​ឆ្នាំ​២០១៦ វេលា​ម៉ោង​២ រសៀល​ត្រង់​ចំណុច ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយ​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​ដែរ គឺ​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ឈ្មោះ លី គឹម​ហៀ​ង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​រស់នៅ ភូមិ​អញ្ចាញ​សង្កាត់ អូរ​ចារ ដោយ​បាន​ដកហូត​នូវ​គ្រឿង​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ៧ កញ្ចប់ ស្មើនឹង​ទម្ងន់ ១,៤៤​ក្រាម ទូរស័ព្ទ ដៃ​ចំនួន​មួយ គ្រឿង។

លោក សូ ឌី ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ បាន​ឲ្យ​ដឹង​ថា មុខសញ្ញា​នេះ​ត្រូវ​បាន​កម្លាំង​តាម​ប្រមាញ់​ជា​យូរ​មក​ហើយ ប៉ុន្តែ​មិន​មាន​ឱកាស​ដើម្បី​ឃាត់ខ្លួន​ទាល់តែសោះ ទើប​តែ​ពេលនេះ​គឺ​មាន​ឱកាស​តែម្តង ខណៈ​ដែល​រូបគេ​កំពុង​ធ្វើ​សកម្មភាព​ជាក់​ស្តែង ដោយពេល​នេះ​កម្លាំង​របស់​លោក​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ហើយ និង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់៕