តើ​ប្រជាជន​ខ្មែរ​ចាប់​ប្រើប្រាស់​កណ្ដៀវ​តាំងពី​ពេលណា​?

តើ​ប្រជាជន​ខ្មែរ​ចាប់​ប្រើប្រាស់​កណ្ដៀវ​តាំងពី​ពេលណា​?



ភ្នំពេញ ​៖ យោង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​កម្ពុជា​ពី​បុព្វ​សម័យ​ដល់​សតវត្ស​ទី​៨​របស់​បណ្ឌិត​មី​សែ​ល ត្រា​ណេ​គ​.​ស​១៩៩៦ ​បាន​បង្ហាញ​ក្នុង​ផ្ទាំង​ទី​២៥​បញ្ជាក់​ថា ប្រជាជន​ខ្មែរ​ចេះ​ប្រើប្រាស់​ឧបករណ៍​ក​ណ្ដៀវ​តាំងពី​សម័យ​បុរេប្រវត្តិសាស្ត្រ​មក​ម្ល៉េះ។ អ្វី​ដែល​យើង​ហ៊ាន​អះអាង​ដូច្នេះ​ដោយសារ​តែ​មាន​ភស្តុតាង​ផ្លែ​កណ្ដៀវ​ចាស់​មួយ​ ដែល​ធ្វើ​អំពី​ដែក​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ស្ថានីយ​ប្រវត្តិសាស្ត្រ​ម្លូព្រៃ​និង​សំរោង​សែន​។​ ​ ​ ​ ​

​ក្រោយពី​យើង​បានឃើញ​រូបរាង​នៃ​ផ្លែ​កណ្ដៀវ​បុរាណ​នោះ​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​យល់ថា ទ្រង់​ទ្រា​យ​នៃ​ផ្លែ​កណ្ដៀវ​ពី​សម័យ​បុរាណ ​និង​ផ្លែ​កណ្ដៀវ​យើង​សព្វ​ថ្ងៃ​នេះ​ពុំ​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​នោះ​ឡើយ​។ លក្ខណៈ​របស់​ផ្លែ​កណ្ដៀវ​នៅតែ​រក្សា​បាន​នូវ​ភាព​ធម្មតា​នៃ​ការ​ពេញ​និយម​របស់​ប្រជាកសិ​ក​រ​ខ្មែរ​រហូតមកដល់​បច្ចុប្បន្ន​នេះ ដែល​គេ​ធ្វើឡើង​អំពី​បន្ទះ​ដែក​ ដែល​ជាងដែក​បាន​យក​ទៅ​ដុត​ និង​ដំ​ ពត់ វា​ឲ្យ​មាន​រាង​ក្ងក់​ហៅថា​ រាង​ក​កុក​ ហើយ​មានមុខ​ស្តើង​ធ្មេញ​កណ្ដូប​ទាក់ ​និង​មុត​ដូច​កាំបិត​ដែរ​។​

​ការ​និយម​ប្រើប្រាស់​កណ្ដៀវ​របស់​ប្រជាកសិករ​ខ្មែរ​តាំងពី​បុរាណ​រហូតមកដល់​សព្វថ្ងៃ​នេះ​ឃើញថា ពុំ​មាន​ខុសប្លែក​ពី​គ្នា​នោះ​ទេ ពោល​សណ្ឋាន​នៃ​ផ្លែ​កណ្ដៀវ​នៅតែ​រក្សា​បាន​រូបរាង​ដូចគ្នា​ (​ក្នុង​រូបភាព​)​។ នៅក្នុង​សង្គម​ខ្មែរ​យើង​តាំងតែ​ពី​សម័យ​បុព្វបុរស​ដូនតា​ជាច្រើន​ជំនាន់​មក​ហើយ​តែង​និយម​ប្រើ​ប្រាស់​កណ្ដៀវ មាន​លក្ខណៈ​៣​យ៉ាង​ដែល​«​កម្ពុ​ជាថ្មី​»​សូម​ធ្វើការ​បង្ហាញ​ជូន​ដូច​ខាង​ក្រោម ​៖
​ ​
ទី​១-​កណ្ដៀវ​ខ្វាង ​៖​ ផ្លែ​កណ្ដៀវ​ប្រភេទ​នេះ​មិន​មានការ​សាប់​ឲ្យ​មាន​ធ្មេញ​កណ្ដូប​នោះ​ទេ​គឺ​កណ្ដៀវ​មានមុខ​ដូច​កាំបិត​ដែរ​ដោយ​គ្រាន់​តែ​មាន​រាង​​ខុប​ប៉ុណ្ណោះ​។ ប្រជាកសិករ​ខ្មែរ​ប្រើប្រាស់​កណ្ដៀវ​ប្រភេ​ទ​នេះ​ក្នុង​ការ​កាវ​ ឬ​ខ្វារ​កាប់ ​និង​ត្រួស​ព្រៃ​ជាដើម ដែល​ភាគ​ច្រើន​គេ​សង្កេតឃើញ​ប្រជាកសិករ​នៅ​តំបន់​មាត់ទន្លេ​ប្រើ​សម្រាប់​កាប់​ដើម​ពោត ​ឬ​ដាក់​ដង​ឲ្យ​វែង​ប្រើ​សម្រាប់​កាវ​ផ្លែឈើ​ជាដើម​។​
​ ​
ទី​២-​កណ្ដៀវ​តូច​ដង​ខ្លី​ ៖ ប្រជាកសិករ​ប្រើ​កណ្ដៀវ​ប្រភេទ​នេះ​សម្រាប់​ច្រូតស្មៅ​គោ ​ឬ​ច្រូតស្រូវ​ ដែល កណ្ដៀវ​តូច​ដង​ខ្លី​នេះ​មានមុខ​តាម​បែប​ធ្មេញ​កណ្ដូប ហើយ​គេ​សង្កេតឃើញ​ប្រជាកសិករ​រស់​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​នៅ​និយម​ប្រើប្រាស់​កណ្ដៀវ​ប្រភេទ​នេះ​ច្រើន​សម្រាប់​ច្រូតស្មៅ​ និង​ច្រូតស្រូវ​។​

​ទី​៣-​កណ្ដៀវ​មាន​លំពាស់​ ៖ កណ្ដៀវ​ប្រភេទ​នេះ​ប្រជាកសិករ​យើង​នៅ​តាម​ស្រុកស្រែ​ចម្ការ​ប្រើ​សម្រា​ប់​ច្រូតស្រូវ​ ដែល​ភាគច្រើន​ឃើញ​មាននៅ​បាត់ដំបង ពោធិ៍សាត់​។ កណ្ដៀវ​លំពាស់​មាន​ផ្លែ​ទំហំ​ប៉ុន​ស្លាបមាន់​វា​ស្រដៀង​នឹង​ផ្លែ​កណ្ដៀវ​ច្រូតស្មៅ​ដែរ​តែ​ខុសប្លែក​ពី​គ្នា​ត្រង់​ដង​កណ្ដៀវ​មាន​លំពាស់​បែក​ចេញ​ម្ខាង​ឡើង​ខុប​ចុះ​មក​ក្រោម​បន្តិច​សម្រាប់​ក្រសាវ​ទាញ​គុម្ព​ស្រូវ​ឲ្យ​មូល​ក្នុង​កណ្ដាប់ដៃ ​ដើម្បី​បង្វិ​ល​មក​ខាង​ផ្លែ​កណ្ដៀវ​ក្នុង​ការ​ច្រូតកាត់​ផ្តាច់​ដើម​ស្រូវ​យ៉ាង​ឆាប់រហ័ស​បំផុត​៕
​ ​
​ ​
​ ​