ទីតាំង​ជល់​មាន់​មួយ​កន្លែង​ត្រូវ​បាន​បង្ក្រាប​ សង្ស័យ​លួច​បើក​យូរហើយ

ទីតាំង​ជល់​មាន់​មួយ​កន្លែង​ត្រូវ​បាន​បង្ក្រាប​ សង្ស័យ​លួច​បើក​យូរហើយ



កំពង់ស្ពឺ​ ៖ ​​ទីតាំង​បើក​សង្វៀន​ជល់​មាន់​មួយ​កន្លែង​ ត្រូវ​បាន​បង្ក្រាប​ ​ដោយ​មិន​បាន​ចាប់​អ្នក​លេង​ល្បែង​បញ្ជល់​មាន់​ណា​ម្នាក់​ឡើយ តែ​ចាប់​បាន​​​មាន់​ និង​ដក​ហូត​វត្ថុ​សម្រាប់​ជល់​មាន់​មួយ​ចំនួន​ រួម​នឹង​ម៉ូតូ​ផង​ដែរ។

ករណី​បង្ក្រាប​ទីតាំង​ជល់​មាន់​នេះ ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ​ថ្ងៃ​ទី​២០ ​ខែ​មីនា​ ឆ្នាំ​២០១៦ ​ស្ថិត​នៅ​ខាង​កើត​ស្ទឹង​អន្លង់​ឫស្សី ​ក្នុង​ភូមិ​ក្រាំង​ពង្រ ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ។

យោង​តាម​របាយការណ៍​របស់​លោក​វរសេនីយ៍ត្រី​ ប៊ុត ប៊ុនធឿន អធិការ​នគរបាល​ស្រុក​ឱរ៉ាល់​បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​នគរបាល​ស្រុក និង​កម្លាំង​ប្រជា​ការពារ​ភូមិ ប្រមាណ​១០​នាក់​បាន​ចុះ​ឡោមព័ទ្ធ​ទីតាំង​ជល់​មាន់​ខាង​លើ។ ពេល​នោះ​ ​មនុស្ស​ជាច្រើន​បាន​រត់​គេច​ខ្លួន​ និង​បាន​បន្សល់ទុក​វត្ថុ​តាង​មួយ​ចំនួន។

របាយការណ៍​បាន​បញ្ជាក់​ថា ក្រោយពី​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​រត់​បាត់​អស់ ​សមត្ថកិច្ច​បាន​ប្រមូល​​ ម៉ូតូ​ចំនួន​០២​គ្រឿង, មាន់​ជល់​ចំនួន​០២​ក្បាល, ជញ្ជីង​ថ្លឹង​ចំនួន​០១​គ្រឿង, ស្កុត​រុំ​ខ្នាយ​មាន់​ចំនួន​០៩​ដុំ, ធូប​សម្រាប់​ដាក់​ទឹក​មាន់​០១​ដុំ, ធុង​ក្លាស្សេ​ចំនួន​០១, កន្ត្រក​ដាក់​មាន់០៣, ស្បៃ​​​០១ ដុំ , ជ័រ​សង្វៀន​០១​ដុំ​ រួម​ទាំង​ស្បែក​ជើង​ជា​ច្រើន​គូ​ ដែល​គេ​រត់​ចោល។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បង្ហើប​ថា ក្រុម​អ្នក​ជល់​មាន់​ទាំង​នេះ​ បាន​លួច​ចល័ត​លេង​ក្នុង​ភូមិសាស្ត្រ​ខាង​លើ ​ជា​តំបន់​ដាច់​ស្រយាល មិន​សូវ​មាន​អ្នក​រស់នៅ​ ជាទី​តាំង​ស្ងាត់​ ដើម្បី​បើក​បញ្ជល់​មាន់​យ៉ាង​អនាធិបតេយ្យ។ តែ​ក៏​មាន​ប្រភព​ខ្លះ​បាន​បង្ហើប​ថា ​កន្លង​មក​មេ​សង្វៀន​ជល់​មាន់​ក៏​ធ្លាប់​បាន​រត់ការ​បង់លុយ​ជា​ខែ ជា​អាទិត្យ​សម្រាប់​សមត្ថកិច្ច​ខ្លះ​ៗ​ដែរ តែ​ម្ដង​នេះ​ម្ចាស់​សង្វៀន​បែប​ចង់​ស៊ីដាច់​សមត្ថកិច្ច​ហើយ ​ទើបបាន​ត្រូវ​បង្ក្រាប​ដូចនេះ​ទៅវិញ។

ករណី​បើក​ល្បែង​ស៊ី​សង​យ៉ាង​អនាធិបតេយ្យ​បែប​នេះ ​មិន​មែន​កើត​ឡើង ​តែ​ស្រុក​ឆ្ងាយ​បែបនេះ​នោះ​ទេ សូម្បីតែ​ក្នុង​តំបន់​ចម្ការ​ចេក​ក្នុងស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​នេះ​ ក៏​មាន​ការ​បើក​សង្វៀន​បញ្ជល់​មាន់​យ៉ាង​អនាធិបតេយ្យ​ដែរ​ ក្នុង​នោះ​ដូច​ជា​នៅ​ផ្សា​តាឡាត់​នោះ​ដែរ​ ក៏​ត្រូវ​បាន​គេ​ដឹង​ថា មាន​បើក​ល្បែង​យូគី ​រួម​ទាំង​កន្ទុយលេខ​ក្នុង​ផ្ទះ​យ៉ាង​គគឹក​គគ្រេង ដោយ​ត្រូវ​បាន​គេ​ដឹង​ថា​ បាន​បង់​លុយ​ជា​ថ្នូរ​នឹង​ការ​បើក​លេងល្បែង​ទាំងនេះ។

ភូមិ​ឃុំ​មាន​សុវត្ថិភាព​ត្រូវ​បាន​គេ​ដឹង​ថា ​រាជរដ្ឋាភិបាល បាន​ដាក់​បញ្ជា​ដល់​មន្ត្រី​ក្រោម​ឱវាទ​នៅ​​៩​ចំណុច​ដើម្បី​ឲ្យ​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​អនុវត្ត​គោលការណ៍​នេះ ​ក្នុង​ការធានា​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។ នៅ​ក្នុង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នេះ​ដែរ គេ​ផ្ដោត​ទៅ​លើ​ការ​លេង​ល្បែងស៊ីសង​នេះ​ជា​ចំណុច​ពិសេស​ ដែល​នាំ​ឲ្យ​កើត​ចោរកម្ម​នានា​នោះ​ផង​ដែរ៕

ទីតាំង​ជល់​មាន់​មួយ​កន្លែង​ត្រូវ​បាន​បង្ក្រាប​ សង្ស័យ​លួច​បើក​យូរហើយ