ភ្លើង​ឆេះ​ព្រៃ​ខាងក្រោយ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រះ ​បំផ្លាញ​កាំភ្លើង​១១​ដើម ​និង​គ្រាប់​២​ពាន់​គ្រាប់​

ភ្លើង​ឆេះ​ព្រៃ​ខាងក្រោយ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រះ ​បំផ្លាញ​កាំភ្លើង​១១​ដើម ​និង​គ្រាប់​២​ពាន់​គ្រាប់​



ព្រះវិហារ ៖ សេចក្ដីរាយការណ៍​ពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា ​ដោយសារ​អាកាស​ធាតុ​ក្តៅ​ស្ងួត​ខ្លាំង ទើប​បណ្តាល​ឲ្យ​កើតមាន​គ្រោះធម្មជាតិ​ភ្លើង​ឆេះ​ព្រៃ​ក្បែរ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រះ​ដែល​ទីតាំង​វត្ត​មួយ​នេះ​ឆ្ងាយ​ពី​ប្រាង្គ​ប្រាសាទ​ព្រះវិហារ​ចម្ងាយ​ប្រមាណ​៧០០​ម៉ែត្រ​ប៉ុណ្ណោះ​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​មីនា ​ឆ្នាំ​២០១៦​ ដែល​មាន​ចម្ងាយ​ប្រមាណ​១៥០​ម៉ែត្រ​ប៉ុណ្ណោះ ​នៅ​ខាងក្រោយ​វត្ត​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឈរជើង​នៅ​ទីនោះ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ប្រចាំការ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា ​កាលពី​ថ្ងៃ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៦​ អាកាសធាតុ​ក្តៅ​ខ្លាំង​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​គុម្ព​ព្រេច ​ហើយ​បាន​រាល​ដាល​ឆេះ​ដល់​ខាងក្រោយ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រះ​។

ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នេះ​មាន​រយៈពេល​២​ម៉ោង​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ និង​កង​ទ័ព​ប្រចាំការ​នៅ​ទីនោះ​ប្រមាណ​៦០​នាក់​នាំគ្នា​អន្តរាគមន៍​ដងទឹក​ពន្លត់​រលត់​ទៅ​វិញ​។​ វា​ពុំ​មាន​រង​របួស​ដល់​មនុស្ស​ណា​ម្នាក់​នៅក្បែរៗ​នោះទេ។

លទ្ធផល​ភ្លើង​ឆេះ​ព្រៃ​ខាងលើនេះ​បាន​បន្សល់ទុក​នូវ​ការ​ខាតបង់​មួយ​ចំនួន ​គឺ​ឆេះ​អាវុធ​អស់​ចំនួន​១១​ដើម​ និង​ក្បាល​គ្រាប់​ប្រមាណ​២​ពាន់​គ្រាប់​ ដែល​អាជ្ញាធរ​បាន​រក្សាទុក​ក្នុង​ខ្ទម​ធ្វើ​ពី​ឈើ​ប្រក់​ស្លឹក​។​ ហេតុការណ៍​នេះ​សំណាងល្អ​ហើយ​ដែល​ក្បាល​គ្រាប់​មិន​ផ្ទុះ​ទៅ​ត្រូវ​ចំ​ភ្ញៀវ​ទេសចរ​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្បែរ​វត្ត​ឆ្ពោះទៅកាន់​ប្រាង្គ​ប្រាសាទព្រះវិហារ​នោះ។​

រហូតមកដល់​ថ្ងៃ​ទី​២១​មីនា​នេះ​មិនទាន់មាន​សេចក្ដីថ្លែងការណ៍​បំភ្លឺ​ណាមួយ​ពី​អាជ្ញាធរ​កង​កម្លាំង ​និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ​នៅ​ឡើយ​ទេ​ចំពោះ​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្បែរ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រះ​ ហើយ​ចៃដន្យ​អាក្រក់​វា​បាន​រាលដាល​ទៅ​ឆេះ​អាវុធ​ និង​គ្រាប់រំសេវ​នៅ​ក្បែរ​នោះ​ថែមទៀត​។​អ្នកសារព័ត៌មាន​ហៅ​ទូរស័ព្ទ​ទៅកាន់​មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ចូល​ហើយ ​ប៉ុន្តែ​មិន​មាន​អ្នក​លើក​ទទួល​៕