ពាណិជ្ជករ​ម៉ាឡេស៊ី​បោះទុន​១៦​លាន​ដុល្លារ ​វិនិយោគ​លើ​សណ្ឋាគារ​ និង​ទេសចរណ៍​ នៅ​កម្ពុជា​

ពាណិជ្ជករ​ម៉ាឡេស៊ី​បោះទុន​១៦​លាន​ដុល្លារ ​វិនិយោគ​លើ​សណ្ឋាគារ​ និង​ទេសចរណ៍​ នៅ​កម្ពុជា​



ភ្នំពេញ ​៖ ​ដោយ​មើលឃើញ​ពី​សក្ដានុពល​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​នោះ​អ្នក​វិនិយោគ​វ័យក្មេង​ជន​ជាតិ​ម៉ាឡេស៊ី បាន​បោះទុន​ប្រមាណ​១៦​លាន​ដុល្លារ​អាមេរិក​ ដើម្បី​វិនិយោគ​លើ វិស័យ សណ្ឋាគារ កាស៊ីណូ និង​ទេសចរណ៍ ​នៅ​ខេត្ត​ព្រះសីហនុ។​

កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ ទី​១៩ ខែមីនា ឆ្នាំ​២០១៦ ​នៅ​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់ លោក​ឧកញ៉ា ​លីន ​ជៀ​លុន ​(Lin Jia Lun) ​អគ្គនាយក ក្រុម ហ៊ុន​SV International Group ​បាន​ទទួល​អាជ្ញា​ប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ប្រគល់​ដោយ​ លោក ឯម សំអាន ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។​

លោក​ឧកញ៉ា ​លីន ​ជៀ​លុន​ បាន​មានប្រសាសន៍ថា​ បន្ទាប់ពី​បាន​សិក្សា​ឃើញថា​ កម្ពុជា​មាន​សក្តា​នុ ពល​ផ្នែក​ទេសចរណ៍​លោក​បាន​បោះទុន ១៦​លាន ដុល្លារ ​ដើម្បី​ទិញ​សណ្ឋាគារ​ទំនើប​មួយ​នៅ​ខេត្ត​ព្រះសីហនុ​។ ​លោក​បាន​បន្ត​ថា​ «​បានជា​ខ្ញុំ​ហ៊ាន​បណ្ដាក់ទុន​ក្នុង​ទឹកប្រាក់​ដ៏​ច្រើន​នេះ​ ដោយសារ​មើ​ល​ឃើញ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ សេដ្ឋកិច្ច​កំពុង​រីក​លូតលាស់ ព្រមទាំង​មាន​ស្ថិរភាព​នយោ​បាយ​ និង​សុខ​សន្តិភាព​។​ ម្យ៉ាងទៀត មាន​អ្នកវិនិយោគទុន​ជាច្រើន​បាន​ចូល​មក​រកស៊ី​នៅ​កម្ពុជា​»​។​
​ក្រៅពី​វិស័យ​សណ្ឋាគារ​វិនិយោគិន​ចិន​ម៉ាឡេស៊ី​រូប​នេះ ​ក៏បាន​បើក​អាជីវកម្ម​បញ្ចាំ​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ ​ហើយ​នៅពេល​អនាគត​ក៏​មាន​គោលបំណង​ចង់​រកស៊ី​លើ​វិស័យ​អចលនទ្រព្យ ​និង​កសិកម្ម​ទៀត​ផង​។​ ជាង​នេះ​ទៀត​ក្រុមហ៊ុន​របស់​លោក​បាន​នាំ​យក​អំណោយ​មួយ​ចំនួន​ធំ​ ទៅ​ចែក​ជូន​កុមារ​កំព្រា និង​ប៉េអិម​នៅ​ខេត្ត​ព្រះសីហនុ ហើយ​លោក​បាន សន្យា​ថា​នឹង​ធ្វើ​កម្មវិធី​មនុស្សធម៌​ជួយ​ទៅដល់​សង្គម​ជា​រៀង​រាល់​ខែ​។​

​លោក​ឧកញ៉ា​ លី ន​ជៀ​លុន​ បាន​ឲ្យ​ដឹង​ថា ​ក្រៅពី​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ លោក​ក៏​មាន​បើក​អា​ជីវកម្ម​បញ្ចាំ​មួយ​នៅ​រាជធានី​ភ្នំពេញ​ដែរ​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅពេល​អនាគត លោក​បាន​សម្លឹង​ឃើញ​វិស័យ​កសិកម្ម និង​អចល​ទ្រព្យ​ជាពិសេស​នៅ​ខេត្តសៀមរាប​ផង​ដែរ។​
​ ​
លោក​បាន​បន្ថែម​ទៀត​ថា ​«​កម្ពុជា​ជាទី​ផ្សារ​វិនិយោគ​ទុន​ដ៏​ល្អ​ និង​មាន​ទំនាក់ទំនង​ការទូត​ល្អជា​មួយ​ប្រទេសជិតខាង​ជាពិសេស​ម៉ាឡេស៊ី​»​។​
​ ​
គិត​មកទល់​បច្ចុប្បន្ន ចំនួន​កាស៊ីណូ​ដែល​បាន​ចុះបញ្ជី​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​សរុប​ចំនួន​៥៩​កន្លែង​រាប់ទាំង​នៅ​ភ្នំពេញ មួយ​កន្លែង និង​នៅ​តាម​ច្រកព្រំដែន​ប្រទេស​ថៃ​-វៀតណាម​។ ចំនួន​កាស៊ីណូ​ដែល​ទទួល​អាជ្ញា​ប័ណ្ណ​កំពុង​ប្រតិបត្តិការ​នៅ​តំបន់​ព្រំដែន​មាន​សមាមាត្រ​នឹង​ចំនួន​ជិត​៨​ពាន់​ស្លុត​ម៉ាស៊ីន​(Slot Machines) និង​ជាង​២.៥០០​ទូរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ​នៅ​ឆ្នាំ​២០១៥​កម្ពុជា​ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ចំនួន​៤,៧៧​លាន​នាក់​កើនឡើង​៦,១​ភាគរយ​ (​ឆ្នាំ​២០១៤ ​មាន​ជាង​៤​លាន​៥​សែន​នាក់​) ​ក្នុង​នោះ​មកពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​៧៧,៨​ភាគរយ តំបន់​អឺរ៉ុប​១៥,១​ភាគរយ តំបន់​អាមេរិក​៦,៦​ភាគរយ​ដោយ​បាន​នាំមក​ចំណូល​ចូលជាតិ​ប្រមាណ​៣០០០​លាន​ដុល្លា​អាមេរិក​។​ ក្រសួងទេសចរណ៍​រំពឹង​ថា​នៅ​ឆ្នាំ​២០២០​ខាងមុខ​កម្ពុជា​នឹង​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​កម្ពុជា​កើន​ដល់​ប្រ​មា​ណ​៨​លាន​នាក់ ​និង​រក​ប្រាក់​ចំណូល​ចូលជាតិ​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អាមេរិក​៕

ពាណិជ្ជករ​ម៉ាឡេស៊ី​បោះទុន​១៦​លាន​ដុល្លារ ​វិនិយោគ​លើ​សណ្ឋាគារ​ និង​ទេសចរណ៍​ នៅ​កម្ពុជា​