វិទ្យាស្ថាន​ខុង​ជឺ ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ប្រជុំ​ពង្រឹង​វិន័យ​ និង​ការអនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​

វិទ្យាស្ថាន​ខុង​ជឺ ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ប្រជុំ​ពង្រឹង​វិន័យ​ និង​ការអនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​



ដើម្បី​ពង្រឹង​វិន័យ​និង​ការអនុវត្ត​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព​វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​បើក​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និង​ប្រចាំ​ឆ្នាំ​២០១៦​កាលពី​រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦​នេះ​ជា​ការ​កំណត់​នៃ​ការប្រជុំ​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៦​របស់​វិទ្យាស្ថាន​ដែល​មាន​គ្រូបង្រៀន​ជនជាតិ​ចិន​ចំនួន​២៥​រូប​បម្រើ​ការងារ​នៅ​រាជធានី​ភ្នំពេញ​ក្នុងចំណោម​៧៨​រូប​ដែល​បម្រើ​ការងារ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​កំណត់​ពី​ទិសដៅ​សម្រាប់​ការអនុវត្ត​នៅ​ត្រីមាស​ទី​២​បន្ត​ទៀត។

លោក​បណ្ឌិត ជា មុនី​ឫទ្ធិ នាយក​វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ផ្តល់​ព័ត៌មាន​ថា កិច្ចប្រជុំ​នា​ថ្ងៃនេះ​គឺ​ដើម្បី​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ផែនការ​ ក្នុង​ការ​ពង្រឹង​គុណភាព​អប់រំ​ថ្នាក់​បរិញ្ញាបត្ររង​ និង​ថ្នាក់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ចិន ​នៅ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ស្របតាម​និយាម​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ការចាត់ចែង​រៀបចំ​ក្នុង​ការ​បញ្ជូន​និស្សិត​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​សិក្សា​២០១៦-២០១៧​នេះ​។

លោក​បាន​ឲ្យ​ដឹង​បន្ត​ថា អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន​របស់​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​មាន​ចំនួន​៣​ប្រភេទ គឺ​ការ​បំប៉ន​ភាសា​ចិន​ដែល​មាន​រយៈពេល​៦​ខែ​និង​១​ឆ្នាំ ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ចិន​រយៈពេល​៤​ឆ្នាំ និង​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា​រួមមាន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​អក្សរសាស្ត្រ​ចិន​រយៈពេល​២​ឆ្នាំ និង​ថ្នាក់បណ្ឌិត​អក្សរសាស្ត្រ​ចិន​រយៈពេល​៣​ឆ្នាំ​។ អាហារូបករណ៍​នេះ​រួម​មានការ​ស្នាក់នៅ ប័ណ្ណធានា​រ៉ាប់រង​សុខភាព សៀវភៅ​សិក្សា ថ្លៃ​សាលា និង​ប្រាក់ បៀវត្សរ៍​ប្រចាំខែ​។ អ្នក​ដែល​ស្នើសុំ​ត្រូវ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ មាន​សុខ​ភាពល្អ មាន​អាកប្បកិរិយា​ថ្លៃថ្នូ មាន​សញ្ជាតិ​ខ្មែរ មាន​សញ្ញាបត្រ​HSK និង HSKK ព្រមទាំង​សញ្ញាបត្រ​ដទៃទៀត​តាម​តម្រូវការ​របស់​ភាគី​ចិន​។ ក្រោយ​ទទួលបាន​អាហារូបករណ៍ ក្រៅពី​ការរួមចំណែក​ទាក់ទាញ​ទេសចរណ៍​មកកាន់​កម្ពុជា​ និង​ការលើកស្ទួយ​កិត្យានុភាព​ជាតិ កិច្ចខិតខំ​ប្រឹងប្រែង​សិក្សា និស្សិត​ត្រូវមាន​កាតព្វកិច្ច​ជួយ​បង្រៀន​ភាសា​និង​វប្បធម៌​ខ្មែរ​ដល់​ជនជាតិ​ចិន​ទៀតផង​។ រយៈពេល​៦​ឆ្នាំនេះ វិទ្យាស្ថាន​បាន​បញ្ជូន​និស្សិត​រាប់រយ​នាក់​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន ហើយ​មន្ត្រីរាជការ​និង​សិស្ស និស្សិត​រាប់ពាន់នាក់​បាន​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ចិន​៕