ឯក​ស៊ី​ដេ​រៀបការ​ស្ងាត់ៗ​មិន​មាន​អ្នក​សិល្បៈ​ចូលរួម​ច្រើន

ឯក​ស៊ី​ដេ​រៀបការ​ស្ងាត់ៗ​មិន​មាន​អ្នក​សិល្បៈ​ចូលរួម​ច្រើន



ភ្នំពេញ ៖ លោក ឯក ស៊ី​ដេ ដែលជា​តារាចម្រៀង​ធ្លាប់​មាន​ឈ្មោះ​ល្បី​មួយ​រូប​ បាន​រៀប​អាពាហ៍​ពិពាហ៍​ កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦​កន្លង​ទៅនេះ​។ ក្នុង​នោះ​គេ​សង្កេតឃើញ​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​លោក​មិន​មាន​វត្តមាន​សិល្បករ​ការិនី​រួម​អាជីព​ចូលរួម​ច្រើន​កុះករ​ដូចជា​ពិធី​មង្គលការ​សិល្បករ​ដទៃ​នោះ​ទេ​។ «​កម្ពុ​ជាថ្មី​»​នៅ​មិនទាន់​ស្វែងរក​ការ​បញ្ជាក់​ពី​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ឆ្លងដែន​លោក​ឯក​ស៊ី​ដេ​បាន​នៅឡើយ​ទេ​។ ទោះជា​យ៉ាងណា​អ្នក​ជិតដិត​នឹង​លោក ឯក ស៊ី​ដេ ម្នាក់​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​គ្រា​ ដែល​បាន​លឺ​ដំណឹង​នេះ​។ ប្រភព​ព័ត៌មាន​បញ្ជាក់​ថា មាន​សិល្បករ​ប្រមាណ​១០​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​មាន​ដូចជា លោក អ៊ុក ណា​រី​ម លោក មករា រ័ត្ន នាយ ផ្លា​ទីន លោក ជិន ស៊ី​ណារ៉ាក់ លោក ហ៊ឹម នភា ជាដើម​។ គេ​ក៏​នៅ​មិនទាន់​ដឹង​នៅឡើយ​ដែរ​ថា លោក ឯក ស៊ី​ដេ នឹង​បន្ត​រៀបចំ​ពិធីជប់លៀង​ជាថ្មី​កាត់​ចំណងដៃ​នៅ​រាជធានី​ភ្នំពេញ​បន្ត ឬ យ៉ាងណា​នៅឡើយ​ទេ​បន្ទាប់ពី​បាន​រៀបការ​នៅ​លើ​ទឹកដី​ខេត្តបាត់ដំបង​រួច​។

សូម​បញ្ជាក់​ជូន​ដែរ​ថា តារា​ចម្រៀង ឯក ស៊ី​ដេ​ដែល​គេ​ស្គាល់​ថា ជា​តារា​ចម្រៀង​ថ្នម​និង​ឆ្លងកាត់​ការសិក្សា​ជ្រៅជ្រះ​នៅ​សាកលវិទ្យាល័យ​នីតិសាស្ត្រ ល្បីឈ្មោះ​ក្រោយពី​លោក​ច្រៀង​បទ​ចម្រៀង​ថ្មី និង​បទ​ចម្រៀង របស់​លោក ស៊ីន ស៊ី​សាមុត សម្រាប់​ផលិតកម្ម​ក្រៅ​ស្រុក​។ កន្លងមក​លោក​ធ្លាប់​ជំពប់​នឹង​រឿងរ៉ាវ​អាស្រូវ​ស្នេហា​ម្តង​ជាមួយនឹង​អាណិកជន​នៅ​ប្រទេស​បារាំង ប៉ុន្តែ​ក៏បាន​ស្ងប់ស្ងាត់​ទៅវិញ​៕