អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ​ ចែក​សៀវភៅ​ស្នាក់នៅ​ជូន​ប្រជាជន​៤០​គ្រួសារ ​ដល់​លំនៅ​ដ្ឋាន​

អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ​ ចែក​សៀវភៅ​ស្នាក់នៅ​ជូន​ប្រជាជន​៤០​គ្រួសារ ​ដល់​លំនៅ​ដ្ឋាន​



ភ្នំពេញ ៖ លោក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​មក​ចែក​សៀវ​ភៅ​ស្នាក់នៅ ជូន​ប្រជាជន​ដល់​លំនៅ​ដ្ឋាន​ចំនួន​៤០​គ្រួសារ កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ នៅ​ភូមិ​ភ្នំពេញ​ថ្មី និង​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដើម្បី​ឲ្យ​ពួកគាត់​ប្រើ​ប្រាស់​ស្រប​ច្បាប់​តាម​តម្រូវការ ជាពិសេស​ពាក់ព័ន្ធ​ដល់​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ។​

​នៅក្នុង​ការចែក​សៀវភៅ​ស្នាក់នៅ​ជូន​ប្រជាជន​ដល់​លំនៅដ្ឋា​ន​តាម​ភូមិ​ចំនួន​៤០​ក្បាល ​ឬ​ស្មើ​៤០​គ្រួ​សារ​នោះ​គឺ​នៅ​ក្នុងភូមិ​ភ្នំពេញ​ថ្មី ​មាន​ចំនួន​៣២​គ្រួសារ ​និង​នៅ​ភូមិ​គោក​ឃ្លាង ​មាន​ចំនួន​០៨​គ្រួសារ។​

​ការចែក​សៀវ​ស្នាក់នៅ​ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ ហើយ​នាំ​យក​មក​ចែក​ជូន​ពួកគាត់​ដល់​លំនៅ​ដ្ឋា​ន​ដោយ​ផ្ទាល់​ទៀត​ផង​នោះ គឺជា​ការ​បង្ហាញ​នូវ​សកម្មភាព​ដ៏​ប្រសើរ របស់​សមត្ថកិច្ច​ក៏ដូចជា​ថ្នាក់​ដឹក​នាំ​ក្នុង​មូលដ្ឋាន ក្នុង​ការ​យកចិត្តទុកដាក់​បម្រើ​ជូន​ប្រជាពលរដ្ឋ តាម​ឆន្ទៈ និង​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

​សកម្មភាព​នេះ​មិនមែន​ទើប​តែ​អនុវត្ត​នៅ​ពេល​នេះ គឺ​គេ​សង្កេត​ឃើញ​លោក​មន្ត្រី​ប៉ូលិស​ខាង​លើ តែ​ង​តែ​នាំ​យក​សៀវភៅ​ស្នាក់នៅ និង​សៀវ​គ្រួសារ ឬ​ជួនកាល​បាន​នាំ​យក​យក​នូវ​អត្ត​សញ្ញាណ​ប័ណ្ណ​រាប់​រយ ​និង​រាប់ពាន់​សន្លឹក យក​មក​ចែក​ជូន​ប្រជាជន នៅ​តាម​ភូមិ​នានា​ដូច​ពេលនេះ​ដែរ​មាន​ជា​ច្រើន​លើក​មក​ហើយ ដែល​ក្នុង​១​ខែៗ​ជួន​១​ដង ​ឬ​២​ដង។​

​ប្រជាជន​ទូទៅ​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ នា​ពេល​បច្ចុប្បន្ន​នេះ បាន​កោត​សសើរ​ដល់​ថ្នាក់​ដឹក​នាំ​ខណ្ឌ​សែន​សុខ​ ជាពិសេស លោក លី សា​វេត អភិបាលខណ្ឌ​សែន​សុខ​ និង​ លោក ម៉ក់ ហុង អធិ​ការ​នគរបាល​ខណ្ឌ បាន​សហការ​គ្នា​បាន​ល្អ​ក្នុង​ការ​បំពេញការងារ​ជូន​ប្រជាជន​នៅ​លើ​សេវា​ផ្សេង​ៗ ដោយ​យក​តម្លៃ​ទាប​បំផុត តាម​គោលការណ៍​របស់​រដ្ឋ ដែល​ខុសពី​ពេល​មុនៗ​ឆ្ងាយ​ណាស់។​

​ទោះបីជា​យ៉ាងណា​បញ្ហា​ពុករលួយ​នៅតែ​កើត​មាន​តិចតួច​ ដែល​មន្ត្រី​ប៉ូលិស​ខិលខូច​នៅ​តាម​មណ្ឌ​ល តាម​សង្កាត់​(​ប៉ុស្តិ៍​)​ខ្លះ​គាត់​នៅតែ​លួច​ប្រព្រឹត្ត​ខុសច្បាប់ លួច​យក​លុយ​កាក់​ពី​ប្រជាជន​រាប់​សិប​ដុល្លារ ក្នុង​ការ​ធ្វើ​សៀវ​ស្នាក់នៅ​ជូន​ប្រជាជន ដែល​ល្បី​ជាងគេ​នៅ​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី និង​នៅ​ប៉ុស្តិ៍​ទឹកថ្លា ប៉ុន្តែ​មន្ត្រី​ខិលខូច​ទាំងនោះ ​ត្រូវ​បាន​លោក​អធិការ ចាត់ការ​ដាក់​ពិន័យ​តាម​វិន័យ​កងកម្លាំង​ជា​បន្ត​ប​ន្ទាប់​ដែរ​ ដើម្បី​ជា​ការ​ព្រមាន​ដល់​មន្ត្រី​ប៉ូលិស​ផ្សេងៗ​ទៀត​កុំ​ឲ្យ​អនុវត្ត​តាម៕

អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ​ ចែក​សៀវភៅ​ស្នាក់នៅ​ជូន​ប្រជាជន​៤០​គ្រួសារ ​ដល់​លំនៅ​ដ្ឋាន​