ពលរដ្ឋ​ស្រុក​គូលែន​ចោទ​ក្រុមហ៊ុន​កូម៉ូលី​ថា​កាប់​ឈើ​ធំៗ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព

ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់​មក​ពី​ភូមិ​គូលែន និង​ភូមិ​ពោធិ៍រៀង នៃ​ឃុំ​គូលែន​ខាង​ជើង ស្រុក​គូលែន ខេត្ត​ព្រះវិហារ កំពុង​រួម​គ្នា​ដើរ​ល្បាត​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព ដែល​ពួក​គេ​ទទួល​ថែ​រក្សា​ទំហំ​ជាង ៦.៥០០​ហិកតារ។

ការ​រួម​គ្នា​ដើរ​ល្បាត​ការពារ​ព្រៃ​នេះ នៅ​ស្រប​ពេល​ដែល​ពួក​គេ​ចោទ​ប្រកាន់​ថា មាន​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ កូម៉ូលី បាន​ជញ្ជូន​គ្រឿងចក្រ​ជាច្រើន​ទៅ​បោះ​ទីតាំង​ក្បែរ​នោះ ហើយ​តែង​លួច​កាប់ និង​ដឹក​ជញ្ជូន​យក​ឈើ​ធំៗ​ពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព ដើម្បី​ជួញ​ដូរ​ខុស​ច្បាប់។

សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​ភូមិ​គូលែន និង​ភូមិ​ពោធិ៍រៀង ឃុំ​គូលែន​ខាង​ជើង ស្រុក​គូលែន ត្រូវ​ការ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល និង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជាដើម ជួយ​អន្តរាគមន៍​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ដើម​ច្បោះ​ជ័រ និង​ឈើ​ប្រណីត​ធំៗ​ជាច្រើន​ប្រភេទ​ទៀត ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព ដែល​ជា​តំបន់​ពួក​គេ​ទទួល​ការពារ។

ការ​អំពាវនាវ​រក​ជំនួយ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​នៅ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​នៅ​ភូមិ​គូលែន និង​ភូមិ​ពោធិ៍រៀង ចោទ​ប្រកាន់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ឈ្មោះ កូម៉ូលី ថា​កំពុង​បន្លំ​ធ្វើ​សកម្មភាព​លួច​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ធំៗ​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព ដែល​ពួក​គេ​កំពុង​ទទួល​ការពារ​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ។

តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​ពោធិ៍រៀង នៃ​ឃុំ​គូលែន​ខាង​ជើង គឺ​លោក សៀង មីន។ លោក​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២០ ខែ​មីនា ថា ជាច្រើន​ឆ្នាំ​មក​ហើយ​រហូត​មក​ដល់​ពេល​នេះ អ្នក​ភូមិ​របស់​លោក​បាន​ទទួល​ការពារ​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​របស់​ឧទ្យាន​ជាតិ​គូលែន​ព្រហ្ម​ទេព ទំហំ​ជាង ៦.៥០០​ហិកតារ ក៏ប៉ុន្តែ​បច្ចុប្បន្ន តំបន់​ដែល​សហគមន៍​របស់​លោក​ការពារ​នោះ គឺ​មាន​មនុស្ស​របស់​ក្រុមហ៊ុន កូម៉ូលី តែង​លួច​ចូល​ទៅ​កាប់​ដើម​ច្បោះ​ជ័រ​ទឹក និង​ដើម​ឈើ​ប្រណីត​ធំៗ​ជា​បន្តបន្ទាប់ ហើយ​ដឹក​ជញ្ជូន​តាម​រថយន្ត​ធុន​រ៉េវ​ធំៗ​យក​ចេញ​ពី​ព្រៃ។ តំណាង​សហគមន៍​ពោធិ៍រៀង ដដែល បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​រដ្ឋាភិបាល និង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន មិន​ទប់ស្កាត់​ការ​កាប់​ឈើ​ឲ្យ​បាន​ទាន់​ពេល​ទេ គឺ​ដែន​ជម្រក​សត្វ​ព្រៃ​នៃ​ឧទ្យាន​ជាតិ​គូលែន​ព្រហ្ម​ទេព នៅ​ជិត​តំបន់​ពួក​គេ​រស់នៅ នឹង​មិន​សល់​ព្រៃ​ឈើ​ទៀត​ឡើយ៖ «បើ​ប្រជាពលរដ្ឋ​អារ​ឈើ​ធ្វើ​ផ្ទះ​អី គេ​ចាប់​ថា​ប៉ះពាល់​ដល់​ដែន​ជម្រក​សត្វ​ព្រៃ បើ​ក្រុមហ៊ុន​វិញ​ទោះ​បី​ជា​កាប់ និង​ដឹក​ឈើ​យ៉ាង​ណា ក៏​មន្ត្រី​បរិស្ថាន​ហាក់​មិន​ខ្វល់​ពី​រឿង​ទប់ស្កាត់​សោះ»

ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​គូលែន ដែល​ទៅ​ជួយ​ដើរ​ល្បាត​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព ជាមួយ​សហគមន៍​ពោធិ៍រៀង លោក សឹង បឿន មាន​ប្រសាសន៍​ថា ក្រុមហ៊ុន កូម៉ូលី ដែល​មាន​គ្រឿងចក្រ​ជាច្រើន​យក​ទៅ​ដាក់​នៅ​ក្បែរ​តំបន់​នោះ មិន​ព្រម​បញ្ឈប់​សកម្មភាព​កាប់​ឈើ​ទេ បើ​ទោះ​បី​ជា​ក្រុមហ៊ុន​នេះ​ធ្លាប់​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​សហគមន៍ ដោយ​ព្រមព្រៀង​មិន​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ជាច្រើន​លើក​មក​ហើយ​ក៏ដោយ៖ «មាន​អ្នក​លួច​កាប់ ២-៣​ថ្ងៃ​ម្ដងៗ។ កាប់​ម្ដងៗ​ឈើ​មុខ ០,៧០​ម៉ែត្រ និង ០,៨០​ម៉ែត្រ គឺ​ឡាន​មួយ​ដឹក​បាន​តែ ៣​ដើម​ទេ ឯ​ឈើ​មុខ ០,៥០​ម៉ែត្រ​ទៅ ០,៦០​ម៉ែត្រ គឺ​ឡាន​មួយ​ដឹក​បាន​ពី ៥ ទៅ ៧​ដើម»

អ្នក​ភូមិ​ពោធិ៍រៀង នៃ​ឃុំ​គូលែន​ខាង​ជើង ស្រុក​គូលែន បាន​ចាត់​ទុក​ព្រៃ​ឈើ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​របស់​ឧទ្យាន​ជាតិ​គូលែន​ព្រហ្ម​ទេព ជិត​តំបន់​ពួក​គេ គឺ​មាន​សារសំខាន់​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ពី​អនុផល​ព្រៃ​ឈើ ហើយ​វា​ក៏​ជា​ជម្រក​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ ដូចជា​សត្វ​ខ្ទីង ទន្សោង ឈ្លូស រមាំង ប្រើស កំពុង​រស់នៅ​ដែរ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ពោធិ៍រៀង និង​ភូមិ​គូលែន សង្ស័យ​ថា ការ​កាប់​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នៃ​ឧទ្យាន​ជាតិ​គូលែន​ព្រហ្ម​ទេព ដែល​កំពុង​កើត​មាន​នេះ គឺ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​មេ​បញ្ជាការ​រង​យោធា​ម្នាក់​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​គូលែន ព្រម​ទាំង​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​ខ្លះ​ទៀត​ផង បាន​ជា​មិន​មាន​ការ​បង្ក្រាប​អ្វី​ទាល់​តែ​សោះ។

ទោះ​បី​ជា​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ឧទ្យានុរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព ប្រចាំ​ស្រុក​គូលែន ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​នៅ​ថ្ងៃ​អាទិត្យ ទី​២០ ខែ​មីនា។

ចំណែក​អភិបាល​រង​ស្រុក​គូលែន លោក ប៉ែន ជឹង ពន្យល់​ថា ក្រុមហ៊ុន កូម៉ូលី ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​នោះ គឺ​មិន​ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​របស់​ឧទ្យាន​ជាតិ​គូលែន​ព្រហ្ម​ទេព ទេ។ អភិបាល​រង​ស្រុក​គូលែន បញ្ជាក់​ថា ជា​ញឹកញាប់ លោក​តែង​ទទួល​បាន​ព័ត៌មាន​ថា​មាន​មនុស្ស​របស់​ក្រុមហ៊ុន​លួច​ចូល​ទៅ​កាប់​ឈើ​ក្នុង​តំបន់​ការពារ​របស់​សហគមន៍​មែន ប៉ុន្តែ​ស្រុក​មិន​ដែល​មាន​វិធានការ​អ្វី​ទេ ដោយ​អាង​ថា​តំបន់​នោះ គឺ​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​ទទួល​ការពារ។ អាជ្ញាធរ​ស្រុក​គូលែន បង្ហាញ​ជំហរ​ថា នឹង​ប្រឹងប្រែង​ការពារ​ព្រៃ​ឈើ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​នោះ ហើយ​ប្រសិន​បើ​ការ​លួច​កាប់​ឈើ​នៅ​តែ​បន្ត គឺ​អាជ្ញាធរ​ស្រុក​អាច​នឹង​ប្រើ​កម្លាំង​ចុះ​បង្ក្រាប បើ​ទោះ​បី​ជា​ទីនោះ​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ត្រី​ឧទ្យានុរក្ស​ក៏ដោយ៖ «មាន​អ្នក​លួច​ទៅ​កាប់​ដឹក​យក​មក​ឲ្យ​ក្រុមហ៊ុន​មែន​ហ្នឹង តែ​អាជ្ញាធរ​ស្រុក​មិន​ដែល​បាន​លូក​ដៃ​ចូល​រឿង​នោះ​ទេ ដោយ​សំខាន់​តំបន់​នោះ​វា​នៅ​ក្នុង​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ»

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​គូលែន និង​ភូមិ​ពោធិ៍រៀង បាន​រួម​គ្នា​ព័ទ្ធ​ចាប់​បាន​ឡាន​របស់​ក្រុមហ៊ុន កូម៉ូលី ដែល​លួច​ចូល​ទៅ​ដឹក​ឈើ​ចំនួន ២​គ្រឿង។ បច្ចុប្បន្ន ឡាន​ទាំង ២​គ្រឿង​នោះ ត្រូវ​អ្នក​ភូមិ​រក្សា​ទុក​មិន​ទាន់​មាន​អាជ្ញាធរ​ណា​ចេញ​មុខ​ដោះស្រាយ​នៅ​ឡើយ។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ ឲ្យ​ដឹង​ថា នៅ​ជាប់​ភូមិ​ពោធិ៍រៀង នៃ​ឃុំ​គូលែន​ខាង​ជើង គឺ​មាន​តែ​ក្រុមហ៊ុន​ធំ​មួយ​ឈ្មោះ ប៊្លូ ហេវិន (Blue heaven) ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ចំណែក​ឯ​ក្រុមហ៊ុន កូម៉ូលី ដែល​អ្នក​ភូមិ​ចោទ​ប្រកាន់​ថា​លួច​កាប់​ឈើ​នោះ ទំនង​ជា​ក្រុមហ៊ុន​តូចៗ​ដែល​ធ្វើ​កិច្ចសន្យា​ទទួល​ដី​សម្បទាន​បន្ត​ពី​ក្រុមហ៊ុន​ធំ (ប៊្លូ ហេវិន)។ ទោះ​បី​ជា​យ៉ាង​ណា លោក ប៉ិក សោភ័ណ ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​លួច​កាប់​ឈើ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​នៃ​ឧទ្យាន​ជាតិ ដែល​ចុះ​ព្រះហស្តលេខា​ការពារ​ដោយ​ព្រះមហាក្សត្រ​មែន៖ «វា​ជា​ការ​រំលោភ​ទៅ​លើ​ព្រះរាជក្រឹត្យ​ដែល​មាន​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ»

អង្គការ​ពន្លក​ខ្មែរ ដែល​តែង​ជួយ​ជ្រោមជ្រែង​ដល់​សហគមន៍ និង​ការពារ​បរិស្ថាន បាន​រក​ឃើញ​ថា ដែន​ជម្រក​សត្វ​ព្រៃ​នៃ​ឧទ្យាន​ជាតិ​គូលែន​ព្រហ្ម​ទេព ដែល​មាន​វិសាលភាព​ចាប់​ពី​ស្រុក​គូលែន ខេត្ត​ព្រះវិហារ រហូត​ទៅ​ដល់​ស្រុក​ត្រពាំងប្រាសាទ និង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ក្រៅ​តែ​ពី​សម្រាប់​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ​រស់នៅ និង​រក​ចំណី វា​ក៏​ជា​ព្រៃ​ជួយ​ចិញ្ចឹម​ដល់​ប្រជាពលរដ្ឋ​ភូមិ​ពោធិ៍រៀង និង​ភូមិ​នៅ​ជុំវិញ​ជិត ២០០​គ្រួសារ ឲ្យ​ចូល​ទៅ​រក​បន្លែ​ព្រៃ ផ្លែ​ឈើ និង​អនុផល​ព្រៃ​ឈើ​គ្រប់​រដូវ​កាល​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។