គួរប្រុងប្រយ័ត្ន ពេលធ្វើ​ដំណើរ​​ដល់ផ្លូវ​ចំណោត

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អាយុ​ជាង​៣០​ឆ្នាំ​ម្នាក់ បាន​រង​របួស​បែកក្បាល និង​រលាត់​ដៃជើង​យ៉ាងធ្ងន់ធ្ងរ ខណៈ​ជិះ​កង់​ព្យាយាម​ឡើង​លើ​ផ្លូវ​លេខ​២៧១ ហើយ​ក៏​ត្រូវ​រថយន្ត​ដឹក​ឥដ្ឋ​ធុន​ធំ​មួយ​គ្រឿង បើក​បត់​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន មក​បុក​ពីមុខ រួច​រថយន្ត​នោះ​បាន​ព្យាយាម​បើក​គេច តែ​ត្រូវ​កម្លាំង​នគរបាល​ស្ទាប់​ចាប់​បាន ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ មីនា ២០១៦ ស្ថិត​នៅ​ផ្លូវ​លេខ​៤៣២ កែង​និង​ផ្លូវ​លេខ ២៧១ ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ។

តាម​ប្រភព​ពី​នគរបាល​ម្នាក់​ឱ្យ​ដឹង​ថា បុរស​ជា​បើករថយន្ត​បង្ក​ឈ្មោះ​គុយ ចាន់​ណា អាយុ​៣៦​ឆ្នាំ បើក​រថ​យ្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​.​សលាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​៣C-០៤៤៧ ដែល​មាន​ផ្ទុក​ឥដ្ឋ​ពេញ ។ ចំណែក​ស្ត្រី​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ឥដ្ឋ​បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះដល់​កន្លែង​កើតហេតុ ក៏​បាន​បើក​មក​ខាងឆ្វេង និង​ចុះ​ចំណោត​ផង​ដែរ  តែ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​កង់​របស់​ស្ត្រី​រង​គ្រោះ​ពេញទំហឹង បណ្តាល​ឱ្យ​ដួល និង​រង​ស​បួស​បែកក្បាល រលាត់​ដៃជើង​យ៉ាងធ្ងន់ធ្ងរ​តែ​ម្តង​។