ឱជីវិតអើយ! អាយុ១០៣ឆ្នាំហើយខំដើរ​ទៅវត្ត រកអាហារហូប​ ​​

ខេត្តមណ្ឌលគិរី ៖ លោកតា​ម្នាក់​មាន​ព្រះ​ជន្ម​១០៣​ឆ្នាំទៅ​ហើយ ដោយសារ​តែ​លោក​ចង់ទៅ​សំពះ​ព្រះសង្ឃ​ក្នុង​វត្ត បាន​ធ្វើ​ដំណើរ​ម្នាក់​ឯង​​ដោយ​ថ្មើរជើង លុះ​ដើរ​បាន​មួយស្របក់ លោកតា​មានការ​នឿយហត់​អស់កម្លាំង និង​ឈឺ​ជើង​ទៀត​នោះ ក៏​បាន​ឈប់​សម្រាក​តាម​ផ្លូវ​តែ​ម្នាក់ឯង ដែល​​មិន​ទាន់​អាច​ដើរ​ទៅដល់​​វត្ត «​អូ​រ​ថែ​ល​» ស្ថិត​ក្នុងភូមិ​ពូ​តាង ឃុំពូ​ជ្រី ស្រុក​ពេជ្រ​ចិន្តា ដែល​នៅ​ឆ្ងាយ​បន្តិច​ពី​ផ្ទះ​របស់​​​​លោកតា ។

ខណៈ​នោះ ត្រូវ​ក្រុម​អ្នក​សារព័ត៌មាន​កោះសន្តិភាព​​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ ក៏​ប្រទះ​ឃើញ​លោកតា ក៏​​បាន​​​ឈប់​​រថយន្ត​​ចុះ​ទៅ​​​សួរ​នាំ ​តែ​​ត្រូវ​​​លោក​តា​​​ស្តាប់​​មិន​​​ឮ និយាយ​មកវិញ​ខ្សាវ​ៗថា ​ចង់ទៅ​​វត្ត ក៏​នាំ​គ្នា​ជូន​លោកតា​​ដឹក​តាម​រថយន្ត​​ទៅ​ដល់​វត្ត​​តែ​ម្តង ។

ពេល​ទៅ​ដល់​វត្ត​អូរ​ថែ​ល​នោះ ត្រូវ​តា​អាចារ្យ​ម្នាក់​រៀបរាប់​ពី​ប្រវត្តិ​សង្ខេប​របស់​លោកតា​ឱ្យ​ដឹង​ថា គាត់​មានឈ្មោះ​ឡេ​ង ឆេ​ង អាយុ​១០៣​​ឆ្នាំ ជា​អតីត​មេបញ្ជាការ​កាំភ្លើង​ធំ (​ជំនាន់​សម្តេចឪ​) មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ ។ សព្វថ្ងៃ គាត់​រស់នៅ​ជាមួយ​កូន​ៗ ដែល​មាន​​ជីវភាព​ក្រខ្សត់​ណាស់​រក​ព្រឹក​ខ្វះ​ល្ងាចទេ ហើយ​តា​ឡេ​ង ឆេ​ង នេះ គឺ​គាត់​តែងតែ​មក​វត្ត​ជា​រឿយ​ៗ ដើម្បី​បាន​ចំណីអាហារ​ហូប​រស់​មួយ​ពេលៗ និង​​បន្ទាប់​មក​ទៀត មក​ស្តាប់ធម៌​ជាមួយ​ព្រះសង្ឃ​​ផង​ដែរ ។

ជា​ចុង​ក្រោយ លោក​សាយ ករុណា អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ប្រចាំ​ខេត្តមណ្ឌលគិរី ​បន្ទាប់ពីបានឮនិង​ឃើញ​ជាក់ស្តែងនោះ ​លោក​​មានក្តី​អាណិត​ ក៏​បាន​ជូនថវិកា​បន្តិចបន្តួច​ដល់លោកតា​ផង​ដែរ ។ ហើយ​សង្ឃឹមថា នឹង​​មាន​សប្បុរសជន​ដទៃ​ទៀត ​ជួយ​លោកតា​​អាយុ​១០៣​ឆ្នាំ​នេះ​​ ជា​បន្តបន្ទាប់​ទៀត​នៃ​ជីវិត​ចុង​ក្រោយ ។