អ្នករាយការណ៍​​ពិសេសអ.ស.ប​ ​ប្រចំាកម្ពុជា​ ​​ផ្តើមទស្សនកិច្ច​នៅថ្ងៃចន្ទនេះ

រាជធានី​ភ្នំពេញ ៖​ អ្នក​សរសេរ​របាយការណ៍​ពិសេស​​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ​លោកស្រី​យ រ៉ូ​ណា​ ស្មី​ត(Rhona Smith) ​មក​បំពេញទស្សនកិច្ច​​ផ្លូវការ​​នៅ​កម្ពុជា​រយៈពេល ​១០​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២១ ​មីនា​ ២០១៦នេះ ។

បើ​តាម​​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៨ ​មីនា ​របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​ទស្សនកិច្ច​លើក​ទី​២​​នៅ​កម្ពុ​ជា​ លោក​ស្រី រ៉ូ​ណា ស្មី​ត នឹង​ពិនិត្យ​មើល​ពី​​ស្ថានភាព​សិ​ទ្ឋិ​មនុស្ស​ពិសេស​លើ​ការ​រើសអើង​របស់​​ក្រុម​ដែល​បាត់បង់​ឱកាស និង​អ្នក​ដែល​មិនសូវ​ទទួល​បានការ​គិតគូរ​ដូច​ជា​  ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ និង​ជន​រង​គ្រោះ​ដោយ​ការ​​រើសអើង​ពូជសាសន៍ និង​ជាតិ​ពន្ធ​ជាដើម ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ លោកស្រី រ៉ូ​ណា ស្មី​ត ​បាន​ត្រូវ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ តែងតាំង​ជា​អ្នករាយការណ៍​ពិសេស​ផ្នែក​សិ​ទ្ឋិ​មនុស្ស​ប្រចាំ​កម្ពុជា​ ជំនួស​លោក​សាស្ត្រាចារ្យ​ច្បាប់ ស៊ូ​ប៊ែ​រ​ឌី ​កាលពី​ខែមីនា ឆ្នាំ​២០១៥ ។​ អ្នកស្រី​ជា​សាស្ត្រាចារ្យ​សិទ្ធិ​មនុស្ស​អន្តរជាតិ​​នៅ​ចក្រភព​អង់គ្លេស​និង ធ្លាប់​បង្រៀន​មុខ​វិជ្ជា​ច្បាប់ ​សិទ្ធិ​មនុស្ស​អន្តរជាតិ ​នៅ​ប្រទេស​ចិន និង​កា​ណា​ដា ជាដើម និង ​ធ្លាប់​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ បញ្ញា​សាស្ត្រ កម្រិត​បរិ​ញ្ញា ​ផ្នែក​ច្បាប់​សិទ្ធិ​មនុស្ស ផង​ដែរ ។

អំឡុង ​ពេល​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៤ កញ្ញា​ ២០១៥ លោកស្រី រ៉ូ​ណា ស្មី​ត ​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​​ក្រោយ​បញ្ចប់​ទស្សនកិច្ច​ដោយ​បញ្ចា​ក់ថា​ បញ្ហា​តុលាការ ​គឺ​នៅ​តែ​ជា​បញ្ហា​ប្រឈម​មួយ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា ។​ អ្នកស្រី​ឲ្យ​ដឹង​ដែរ​ថា ​កម្ពុជា​ចាំបាច់​ត្រូវ​តែ​មាន​ប្រព័ន្ធ​តុលាការ​មួយ​ខ្លាំង​​ប្រកបដោយ​ភាព​ ឯករាជ្យ ​ដើម្បី​ធានា​ការ​គោរព និង​ការពារ​សិទ្ធិ​មនុស្ស​ជា​​ទូទៅ​នៅ​កម្ពុជា ៕