ត្រូវគេ​កាប់​ប៊ិះ​ស្លាប់​ទៅ​ហើយ នៅឡើយ​មិន​ទាន់​បាន​យុត្តិ​ធម៌

ខេត្តកំពង់ចាម​ ៖​ បុរស​​ម្នា​ក់​​ឈ្មោះ​រស់ ប៊ុ​ន​ធឿ​ន អាយុ​៣៦​ឆ្នាំ (ជនរងគ្រោះ) មានទីលំ​នៅ​ភូមិ​លេខ​២ ឃុំ​ចំការអណ្តូង ស្រុកចំការ​លើ​ត្រូវ​​មនុស្ស​​២​នាក់​ បាន​​ព្រួត​​កាប់​ដោយ​​កាំបិត ​និង​កណ្តៀវ​​ ​បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់ ​តែរហូត​មក​ដល់​​ព្រឹក​ថ្ងៃ​ទី​២១ ​មីនា គឺ​​​​រយៈ​ពេល​ជាង​​​​២​ខែ​​មក​​ហើយ ​មិនឃើញ​​​មានចំណាត់ការទៅលើ​ជន​ដៃដល់ទេ ​ទើប​​​នាំ​គ្នា​មក​កាន់​សាលាដំបូង​ខេត្ត ដើម្បី​សួរនាំ​មន្ត្រីតុលាការ​ឱ្យ​​ព​ន្លឿ​ន​រឿង​ក្តីឱ្យ​​បាន​ឆាប់រហ័ស​ ។

លោក​​ប៊ុ​ន ​ធឿ​ន បាន​រៀបរាប់​ប្រាប់​​កោះសន្តិភាព​ឱ្យ​ដឹងថា កាលណោះ រូប​លោក​​និងសមាជិក​ក្រុម​គ្រួសារ​​ជា​ច្រើននាក់​ ​បាន​​នាំ​គ្នា​ច្រៀង​​ខារ៉ាអូខេ​នៅ​នឹង​ផ្ទះ​របស់​ខ្លួន ​ក្រោយ​ពី​​​ជួបជុំ​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ កាលពី​​ល្ងាច​ថ្ងៃ​ទី​១៥ មក​រា ​កន្លងមក ។ ហើយ​​​​ឈ្មោះ​កិ​ស     មាន​ផ្ទះ​នៅ​ទល់មុខ​ ចម្ងាយ​ពី​គ្នា​ប្រហែល​ជិត៨​ម៉ែត្រ បាន​​មក​ស្រែក​ជេរ​​​ប្រមាថ​លើ​រូប​លោក​​នូវ​ពាក្យអសុរោះ  ។

 លោក​បន្ត​​ថា ដោយ​ស្តាប់​ឮ​បែប​នោះ​ រូប​លោក​ក៏​បាន​ចេញពី​ក្នុងផ្ទះ​ មកឈរ​​​ដោយ​បាន​ជេរ​តបត​ទៅ​វិញ​​ខ្លះ​ដែរ ដោយ​ខ្លាច​​មាន​អំពើ​ហិង្សា​កើតឡើង​ ក៏​បាន​ទាញទូរស័ព្ទ​ ដើម្បី​ហៅ​សមត្ថកិច្ច​ប៉ុ​ស្តិ៍​​​ឃុំ​ចំការអណ្តូឱ្យ​​មក​​ជួយ​អន្តរា​គម​ន៍ ។ ​តែ​មិន​​ទាន់​​​បា​ន​​ចុចទូរស័ព្ទ​ផង​ត្រូវ​បាន​បុរស​ឈ្មោះ​កិល និង​ឈ្មោះ​សួ​ស ដែល​​​ក្នុង​ដៃ​មានកាំបិត​ និង​កណ្តៀវរត់​មក​កាប់លើគាត់ចំ​​ក្រោម​ត្រចៀក​ឆ្វេង ស្មា​​ឆ្វេង កដៃ​ឆ្វេង និងដើមទ្រូង បណ្តាលឱ្យ​​ឈាម​ហូរ​ចេញ​មក​ស្រោច​​ខ្លួ​ន​​ និង​​សន្លប់​បាត់ស្មារតី ។ 

បន្ទាប់ពី​កាប់រួច ក្រុម​ដៃដល់​ទាំង​២​នាក់​​​បាន​រត់គេច​ខ្លួន​បាត់​ផ្ទះ ចំណែក​រូបលោក​ត្រូវ​បាន​ប្រពន្ធ​ដឹក​តាម​រថយន្ត ​មក​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ ស្រុក​ចំការលើ តែ​ដោយ​ស្ថានភាព​របួស​​ធ្ងន់​ពេក​នោះ ក៏​​​ដឹក​បន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។
ក្រោយ​​ពី​បាន​ព្យាបាល​ជា​ច្រើន​ថ្ងៃ​បាន​​ធូរស្រាល ក៏​វិល​ត្រឡប់​មក​ផ្ទះ​វិញ តែមិន​អាច​ធ្វើការ​ធ្ងន់​កើតឡើយ ។ បន្ទាប់​មក ​ក៏បាន​​ដាក់​ពាក្យបណ្តឹង​ទៅ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ដើម្បី​ឱ្យ​ជួយ​អន្តរា​គម​ន៍​​តាមចាប់​ជន​​បង្ក​ ហើយ​​ថែម​ទាំង​​ទារ​សំណង​​ជំងឺ​ចិត្តចំនួន​៥.០០០ពាន់​ដុល្លារ​ផង​ដែរ ។

​ចាប់​តាំង​ពី​ថ្ងៃ​​​កើត​​ហេតុ​ រហូត​មក​ទល់​ពេល​នេះ គឺជាង​២​ខែមក​ហើយ​ ​ស្ងាត់​​ទៅ​ៗទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ មីនា នេះ បាន​មក​កាន់​សាលា​​​​ដំបូង​ខេត្ត​ ជាមួយ​​ប្រពន្ធ មេត្តាឱ្យ​​ជួយ​ព​ន្លឿ​ន​រឿង​ក្តី​របស់​លោក​ឱ្យ​​បាន​ឆាប់​ផង  ព្រោះ​លេចឮ​ថា ​អ្នក​ដែល​កាប់​រូប​លោក​នោះ  នៅ​​ពេល​ថ្ងៃ​មិន​ហ៊ាន​មក​ផ្ទះ​ទេ គឺ​ចូល​តែ​នៅ​ពេល​យប់​ៗ ៕