លោក ហ៊ុន ម៉ា​ណែ​ត ៖ គោលនយោបាយ​របស់ CPP គឺ​បង្ក​ជា​ឱកាស​ឲ្យ​យុវជន

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល ចុះ​ជួយ​ខេត្តកំពង់ចាម បាន​លើក​ឡើង​ថា គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា (CPP) គឺ​បង្ក​ជា​ឱកាស​ឲ្យ​យុវជន​រស់រាន​មានជីវិត ។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សកម្មជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ស្រី​សន្ធ ខេត្តកំពង់ចាម ក្រោម​អធិបតីភាព​លោក លូ គឹ​ម​ឈ​ន់ ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល ចុះ​ជួយ​ខេត្តកំពង់ចាម កាលពី​ថ្ងៃ​ទី​២០ មីនា ២០១៦ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ និង​នៅ​តែ​បន្ត​ឈ្នះ យើង​ឈ្នះ​គ្រប់​ឧបសគ្គ​ទាំងអស់ ឈ្នះ​ការ​ដណ្ដើម​ពី​អាណានិគម ឈ្នះ​ក្នុង​ការ​រំដោះប្រទេស​ពី​របប​ប៉ុ​ល ពត ឈ្នះ​នៅ​ក្នុង​ការ​ថែរក្សា​សន្តិភាព និង​បង្រួបបង្រួម​ជាតិ​។

លោក​បាន​បន្ត​ថា «​បទ​ពិសោធន៍ និង​ភាព​ចាស់ទុំ​ខាង​នយោបាយ គឺ​មាន​សារសំខាន់​ណាស់ គោលនយោបាយ​របស់​គណបក្ស គឺ​បង្ក​ឱកាស​ឱ្យ​យុវជន​រស់រាន​មានជីវិត ឱកាស​អភិវឌ្ឍន៍​ខ្លួន ឱកាស​សិក្សា​រៀនសូត្រ និង​ឱកាស​ការងារ នេះ​ហើយ​គឺជា​ផលប្រយោជន៍​ដែល​យុវជន​ទទួល​បាន​» ។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែម​ថា គេ​ព្រួត​វ៉ៃ​យើង និង​មាន​បរទេស​ជួយ​នៅ​ពីក្រោយ ប៉ុន្តែ​យើង​នៅ​តែ​ឈ្នះ  នេះ​ជា​មោទនភាព​របស់​យើង យើង​ក៏​ទទួលស្គាល់​ថា យើង​មាន​ចំណុចខ្សោយ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ជម្រើស​ល្អ​ជាងគេ ហេតុ​អ្វី0x017d7 យើង​រស់​ដោយសារ​ថ្ងៃ​រំដោះ​៧​មក​រា​, មាន​គោលការណ៍​ច្បាស់លាស់ មិន​ដែល​ដើរ​សន្យា ចោល​ដូច​គណបក្ស​ដទៃ​, ផ្តល់​ឱកាស​ឱ្យ​យុវជន​, មាន​ស្នាដៃ​ច្រើន និង​មាន​ធនធាន​ច្រើន​, ប្រធាន​គណបក្ស​មាន​ភាព​ក្លាហាន និង​ទទួលខុសត្រូវ មិន​ដែល​រត់​ចោល​ប្រជាជន មិន​ដូច​មេ​បក្ស​មួយ​មិន​មានការ​ទទួលខុសត្រូវ សូ​ម្បី​តែ​ការ​ទទួលខុសត្រូវ​ចំពោះ​គ្រួសារ សីលធម៌ និង​គុណធម៌​, ខិតខំ​កែ​លម្អរ និង​ដោះស្រាយ​តម្រូវការ​ជូន​ប្រជាពលរដ្ឋ​។

យើង​បង្ក​ឱកាស​ឱ្យ​គណបក្សប្រឆាំង​ចូលរួម​សកម្មភាព​លើក​ស្ទួយ​វប្បធម៌​ជាតិ និង​រួបរួម​គ្នា​ក្នុង​នាម​ជា​ខ្មែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង ដើម្បី​ធ្វើ​កំណែទម្រង់ និង​បាន​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ដើម្បី​ដោះស្រាយ​តម្រូវការ​ជូន​ប្រជាពលរដ្ឋ ។ យុវជន​បក្ស​ត្រូវ​សម្រេច​ឆន្ទៈ​របស់​យើង ហ៊ាន​ចេញ​មុខ​ធ្វើ​សកម្មភាព ធ្វើអំពើ​ល្អ ជួយ​ដល់​គណបក្ស និង​បម្រើប្រជាជន​គាំទ្រ​គណបក្ស​។