លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ គួរពិនិត្យមើល​រឿងអាស្រូវ​ពុករលួយ​របស់​ប្រធាន​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ​ខ្លះ​ផង​

មន្ត្រីរាជការ​នៃ​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ បាន​អំពាវនាវ​ឲ្យ​លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ ពិនិត្យមើល​អំពើពុករលួយ​បក្ខពួកនិយម​និង​ក្ដោប​ក្ដាប់​ការងារ​ផ្ដាច់មុខ​របស់លោក យ៉ែម ឆន ប្រធាន​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ​ខ្លះ​ផង​។ ដោយហេតុថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ កាលពី​ខែមេសា ឆ្នាំ​២០១៥​រួចមក លោក យ៉ែម ឆន កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម​យ៉ាង​គឃ្លើន ហើយ​សូម្បីតែ​អនុប្រធាន​មន្ទីរ​៣​រូប​ក៏​មិនដែល​បានដឹង​ពី​ចំណូល​ចំណាយ​សម្រាប់​មន្ទីរ​ដែរ​។ ជាងនេះទៅទៀត​មន្ត្រីរាជកា​រ​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ បាន​សំណូមពរ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​រឿងអាស្រូវ​ពុករលួយ​របស់លោក យ៉ែម ឆន ប្រធាន​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ​ជាបន្ទាន់​។

តាម​ប្រភពពី​មន្ត្រី​បុគ្គលិក​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា លោក យ៉ែម ឆន កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​កាន់អំណាច​ជា​ប្រធាន​មន្ទីរ​ផង ជា​គណនេយ្យ​ផង ជា​បេឡា​ផង ដើម្បី​ងាយស្រួល​ក្នុងការ​ប្រមូល​លុយ​យក​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ មន្ត្រី​ជាច្រើនរូប​នៅក្នុង​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា កាលពីមុន​លោក យ៉ែម ឆន ជា​ប្រធានការិយាល័យ​រដ្ឋបាល​ហិរញ្ញវត្ថុ ហើយ​ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ ក៏​ក្ដោប​ក្ដាប់​រឿង​លុយកាក់​យ៉ាង​ណែន​ក្នុង​ដៃ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក យ៉ែម ឆន កំពុង​ប្រើ​គ្រប់​វិធី​ដើម្បី​កិបកេង​ថវិការដ្ឋ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល រំលោភបំពាន​លើ​តួនាទី​របស់​មន្ត្រី​ដទៃទៀត​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យ៉ែម ឆន បាន​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​នៅ​ខែមេសា ឆ្នាំ​២០១៥ គឺ​លោក យ៉ែម ឆន បាន​ប្រើល្បិច​កម្ចាត់​មន្ត្រី​សំខាន់ៗ ជាពិសេស​មន្ត្រី​ដែល​កាន់​ការងាររដ្ឋបាល​និង​ហិរញ្ញវត្ថុ ដើម្បី​ប្រមូល​ផលប្រយោជន៍​ផ្ទាល់ខ្លួន​តាម​អំពើ​ចិត្ត​។ បច្ចុប្បន្ន​លោក យ៉ែម ឆន ធ្វើជា​ប្រធាន​មន្ទីរ​ផង ធ្វើជា​គណនេយ្យ​ផង ជា​បេឡា​ផង ហើយ​រាល់​ចំណូល​ចំណាយ​ក្នុង​មន្ទីរ​ទាំងមូល​សូម្បីតែ​អនុប្រធាន​មន្ទីរ​៣​រូប​ក៏​លោក យ៉ែម ឆន មិន​ឲ្យ​ដឹង​ដែរ​។ ហេតុនេះហើយ​ទើប​មន្ត្រី​បុគ្គលិក​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ បាន​អំពាវនាវ​ឲ្យ​លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ ពិនិត្យឡើងវិញ​ចំពោះ​អំពើពុករលួយ​របស់លោក យ៉ែម ឆន ព្រោះ​បច្ចុប្បន្ន​លោក យ៉ែម ឆន កំពុង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ជាពិសេស​ការកេងប្រវ័ញ្ច​ថវិការដ្ឋ​យក​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​ញញើត​នឹង​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទាល់តែសោះ​៕

178617b61799-17901793-17e317e017e5លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ