រឿងអាស្រូវ​ពុករលួយ​របស់លោក សាម ណូ​ក ប្រ​ធា​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កែប ត្រូវបាន​លាតត្រដាង​

​ក្នុងខណៈដែល​លោក ត្រាំ អ៊ីវតឹក ទទួលបាន​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ជំនួស​លោក ប្រាក់ សុខុន ដែល​ទៅ​ធើ្វ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នោះ គឺ​រឿងអាស្រូវ​ពុករលួយ​របស់លោក សាម ណូ​ក ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កែប ក៏​ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​ដែរ​។ ការ​លាតត្រដាង​រឿងអាស្រូវ​ពុករលួយ​របស់លោក សាម ណូ​ក គឺ​ដើម្បី​ឲ្យ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ ចាត់វិធានការ​តាម​ស្ថានភាព​ជាក់ស្តែង​តែម្តង​។ ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សាម ណូ​ក ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ខេត្ត​កែប​ផងដែរ​។

ប្រភពពី​មន្ត្រីរាជការ​មន្ទីរ​ប្រៃសណីយ៍​ខេត្ត​កែប ជាច្រើនរូប​បាន​ឲ្យ​ដឹងថា រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ​លោក សាម ណូ​ក រកចំណូលបាន​ក្នុង​មួយឆ្នាំៗ​យ៉ាងតិច​១០០​លាន​រៀល​តាមរយៈ​ការ​កិបកេង​ថវិការដ្ឋ​សម្រាប់​ចំណាយ​នៅក្នុង​មន្ទីរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយឆ្នាំៗ​មាន​ខ្ទង់ចំណាយ​ក្រៅពី​មន្ត្រី​បុគ្គលិក គឺមាន​ថវិកា​ប្រមាណ​២០០​លាន​រៀល​ត្រូវ​ចំណាយ​ទៅលើ​សម្ភារៈ​រដ្ឋបាល ប្រេងឥន្ធនៈ សម្ភារៈប្រើប្រាស់ ជាពិសេស​ការចំណាយ​ផ្នែក​ថែទាំ​និង​ជួសជុល​តែម្តង​។ តាមរយៈ​ខ្ទង់ចំណាយ​នោះ​លោក សាម ណូ​ក អាច​ឃុបឃិត​ជាមួយ​មន្ត្រី​ស្និទ្ធ​នឹង​ខ្លួន​បំប៉ោង​តួលេខ​ចំណាយ ហើយ​ឯកសារ​មួយចំនួន​មានតែ​គម្រោង​សម្រាប់​ប្រមូល​លុយ​មក​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​បំផុត​។

តាម​ការអះអាង​របស់​មន្ត្រី​មន្ទីរ​ប្រៃសណីយ៍​ខេត្ត​កែប បាន​ឲ្យ​ដឹង​ទៀតថា រាល់​ចំណូល​របស់​មន្ទីរ​ត្រូវបាន​លោក សាម ណូ​ក ប្រមូលយក​មួយផ្នែកធំ​សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន ចំណែក​អនុប្រធាន​មន្ទីរ​ខ្លះ​រកតែ​លុយ​ហូប​គុយទាវ​និង​ផឹក​កាហ្វេ​មិនបាន​ផង​។ ហេតុនេះហើយ​ទើប​មន្ត្រីរាជការ​មន្ទីរ​ប្រៃសណីយ៍​ខេត្ត​កែប លាតត្រដាង​រឿងអាស្រូវ​ពុករលួយ​របស់លោក សាម ណូ​ក ជា​សាធារណៈ ដើម្បី​ឲ្យ​លោក ត្រាំ អ៊ីវតឹក ដែល​ទទួល​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​នាពេល​ឆាប់ៗ​ខាងមុខនេះ ចាត់វិធានការ​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​។ ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រោយពេល​ទទួលបាន​ព័ត៌មាន​នេះហើយ គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​លោក សាម ណូ​ក បំប៉ោង​តួលេខ​ចំណាយ​ដើម្បី​កេងប្រវ័ញ្ច​ថវិការដ្ឋ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​តាម​អំពើ​ចិត្ត​ទៀត​៕

4លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ