បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ពុំមាន​ប្រសិទ្ធភាព​ឡើយ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម បង្ក្រាប​តែ​ប្រជាពលរដ្ឋ​ដែល​ដឹកអុស​ដឹក​ធ្យូង​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ធំៗ​ដែល​ដឹកឈើ​ប្រណីត​ឬ​ឈើ​ប្រភេទ​លេខ​១​យ៉ាង​អនាធិបតេយ្យ​ពុំមាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។

កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​២​កន្លែង​នៅ​ភូមិ​ស្រែ​កិន​១ ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ហើយ​រឹបអូស​វត្ថុតាង​មួយចំនួន​។ ក្នុងនោះ​សមត្ថកិច្ច​រឹបអូស​ឈើ​ចំនួន​៨១​ដុំ​ដែលជា​ប្រភេទ​ឈើរា​ជ​ថ្កុ​ល​ដែលមាន​មុខកាត់​៤០​ស​.​ម គុណ​នឹង​៤០ និង​មុខកាត់​៤០​ស​.​ម គុណ​នឹង​៦០​មាន​បណ្ដោយ​២​ម៉ែត្រ​ទៅ​៦​ម៉ែត្រ​។ ក្រោយពេល​បង្ក្រាប​រួច​វត្ថុតាង​ទាំងនេះ​ត្រូវបាន​ប្រគល់​ឲ្យ​មន្ត្រី​បរិស្ថាន យកទៅ​រក្សាទុក​ដើម្បី​ចាត់វិធានការ​តាមច្បាប់​នៅពេល​ក្រោយ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​ថា ការបង្ក្រាប​របស់​សម​ត្ថ​កិច្ច​មាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​ឈ្មួញ​ធំៗ​ដែលមាន​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​មិនដែល​ឃើញ​ប្រឈម​នឹង​ការបង្ក្រាប​ឡើយ​។

មន្ត្រីរាជការ​ក្នុង​ខេត្តកំពង់ស្ពឺ ក៏បាន​លើកឡើង​ដែរ​ថា​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្ត​នេះ នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​ឈើ​ដែល​នៅ​សេសសល់​ក្នុងព្រៃ​នៃ​ស្រុក​ភ្នំស្រួច និង​ស្រុក​ឱ​រ៉ា​ល់ ត្រូវ​ប្រឈម​នឹង​ការកាប់បំផ្លាញ​ជា​បន្តបន្ទាប់​។ ប្រភព​ជាច្រើន​បាន​ឲ្យ​ដឹងថា ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ភ្នំស្រួច និង​ស្រុក​ឱ​រ៉ា​ល់ ទាល់តែ​មានការ​ឃុបឃិត​បើកដៃ​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ទើប​អាច​ដំណើរការ​ដោយ​រលូន​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹងថា ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ កំពុងតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ដូច្នេះ​ក្រសួងកសិកម្ម និង​ក្រសួងបរិស្ថាន គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​៕

11703073_467215940150180_4413424455973676269_n 04d008fc988ef4268c7b99b88ffdb911