បទល្មើស​នេសាទ​នៅ​តំបន់​ទន្លេសាប​ព្រំប្រទល់​ខេត្តពោធិ៍សាត់ និង​កំពង់ឆ្នាំង កើតឡើង​យ៉ាង​រាលដាល​

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ជាប់​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា បទល្មើស​នេសាទ​ក្នុង​មូលដ្ឋាន​ពួកគាត់​នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បទល្មើស​កាប់​ព្រៃ​លិច​ទឹកជា​ជម្រក​ត្រី​ពង​កូន​យកមក​ធ្វើជា​សម្រាស់​ដាក់​ក្នុង​ព្រែក និង​ផ្ទៃ​បឹង​ដើម្បី​ហ៊ុមព័ទ្ធ​អួន​ចាប់យក​ត្រី​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល និង​មន្ត្រី​អាជ្ញាធរ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

ប្រជា​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា ក្រុម​ជនល្មើស​បាន​កាប់​ព្រៃ​លិច​ទឹក​យកមក​ធ្វើជា​សម្រាស់​ដាក់ចូល​ក្នុង​ព្រែក​ក្នុង​បឹង​ជាច្រើន​កន្លែង​នៅ​ចំណុច​ព្រែក​អ្នកតា​ស្ដេច​ក្មេង ព្រែក​កំពង់​ស្ទឹង ជាប់​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង ក្នុងភូមិ​កំពង់​ថ្គោល ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ជាប់​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង​។ ក្រុម​ជនល្មើស​បានដាក់​សម្រាស់​ស្ទើរ​ពាសពេញ​ផ្ទៃ​ព្រែក​ស្ទើរតែ​គ្មាន​ផ្លូវ​សម្រាប់​បើ​ទូក​កាណូត​ឆ្លងកាត់​ទៅមក​។ បញ្ហា​នេះ​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​ក្រគរ បានដឹង​យ៉ាងច្បាស់​ប៉ុន្តែ​ទំនង​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទើប​ពួកគេ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​។ សូម្បីតែ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​មេ​រដ្ឋបាល​ជលផល​ខេត្ត​នេះ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​ផលប្រយោជន៍​ដែរ​។

ប្រជា​នេសាទ​ក្នុង​ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ឈ្មោះ ក្ដី គឺជា​អ្នករត់​ការប្រមូល​លុយ​ពី​ជនល្មើស យកទៅ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប​ពួកគេ​អាច​កាប់​ព្រៃ​លិច​ទឹក​ធ្វើជា​សម្រាស់​ហើយ​ហ៊ុម​អួន​ចាប់​ត្រី​ស្រេច​តែ​អំពើ​ចិត្ត​។ បញ្ហា​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរពិនិត្យមើល​និង​ចាត់វិធានការ​ទប់ស្កាត់​ផងដែរ ព្រោះ​បច្ចុប្បន្ន​ព្រៃ​លិច​ទឹក​មាត់បឹង​ទន្លេសាប​ក្នុងស្រុក​ក្រគរ កំពុង​ប្រឈម​នឹង​ការកាប់បំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​តែម្តង​។ ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​ក្រគរ និង​គ្មាន​ការបើក​ដៃ​ពី​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់​ទេនោះ គឺ​ក្រុម​ជនល្មើស​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ​៕

IMG_0149 IMG_0146 IMG_0148