មាន​ភាពមិនប្រក្រតី​ក្នុងករណី​យក​ដី​ព្រលានយន្តហោះ​ខេត្តព្រះវិហារ​ច្រៀក​ចែកគ្នា​

សកម្មជន​ដីធ្លី​នៅ​ខេត្តព្រះវិហារ​បាន​រាយការណ៍​នៅ​ដើម​សប្តាហ៍​នេះ​ថា​មាន​ភាពមិនប្រក្រតី​ជាច្រើន​ជុំវិញ​ករណី​យក​ដី​ព្រលាន​យន្ត​ខេត្តព្រះវិហារ​ច្រៀក​ចែកគ្នា​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ការបែងចែក​ដី អភិបាលក្រុង​ព្រះវិហារ​លោក នុត សុភ័ណ ទទួលបាន​ទំហំ ១ ២០០ ម៉ែត្រការ៉េ ហើយ​បច្ចុប្បន្នកំពុង​សង់ផ្ទះ​លើដី​នោះ​ចាប់តាំងពី​ខែ​មុន​មក​។​

អាជ្ញាធរ​ក្រុង និង​ខេត្តព្រះវិហារ​ត្រូវគេ​ដឹងថា​ជា​តួអង្គ​សំខាន់​ក្នុងករណី​ពុះ​ច្រៀក​ចែកគ្នា​ក្នុងនោះ​មួយកន្លែង​កំពុងតែ​ត្រូវ​លោក​អភិបាលក្រុង​យកទៅ​សាង​សង់ផ្ទះ​ផ្ទាល់ខ្លួន និង​ដី​មួយចំនួន​កំពុងស្ថិត​ក្នុងស្ថានភាព​ប្រទាញប្រទង់​ដែល​គេ​សង្ស័យ​ចែកគ្នា​មិន​ស្មើ​ទើប​បង្ក​ឲ្យ​មាន​ផ្ទុះ​រឿងអាស្រូវ ហើយ​បាននិងកំពុង​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ខេត្តព្រះវិហារ​។​

​លោក​អភិបាលក្រុង​ព្រះវិហារ លោក នុត សុភ័ណ ត្រូវគេ​បង្ហើប​ថា​ទទួលបាន​ដី​ទំហំ ៣០ គុណ ៤០ ម៉ែត្រ ហើយ​ក្រៅពីនោះ​ដី​ត្រូវគេ​ពុះ​បោះបង្គោល​ចែកគ្នា​ប្រមាណ​ជា ៤០ ឡូត៍ នេះ​ជាការ​បង្ហើប​របស់​មន្ត្រី​រាជការ​បម្រើ​ការងារ​នៅ​សាលាក្រុង​ព្រះវិហារ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ដី​កន្លែង​នោះ​ត្រូវបាន​គេ​លក់​ពី ៥ ទៅ ៦ ពាន់​ដុល្លារ​ក្នុង​ទទឹង ១ ម៉ែត្រ​បណ្តោយ​ពី ៣០ ទៅ ៥០ ម៉ែត្រ​ដែល​បង្ហាញថា​ដី​ព្រលានយន្តហោះ​មានតម្លៃ​ខ្ពស់​គួរសម បើ​ប្រៀបធៀប​នឹង​តម្លៃ​ទីផ្សារ​។​

​ប្រជាពលរដ្ឋ​ខេត្តព្រះវិហារ បាន​បញ្ជាក់ថា មាន​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ប្រតិកម្ម​ខ្លាំងៗ​ទៅនឹង​លោក នុត សុភ័ណ អភិបាលក្រុង​ព្រះវិហារ និង​បក្ខពួក​តែ​ពួកគាត់​មិន​ហ៊ាន​ចេញមុខ​តវ៉ា​ទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មិនគួរណា​ដី​តារាង​យន្តហោះ​ស្រាប់​តែមាន​មន្ត្រីក្រោមឱវាទ​របស់ អភិបាលខេត្ត និង​ក្រុង​ព្រះវិហារ កាន់កាប់​រំលោភ​យក​ដី​រដ្ឋ​ស្ទើរ​អស់​គ្មាន​សល់​នោះទេ​។​

ជុំវិញ​បញ្ហា​ខាងលើ លោក កុក ឈួន ចៅសង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ បាន​ឲ្យ​ដឹងថា​ដី​នោះ​គឺ​គ្រាន់តែ​សម្រាប់​កន្ទុំរុយ ឬ​អ៊ី​លី​កូ​ទាហាន​ចុះចត​កាលពី​សម័យ​សង្គ្រាម ឬ​សម័យ​កុ​ម្មុយ​និ​ស្ត​ប៉ុណ្ណោះ​។ យ៉ាងណាក្តី​ប្រជាពលរដ្ឋ​ក្រុង​ព្រះវិហារ បាន​រិះគន់ថា បើទោះជា​ដី​ព្រលានយន្តហោះ​ត្រូវបាន​ផ្ទេរ ឬ​ចែកចាយ​ទៅណា ក៏​គួរ​ស្ថិតក្នុង​ក្របខ័ណ្ឌ​ច្បាប់ មាន​តម្លាភាព និង​បម្រើ​ផលប្រយោជន៍​រួម​របស់​សង្គម និង​ប្រជាពលរដ្ឋ ដូច្នេះ​មិនត្រូវ​ច្រៀក​ដី​ចែកគ្នា​ស្ងាត់ៗ​នោះទេ​៕

5-Road