​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់ទុក​រឿង​៣​សំខាន់ៗ​ថា​ជា​អាយុជីវិត​ជាតិ​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានចាត់ទុក​រឿង​បី​សំខាន់ៗ​ថា​ជា​អាយុជីវិត​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​។ រឿង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់ទុកថា មាន​ប្រយោជន៍​សម្រាប់​ប្រទេសជាតិ ហើយ​គួរ​យកមក​និយាយ គឺ ៖ ទី​១- រឿង​ដែល​ប៉ះពាល់​ដល់​អាយុជីវិត ឬ​សេរីភាព របស់​ប្រជាពលរដ្ឋ ទី​២- រឿង​ដែល​ប៉ះពាល់​ដល់​ទ្រព្យសម្បត្ដិ​ជាតិ ឬ​ថវិកាជាតិ​ដែល​បានមកពី​ញើស​ឈាម​ប្រជារាស្ដ្រ​ទាំងមូល និង​ទី​៣- រឿង​ដែល​ប៉ះពាល់​ដល់​ការគោរព ឆន្ទៈ​ប្រជារាស្ដ្រ ពីព្រោះ​អ្នកដឹកនាំ​ទុច្ចរិត បំភ្លៃ​ឆន្ទៈ​ប្រជារាស្ដ្រ តាមរយៈ​សន្លឹកឆ្នោត​ក្លែងក្លាយ ឬ Like ក្លែងក្លាយ ដើម្បី​បន្ត​ប្រើ​អំណាច​ផ្ដាច់ការ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ពន្យល់ថា​នៅក្នុង​រោងចក្រ ឬ រោង​ជាង​បង្កើត Like ក្លែងក្លាយ (Click-farm) នៅ​ប្រទេស​ឥណ្ឌា អ្នក​ដែល​គេ​ជួល​អោយ Like នោះ មិនមែន​សុទ្ធតែ​មនុស្ស​ទេ ភាគច្រើន​ជា​ខ្មោច គឺ គណនី​ក្លែងក្លាយ (Fake account)​។ គណនី​ក្លែងក្លាយ​នីមួយៗ មានតែ​ឈ្មោះ​ទេ ដែល​គេ​ប្រើ ដើម្បី​ចុច Like តែ​គ្មាន​មនុស្ស​មែនទែន ដែលមាន​ឈ្មោះ​ដូច​គេ​ប្រើ​នោះទេ​។ ក្នុង Click-farm នោះ មនុស្ស​មែនទែន​តែ​ម្នាក់ អាចបង្កើត​គណនី​ក្លែងក្លាយ និង​ផ្ដល់ Like ក្លែងក្លាយ រាប់រយ រាប់ពាន់​។ មនុស្ស​មែនទែន ១០០​នាក់ អាច​ផ្ដល់ Like ក្លែងក្លាយ រាប់ម៉ឺន រាប់សែន អាច​ចូលដល់​លាន​ផង​។ ថៅកែ Click-farm អាច​រកលុយ​បាន​ច្រើនណាស់ ពីព្រោះ Like បែបនេះ លក់បាន​ថ្លៃ​គួរសម​លើ​ទីផ្សារ​។​

​គួរ​បញ្ជាក់ថា កន្លងមក លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រំលឹក​ពី​ការ​មាន​ធ្លាយ​ព័ត៌មាន​មួយ តាមរយៈ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ស្តីអំពី Likes (​មតិ​ចូលចិត្ត​) ក្លែងក្លាយ លើ​ទំព័រ Facebook របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ Likes មួយចំនួនធំ ដែល​បង្ហាញ​លើ​ទំព័រ​នេះ គឺ​បានមកពី​ការទិញ ឬ​ជួល​មនុស្ស​ក្រីក្រ ដែល​អត់​ការងារ​ធ្វើ ឲ្យ​បង្កើត accounts (​គណនី​) Facebook ក្លែងក្លាយ ដើម្បី​ផ្តល់ Likes សិប្បនិម្មិត ក្លែងបន្លំ ជូន​សម្តេច​។ អ្នក​ដែល​គេ​ជួល​ឲ្យ​ធ្វើបែបនេះ មាន​ចំនួន​ច្រើនជាងគេ​នៅ​ប្រទេស​ឥណ្ឌា និង ប្រទេស​ហ្វីលីពីន​៕

20016_481476ab-d33e-4346-a284-4f11d20736b0 1544484_1064228360300563_1999612329723480454_n 1924664_1064225783634154_1922758120175238621_n 10406520_1065500653506667_5018504560645236690_n 12313738_1064227610300638_205534434569519119_n