លោក សម រង្ស៊ី បន្ត​រិះគន់​កំហុស​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​ដឹកនាំ​ដែល​នាំ​ឲ្យ​មាន​វិបត្តិ​ក្នុងសង្គម​

​ក្នុងពេលដែល​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​ប្រទេស​កម្ពុ​ជាជាង​៣០​ឆ្នាំ​មកនេះ​បង្ក​ជា​បញ្ហា​សេដ្ឋកិច្ច និង​សង្គម​យ៉ាង​ស្មុគស្មាញ​នោះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​រិះគន់​រដ្ឋាភិបាល​ដែល​អសមត្ថភាព​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្មីៗ​នេះ​បាន​រិះគន់ថា​ឥឡូវនេះ​ជន​ផ្តាច់ការ​អ្នក​បំផ្លាញ​ជាតិ អ្នកធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ ជាពិសេស​កសិករ​ខ្មែរ​ទូទាំងប្រទេស​រង​ទុក្ខ​យ៉ាងខ្លាំង​ដែល​ប្រមូល​ផលដំណាំ​ទៅ​លក់​នៅ​ផ្សារ​ក្នុងតម្លៃ​ទាប​ខាត​រាល់​ឆ្នាំ​។ កសិករ​ជាប់បំណុល និង​អស់សង្ឃឹម​។ កសិករ​ភាគច្រើន​បានធ្វើ​ចំណាកស្រុក​ទៅ​ថៃ និង​ប្រទេស​ផ្សេងៗ​ទៀត​។​

លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា មិនដែល​មាន​ទេ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែលមាន​ពលករ កម្មករ កសិករ រាប់សែន​នាក់​ត្រូវ​ចំណាកស្រុក​ទៅធ្វើ​ពលករ​នៅ​ប្រទេស​សៀម​ជា​បន្តបន្ទាប់​ដែល​ធ្វើ​ឲ្យ​ភូមិ ស្រុក តាម​ទីជនបទ​ប្រែក្លាយ​ជាទី​ស្ងាត់ជ្រងំ​។ ដោយសារតែ​ការ​អសមត្ថភាព​របស់​រដ្ឋា​ភិ​បាល​ក្នុង​ការដឹកនាំ​សេដ្ឋកិច្ច និង​សង្គម​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់តែ​ក្រីក្រ ហើយ​នយោបាយ​រដ្ឋាភិបាល​បច្ចុប្បន្ន​គឺ​បរាជ័យ​មិន​ខ្វល់​ព្រងើយកន្តើយ អសមត្ថភាព ធ្វើឱ្យ​ប្រទេស​ខ្ទេចខ្ទី​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ដែរថា គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​សហគមន៍​អន្តរជាតិ​រហូតមកទល់​ពេលនេះ​គឺ​ល្អ​។ សហគមន៍​អន្តរជាតិ​បានដឹង​ពី​ប្រទេស​ខ្មែរ​ទាំងអស់​។ លោក កឹម សុខា បន្តថា គេ​បានដឹង​ពី​អំពើពុករលួយ​ភាព​ផ្តាច់ការ ការបំផ្លិចបំផ្លាញ​សម្បត្តិ​ធម្មជាតិ ការរំលោភ​សិទ្ធិមនុស្ស​គេ​បានដឹង​ទាំងអស់​។​
​ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅ​ខេត្តពោធិ៍សាត់​ថា​នៅក្នុង​ឆ្នាំ ២០១៧ ខាងមុខ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួលបាន​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់ និង ឆ្នាំ​២០១៨ ជ័យជំនះ​យ៉ាងច្បាស់​លាស់​នឹង​ទទួលបាន ជោគជ័យ ១០០ ភាគរយ​ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ ។

​លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា គោលនយោបាយ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ គឺ​វិធាន​ការដែល​យើង​នឹង​ចាត់ នយោបាយ​ថ្មី ដែល​យើង​នឹង​ដឹកនាំ ដើម្បីឱ្យ​មានការ​ផ្លាស់ប្តូ​រ ផ្លាស់ប្តូរ​ជា​វិជ្ជមាន ឱ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​កាន់តែ​ទូលំទូលាយ ឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​កាន់តែ​ធូរធារ ឱ្យ​ប្រទេស​យើង​មាន​លក្ខណៈ​កាន់តែ​ជឿនលឿន ឱ្យ​ប្រជាធិបតេយ្យ​កាន់តែ​រឹង​ម‍ាំ​៕

CNRP_2014_press_conference images​    ​