លោក ឆាយ បូ មេ​គយ​ច្រក​អន្តរជាតិ​ដូង និង​មន្ត្រី​ឆ្វេង​ស្តាំ ល្បី​ខាង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ពី​ប្រទេស​ថៃ​តាម​អំពើ​ចិត្ត​ដើម្បី​ប្រមូលប្រាក់​ក្រោម​តុ​ចែកគ្នា​ច្រក​ហោប៉ៅ​

​ខេត្តបាត់ដំបង​៖ មន្ត្រី​ពាក់ព័ន្ធ​ច្រក​អន្តរជាតិ​ដូង​ដែល​មិន​ពេញ​ចិត្តនឹង​អំពើ​រត់ពន្ធ​បាន​បង្ហើប​ថា មេ​គយ​ច្រក​ទា្វរ​អន្តរជាតិ​ដូង លោក ឆាយ បូ និង​មន្ត្រី​ស្និទ្ធ​ឆ្វេង​ស្តាំ​កំពុង​ប្រើ​ជំនាញ​ជួយ​សម្របសម្រួល និង​ចែចូវ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ​ឲ្យ​ស្ងប់ស្ងៀម បើក​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​គេចពន្ធ មកពី​ប្រទេស​ថៃ​តាម​អំពើ​ចិត្ត ដើម្បី​ប្រមូលប្រាក់​ក្រោម​តុ​ចែកគ្នា​ច្រក​ហោប៉ៅ ក្រោម​ការចាត់ចែង​រប​ប​កំណត់​បែងចែក​ពី​លោក​មេ​គយ ឆាយ បូ តម្រូវ​ឲ្យ តាម​តូច​តាម​ធំ ហើយ​បានធ្វើ​ឲ្យ​ឈ្មួញ​នាំ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញគេចពន្ធ​សប្បាយចិត្ត​សហការ​យ៉ាង​មមាញឹក​។ ប៉ុន្តែ​ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ករណីនេះ​គួរតែ​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរ​ចាត់វិធានការ​ធ្វើកំណែទម្រង់​សមត្ថកិច្ច​គយ​ច្រក​អន្តរជាតិ​ដូង​ដើម្បី​ពង្រីក​គោលដៅ​កំណើន​ចំណូល​ពន្ធ​ឲ្យ​មាន​ប្រសិទ្ធភាព​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ប្រសិនបើ លោក​មេ​គយ ឆាយ បូ ប្រពន្ធ​តាម​និតិ​វិធី​គយ ម្ល៉េះ​ប្រាក់​ពន្ធ​កើនឡើង​យ៉ាងណា​នោះទេ​។ តែ​ប្រភព​បាន​សម្តែង​ការហួសចិត្ត​ថា បច្ចុប្បន្ន​ជំនាញ​គយ​ច្រក​ទា្វរ​អន្តរជាតិ​ដូង​ទំនិញ​ហូរ​ចូល​មិនដែល​លស់​ពេល​ទាំងយប់​ទាំង​ថ្ងៃ តែ​ប្រាក់​ដែល​ត្រូវ​បង់ពន្ធ​មួយចំណែក​បានក្លាយ​ជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​របស់ លោក​មេ​គយ ឆាយ បូ និង​បក្ខពួក​។ ហើយ​ជាធម្មតា លោក ឆាយ បូ បាន​យក​ឥទ្ធិពល​ថ្នាក់លើ មក​បន្លាច​ក្រុម​ឈ្មួញ​ឲ្យ​បង់លុយ​ទៅតាម​ការទាមទារ ជា​ថ្នូរ​នៃ​ការសម្របសម្រួល ឲ្យ​មានការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ច្រក​ជ្រៃ​ធំ​ដោយ​រលូន​គ្មាន​ការត្រួតពិនិត្យ​ឆែកឆេរ​អ្វី​ឡើយ​សម្រាប់​ក្រុម​ឈ្មួញ​ដែលមាន​ការ​ត្រូវរ៉ូវ និង​ទំនាកទំនង​ល្អ​ជាមួយគ្នា​។ តែ​ចំពោះ​ប្រជាពលរដ្ឋ​ដឹកទំនិញ​បន្តិច​ប​ន្ទួ​ច​សម្រាប់​ដោះដូរ​បាយ​ប្រចាំថ្ងៃ មន្ត្រី​ឆ្វេង​ស្តាំ​របស់លោក​ឆាយ បូ កោសរូស​ទារប្រាក់​មិន​ញញើត​មាត់​ឡើយ សឹង​ពេលខ្លះ​ពួកគាត់​សុំ​គក់ខោអាវ​ឲ្យ​មន្ត្រី​គយ​ដូរ​បាយ​ទៅវិញ​ហើយ​។​

​បច្ចុប្បន្ន​ជំនាញ​គយ​ច្រក​ទា្វរ​អន្តរជាតិ​ដូង​បាន​ឃុបឃិត​ឲ្យ មាន​ការហូរចូល ហ្គាស គ្រឿងបន្លាស់​ម៉ូតូ និង​រថយន្ត បន្លែ​ផ្លែឈើ ត្រី​សាច់ គ្រឿងទេស គ្រឿង​កំប៉ុង និង​ម្ហូបអាហារ មាន​សារ​ធាតុគីមី តាម​ច្រក​ទា្វរ​អន្តរជាតិ​ដូង គ្មាន​ការត្រួតពិនិត្យ​ទេ​។ ប្រភព​បាន​បញ្ជាក់ថា ក្នុងចំណោម​មុខទំនិញ ដែល​បាន​រៀបរាប់​ខាងលើ ភាគច្រើន​មិនបាន​បង់ពន្ធ​ជូន​រដ្ឋ ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ហើយ​គេ​ដឹងថា ឈ្មួញ​បាន​ចែក​ភាគរយ នៃ​ផលចំណេញ​ជាមួយ​មន្ត្រី​ជំនាញ​គយ ជាប្រចាំ​។ ហើយ​នេះ​ជា​ប្រភព​ចំណូល​មិនធម្មតា សម្រាប់​ជំនាញ​គយ របស់លោក​មេ​គយ ឆាយ បូ និង​បក្ខពួក​។ ដែល​អាច​ប្រមូល​លុយ យកទៅ​ធ្វើ​មាន​ធ្វើបាន តាមរបៀប​ពុករលួយ មិន​ខ្វល់ខ្វាយ​ចំពោះ​គោល​ការ​កំណែទម្រង់​គយ ឬ​ការរិះគន់​អ្វី​ឡើយ​។ ចំពោះ​ការប្រមូល​ពន្ធ​ធ្វើឡើង​មិន​ប្រក្រតី​នេះ ទាមទារ​ឲ្យ​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា ធ្វើកំណែទម្រង់ លោក ឆាយ បូ ជាបន្ទាន់​៕

KA-21-03-2016-13

​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា

KA-21-03-201614