ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ថ្មី បន្ថយ​ក្រសួង​ចំនួន​១៥​ដើម្បី​«​សន្សំ​ថវិកាជាតិ​»

​នៅ​ដើម​ខែមេសា​ខាងមុខនេះ រដ្ឋាភិបាល​ថ្មី​មី​យ៉ាន់​ម៉ា ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ត្រៀម​កាន់តំណែង ធិ​ន ច នឹង​ផ្តើម​ដឹកនាំ​ក្បាលម៉ាស៊ីន​ថ្មី​ហើយ​។ នៅក្នុង​នីតិកាល​រដ្ឋាភិបាល​ថ្មី​នេះ ក្រសួង​ជាច្រើន​ត្រូវបាន​កាត់បន្ថយ​ពោលគឺ​ពី​៣៦​ឲ្យ​នៅត្រឹមតែ​២១​ក្រសួង​តែប៉ុណ្ណោះ ហើយ​មូលហេតុ​នៃ​ការបន្ថយ​នោះ ក៏ត្រូវ​បាន​លោក ធិ​ន ច ពន្យល់​យ៉ាងច្បាស់​ផងដែរ​។​

​លោក​ប្រធានាធិបតី​ត្រៀម​កាន់តំណែង ធិ​ន ច (Htin Kyaw) នៅ​ថ្ងៃ​ចន្ទ ទី​២១ ខែមីនា បានបង្ហាញ​មុខជា​លើកដំបូង​ក្នុង​តំណែង​ជា​ប្រធានាធិបតី​ថ្មី​នៅក្នុង​សភា​សភាព​មី​យ៉ាន់​ម៉ា​ដោយ​ភ្ជាប់​ជាមួយនឹង​សំណើ​នៃ​ការបង្កើត​ក្បាលម៉ាស៊ីន ឬ​គណៈរដ្ឋមន្ត្រី​ថ្មី​ផងដែរ​។ នាឱកាស​នោះ លោក ក៏បាន​ពន្យល់ និង បញ្ជាក់​ពី​មូលហេតុ​នៃ​ការកាត់បន្ថយ​ក្រសួង និង​រដ្ឋមន្ត្រី​នៅក្នុង​អាណត្តិ​ដឹកនាំ​របស់លោក​ផងដែរ​។

​លោក ធិ​ន ច បាន​សង្កត់ធ្ងន់ថា «​គណៈរដ្ឋមន្ត្រី​របស់លោក មានបំណង​ផ្តល់​អាទិភាព​គុណភាព​ជាជាង បរិមាណ​, ធានា​ឲ្យ​បាន​នូវ​ការមិន​មាន​អំពើពុករលួយ​នៅក្នុង​ស្ថាប័ន​សាធារណៈ​, ផ្តោត​សំខាន់​លើ​ផល ប្រយោជន៍​ជាតិ​, សន្សំ​ថវិកា​សាធារណៈ និង​បង្កើត​រដ្ឋាភិបាល​ដ៏​ខ្លាំង និង​មាន​ប្រសិទ្ធភាព​»​។​

​លោក បន្ថែមថា ការកាត់បន្ថយ​ក្រសួង​មួយចំនួន គឺ​ដើម្បី​សន្សំ​កញ្ចប់​ថវិការដ្ឋ​ប្រមាណ​៥​លាន​ដុល្លារ​ដោយ​យកទៅ​ប្រើប្រាស់​សម្រាប់​វិស័យ​អប់រំ សុខភាព និង​ការអភិវឌ្ឍ​ជនបទ​វិញ​។

​ជុំវិញ​ការកាត់បន្ថយ​ក្រសួង​នេះ កន្លងមក​មន្ត្រីជាន់ខ្ពស់​នៃ​បក្ស​ឈ្នះឆ្នោត​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី ក៏បាន​បញ្ជាក់​ផងដែរ​ថា នេះ​មិនមែន​មានន័យថា​ជាការ​កាត់បន្ថយ​ចំនួន​មន្ត្រីរាជការ​នៅក្នុង​សា្ថ​ប័ន​នីមួយៗ​នោះទេ​។ ក៏ប៉ុន្តែ​ក្រសួង​ខ្លះ​ត្រូវបាន​រួមបញ្ចូល​គ្នា ហើយ​ក៏មាន​ក្រសួង​ថ្មី​បង្កើតឡើង​ផងដែរ​។​

​បើទោះបីជា​សភា​មី​យ៉ាន់​ម៉ា បានអនុម័ត​ទទួលយក​សំណើ​នៃ​ការបង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី​របស់លោក ធិ​ន ច ក៏ដោយ បញ្ជីរាយនាម​ឈ្មោះ​នៃ​រដ្ឋមន្ត្រី​ដែល​នឹងត្រូវ​ទៅកាន់​ក្រសួង​ឬ​ស្ថាប័ន​ថ្មី​នីមួយៗ​នោះ​មិនទាន់​ត្រូវបាន​អនុម័ត​នៅឡើយ​នោះទេ​។ តែបើ​តាមរបៀប​វារៈរ​បស់​សភា​ដែល​បានប្រកាស​នៅ​ព្រឹក មិញ​នេះ បក្ស​ឈ្នះឆ្នោត នឹងដាក់​បញ្ជី​នោះ​នៅ​ថ្ងៃទី​២៤ ខែមីនា​ខាងមុខនេះ​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា រដ្ឋាភិបាល​ថ្មី​របស់លោក ធិ​ន ច នឹងត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី​០១ ខែមេសា​ខាងមុខ ដ៏​ខ្លី​នេះ​។ លោក ធិ​ន ច នឹង​ក្លាយជា​ប្រធានាធិបតី​ស៊ីវិល​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ មី​យ៉ាន់​ម៉ា​ក្នុង​រយៈពេល​៥​ទសវត្សរ៍​ចុងក្រោយ​នេះ​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​