តើ​មហាសេដ្ឋី​អង់គ្លេស​Richard Branson​មាន​ប្រវត្តិ​ និង ការ​ធ្វើ​អាជីវកម្ម​​ដូចម្ដេច​ខ្លះ​ក្នុង​ជីវិត​លោក?

លោក Richard Branson គឺ​ជា​មហាសេដ្ឋី ជំនួញ​សញ្ជាតិ​អង់គ្លេស ដ៏​ល្បីល្បាញ​មួយ​រូប ដោយ​លោក​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​តាម​រយៈ​ក្រុមហ៊ុន​វិនិយោគ​ចម្រុះ Virgin Group ក្នុង​នាម​លោក​ជា​ស្ថាបនិក។ លោក Richard Branson ជា​មនុស្ស​ដែល​មាន​ចិត្ត​ចង់​ក្លាយ​ជា​សហគ្រិន​តាំង​តែ​ពី​ពេល​លោក​នៅ​ជា​យុវវ័យ។ នៅ​ពេល​លោក​មាន​វ័យ ១៦ ឆ្នាំ​លោក​បាន​ធ្វើ​ជំនួញ​រក​ស៊ី​មួយ​ខាង​ផ្នែក​ទស្សនាវដ្ដី មាន​ឈ្មោះ​ថា Student។

 

នៅ​ក្នុង​ឆ្នាំ ១៩៧០ លោក​បាន​បើក​អាជីវកម្ម​មួយ​ខាង​ការ​កត់​ត្រា​ការ​ផ្ញើ​សារ​ រហូត​មក​ដល់ ឆ្នាំ ១៩៧២ លោក​បាន​បើក​អាជីវកម្ម​រក​ស៊ី​មួយ​ទៀត​ខាង​ការ​ថត​ចម្លង ដោយ​ដាក់​ឈ្មោះ​ថា Virgin Records នឹង​ក្រោម​មក​ទៀត​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា Virgin Megastores ដែល​ជា​អាជីវកម្ម​លក់​រាយ​ស្ទើរ​គ្រប់​ផលិត​ផល​ ដោយ​ទទួល​បាន​ជោគជ័យ​បំផុត​នៅ​ដើម​ទសវត្ស​ឆ្នាំ ១៩៨០ ហើយ​ចុង​ក្រោយ​មួយ​ទៀត​លោក​បាន​បើក​ក្រុមហ៊ុន​អាកាសចរណ៍​មាន​ឈ្មោះ​ថា Virgin Atlantic។ បច្ចុប្បន្ន​លោក Richard Branson ជា​មហាសេដ្ឋី សហគ្រិន វិនិយោគិន និង ជា​អ្នក​និពន្ធ​មួយ​រូប​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង ៥ ពាន់​លាន​ដុល្លារ។ តើ​មហាសេដ្ឋី​អង់គ្លេស​រូប​នេះ​មាន​ប្រវត្តិ​យ៉ាង​ដូចម្ដេច​ខ្លះ​នា​ពេល​កន្លង​មក។

 

លោក Richard Branson មាន​ឈ្មោះ​ពេញ​ថា Sir Richard Charles Nicholas Branson កើត​នៅ​ថ្ងៃ ០៨ កក្កដា ឆ្នាំ ១៩៥០ ក្នុង​សង្កាត់ Blackheath ទីក្រុង​ឡុងដុង លោក​ជា​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន​បី​នាក់​ មាន​ឪពុក​ជា​ចៅ​ក្រម។ លោក Richard Branson បាន​ចូល​រៀន​សាលា Scaitcliffe School ដែល​ជា​សាលា​រៀន​ត្រៀម​មួយ​ក្នុង​​តំបន់ Berkshire មុន​ពេល​លោក​ទៅ​ចូល​រៀន​នៅ​វិទ្យាល័យ Stowe School ប៉ុន្តែ​លោក​ត្រូវ​បោះ​បង់​ការ​សិក្សា​ត្រឹម​ថ្នាក់​វិទ្យាល័យ ក្នុង​វ័យ ១៦ ឆ្នាំ​ ព្រោះ​លោក​រៀន​មិន​ឆ្លាត​ដូច​សិស្ស​ដទៃ ហើយ​លោក​ក៏​ត្រូវ​បាន​នាយក​គ្រប់​គ្រង​សាលា​ស្នើ​ឲ្យ​ឈប់​រៀន​ដែរ​ ដោយ​ណែ​នាំ​លោក​ឲ្យ​ទៅ​រក​ស៊ី​វិញ ទាំង​គ្រួសារ​របស់​លោក Richard Branson បាន​គាំ​ទ្រ​លោក​ចំពោះ​បំណង​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រក​ស៊ី។

 

លោក Richard Branson បាន​រក​ស៊ី​ដំបូង​គឺ​ការ​បោះ​ពុម្ព​ទស្សនាវដ្ដី​មាន​ឈ្មោះ​ថា Student ក្នុង​ព្រះ​វិហារ​មួយ​ ដោយ​លោក​បាន​សម្ភាសន៍​នូវ​បុគ្គល​ល្បីៗ​មួយ​ចំនួន​នៅ​អង់គ្លេស​ក្នុង​ការ​ចុះ​ផ្សាយ​លើ​ទស្សនាវដ្ដី Student របស់​លោក​ដោយ​លក់​បាន​តម្លៃ ៨ ០០០ ដុល្លារ​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ការ​បោះ​ពុម្ព​លើក​ទី​មួយ​ចំនួន ៥០ ០០០ ក្បាល ចែក​ដោយ​ឥត​គិត​ថ្លៃ​ក្រោយ​ពី​លោកRichard Branson ទទួល​ចំណូល​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម។ ក្រោយ​មក​លោក​ក៏​បាន​បើក​ក្រុមហ៊ុន​មួយ​មាន​ឈ្មោះ​ថា Virgin ដែល​ជា​ការ​ផ្ដល់​មតិ​យោបល់​ពី​ក្រុម​ការងារ​របស់​លោក​ ព្រោះ​វា​ជា​ក្រុមហ៊ុន​ថ្មី​មួយ​ក្នុង​អាជីវកម្ម។

 

លោក Richard Branson បាន​បើក​ហាង​​ថតសម្លេង​ក្នុង​តំបន់ Oxford Steet នា​ទីក្រុង​ឡុងដុង​ក្នុង​ឆ្នាំ ១៩៧២ មាន​ឈ្មោះ​ថា Virgin Records ជាមួយ​ដៃ​គូ​វិនិយោគ Nik Powell ដោយ​បាន​ទិញ​អគារ​មួយ​ធ្វើ​ជា​ស្ទូឌីយោ​ថត​សំឡេង​ ដោយ​មាន​តារា​ចម្រៀង​ល្បីៗ​មួយ​ចំនួន​មក​ប្រើប្រាស់​ស្ទូឌីយោ​របស់​លោក ដែល​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​ក្រុមហ៊ុន Virgin Records កាន់​តែ​មាន​ប្រជា​ប្រិយ​។ ក្រោយ​មក​ទៀត Virgin Records បាន​ទិញ​យក​ក្រុមហ៊ុន​ថត​សំឡេង​ជា​ច្រើន​នៅ​អង់គ្លេស​។ Virgin Records ក្រោយ​មក​ទៀត​បាន​ពង្រីក​ខ្លួន​ដោយ​មិន​ត្រឹម​ថត​សំឡេង​ប៉ុណ្ណោះ​ទេ​លោក​បាន​បង្កើត​ជា​ក្រុម​ការងារ​ថត​ខ្សែ​ភាព​យន្ត​រួម​ទាំង​ផ្តល់​សេវាកម្ម​ថត​កម្មវិធី​ទូរទស្សន៍ ទៀត​ផង​ ។

 

នៅ​ឆ្នាំ ១៩៨៤ លោក​បាន​លក់​នូវ​សាខា​ក្រុមហ៊ុន​ថត​សំឡេង​មួយ​ចំនួន​ចោល​ដោយ​លោក​បាន​យក​លុយ​ទាំង​នោះ​ មក​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​មាន​ឈ្មោះ​ថា Virgin Atlantic Airways នៅ​ឆ្នាំ ១៩៨៤ និង​បើក​ក្រុមហ៊ុន Virgin Mobile នៅ​ក្នុង​ឆ្នាំ ១៩៩៩ ផ្គត់​ផ្គង់​សេវាកម្ម​ ឧបករណ៍​ទំនាក់ទំនង​ឥត​ខ្សែ (Wireless Communications) ដែល​លក់​ទៅ​ពាសពេញ​ពិភពលោក​ ក្រុមហ៊ុន អាកាសចរណ៍ Virgin Blue មាន​មូលដ្ឋាន​នៅ​អូស្ត្រាលី ក្នុង​ឆ្នាំ ២០០០។ ក្រោយ​ពី​បើក​ក្រុមហ៊ុន​ហោះហើរ​លោក Richard Branson បាន​ទិញ​យក​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​អឺរ៉ុប​ជា​ច្រើន​ដូចជា Euro Belgian Airlines ដោយ​បាន​ប្ដូរ​ឈ្មោះ​ជា Virgin Express និង​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេងៗ​ជា​ច្រើន​ទៀត។

 

អាជីវកម្ម​ចុង​ក្រោយ​របស់​លោក Richard Branson គឺ​ក្រុមហ៊ុន Virgin Green Fund បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០០៧ ជា​ក្រុមហ៊ុន​វិនិយោគ​ បច្ចេកវិទ្យា​ស្អាត​ ពោល​គឺ​បច្ចេកវិទ្យា​កកើត​ឡើង​វិញ នៅ​អាមេរិក និង នៅ​អឺរ៉ុប។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: en.wikipedia.org, forbes.com,biography.com