តម្លៃ​ប្រេង​ទាប​ធ្វើ​ឱ្យ​ការ​វិនិយោគ​ជាស​កល​មានការ​ធ្លាក់​ចុះ

ប្រទេស​ថៃ ៖ ការ​ចំណាយ​មូលធន​សកល​បាន​ធ្លាក់​ចុះ​១០% ដោយសារ​តែ​ទំនិញប្រើប្រាស់​មាន​តម្លៃ​ទាប ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្លាក់​ចុះ​ត្រឹម​អត្រា​៤%​ក្នុង​ឆ្នាំ​២០១៦ និង​២%​នៅ​ឆ្នាំ​ក្រោយ​។ នេះ​បើ​តាម​ការ​ព្យាករ​របស់​Standard & Poor’s Ratings Services ។

សញ្ញា​វិជ្ជមាន​ដែល​បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​ឲ្យ​ដឹង​ថា កំណើន​មូលធន​ចំណាយ​ដែល​មិន​រាប់​បញ្ចូល​ថាមពល និង​វត្ថុធាតុដើម​នោះ ហាក់ដូចជា​នៅ​តែ​បង្ហាញ​កំណើន​វិជ្ជមាន​ដដែល ពោល​គឺ​ក្នុង​អត្រា​២% នៅ​ឆ្នាំ​នេះ ។

ការ​ពង្រីក​ទៅ​លើ​ចំណាយ​មូលធន​ក្នុង​វិស័យ​ត្រូវ​បាន​គេ​រំពឹង​ទៅ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​, រថយន្ត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​វិស័យ​ថែទាំ​សុខភាព ។ ប៉ុន្តែ​បើ​គិត​ជា​រួម​វិញ វា​បាន​ផ្តល់​ការ​លើកទឹកចិត្ត​តិចតួច​ប៉ុណ្ណោះ ដោយសារ​តែ​មានការ​ព្រួយបារម្ភ​ជា​ថ្មី​ពី​ការ​ផុយ​ស្រួយ​នៃ​សេដ្ឋកិច្ច​សកល និង​ការ​ចោទសួរ​ពី​ប្រសិទ្ធភាព​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារជាតិ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ ។

អគ្គនាយក​ជាន់ខ្ពស់់​នៃ​ក្រុមហ៊ុន Standard & Poor’sRatings Services លោក Gareth Williams បាន​មាន​ប្រសាសន៍​ថា ៖ « យើង​ព្យាករ​ថា ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន នឹង​កាត់​បន្ថយ​មូលធន​សកល​របស់​ពួក​គេ​ត្រឹម​២៤% នៅ​ក្នុង​ឆ្នាំ​២០១៥ និង​បន្ត​កាត់​បន្ថយ​១៥%​សម្រាប់​ឆ្នាំ​២០១៦ ។ ជាង​នេះ​ទៀត វិស័យ​រ៉ែ និង​ដែក ក៏​មានការ​ធ្លាក់​ចុះ​ស្រ​ដៀង​គ្នា​ដែរ ខណៈ​មូលធន​ចំណាយ​បាន​ធ្លាក់​ចុះ​២២%​នៅ​ឆ្នាំ​២០១៥ ហើយ​គេ​រំពឹង​ថា នឹង​បន្ត​ធ្លាក់​ចុះ​២០%​នៅ​ឆ្នាំ​នេះ ។ ជាក់ស្តែង ការ​ធ្លាក់​ចុះ​នេះ គឺ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ការ​ស្ទាបស្ទង់​មតិ​ក្នុង​ខែសីហា ឆ្នាំ​២០១៥ ទៅ​ទៀត » ។

៣២​ក្រុមហ៊ុន​នៅ​ក្នុង Global Capex 2000 សាកលលោក ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មានការ​វិនិយោគ​បន្ថែម​ក្រោម​ទឹកប្រាក់​១០​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ហើយ​២៥​ក្រុមហ៊ុន​ទៀត​ត្រូវ​រំពឹង​ថា ការ​ចំណាយ​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​៦​ខែ​កន្លង​មក ពោល​គឺ​ការ​ចំណាយ​មូលធន​លើក​ដំបូង​ត្រូវ​គេ​ព្យាករ​ថា ធ្លាក់​ចុះ​៥៨​ប៊ី​លាន​ដុល្លារ ពី​ទឹកប្រាក់​ចំនួន​៥៤៩​ប៊ី​លាន​ដុល្លារ ទៅ​៤៩១​ប៊ី​លាន​ដុល្លារ ។

លោក Gareth Williams  បន្ថែម​ថា ៖ « ការ​ធ្លាក់​ចុះ​នៃ​មូល​ចំណាយ​ទំនិញប្រើប្រាស់  និង​ការ​ផ្គត់ផ្គង់​លើស​កម្រិត នៅ​តែ​ជា​បញ្ហា​សម្រាប់​ឧស្សាហកម្ម​នាំ​ចេញ និង​ដែក។ ប្រាក់​ចំណូល​ទាប និង​និន្នាការ​បាន​ពន្យល់​ពី​កំណើន​ដ៏​ស្តួចស្តើង​នៃ​មូលធន​ចំណាយ​នេះ » ។

ការ​ធ្លាក់​ចុះ​ខ្សោយ​នៃ​មូលធន​ចំណាយ គឺជា​អភូតហេតុ​សកល ដែល​តំបន់​ទាំងអស់​បាន​ចុះ​កិច្ចសន្យា​មូលធន​ចំណាយ​ក្នុង​ឆ្នាំ​២០១៥ ។ ដោយឡែក មាន​តែ​ប្រទេស​ជប៉ុន​មួយ​ប៉ុណ្ណោះ ត្រូវ​គេ​រំពឹង​ថា នឹង​មាន​កំណើន​នៅ​ឆ្នាំ​២០១៦​នេះ​។

ដូច្នេះ និន្នាការ​ព្យាករ​ដែល​បាន​ឯកភាព​ព្រម​គ្នា នឹង​បន្ត​ធ្លាក់​ចុះ​នៅ​គ្រប់​តំបន់​ទាំងអស់ លើកលែងតែ​ប្រទេស​ជប៉ុន ។ និន្នាការ​នេះ​នៅ​តែ​មាន​អត្រា​ទាប​នៅ​អា​មេ​រិ​កឡា​ទី​ន ដោយ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ចុះ​ខ្សោយ​តម្លៃ​ទំនិញប្រើប្រាស់ និង​អត្រាកំណើន​សេដ្ឋកិច្ច ខណៈ​កំណើនសេដ្ឋកិច្ច​ចិន​បាន​កើនឡើង​តិចតួច ៕